រថយន្តដឹកទំនិញបើកដោយខ្លួនឯងបាននាអនាគតរបស់ Mercedes
ក្រុមហ៊ុន Mercedes ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីមួយរបស់ប្រទេសអាល្លឺម៉ង់បានធ្វើការបង្ហាញនូវគំរូរថយន្តដឹកទំនិញរបស់ខ្លួនដែលអាចបើកដោយដោយខ្លួនឯងបាន សម្រាប់រយៈពេល១០ឆ្នាំខាងមុខ។
អ្នកជំនាញបច្ចេកវិទ្យារបស់ក្រុមហ៊ុន Maercedes-Benz លោក Ralf Lamberti បាននិយាយអំឡុងពេលធ្វើការបង្ហាញពី បច្ចេកវិទ្យារថយន្តដែលបើកបរដោយខ្លួនឯងនៅតំបន់ប្រជុំក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ Silicon Valley សហរដ្ឋអាមេរិកថា៖ ” ឡានដឹកទំនិញប្រើច្រើននៅលើផ្លូវធំៗដែលចរាចរណ៍មិនសូវមមាញឹក (Free way) ជាកន្លែងបច្ចេកវិទ្យានេះ (បច្ចេកវិទ្យាបើកបរដោយខ្លួនឯង) ត្រូវបានអភិវឌ្ឍ និងគួរឲ្យទុកចិត្ត ដូច្នេះវាសមស្របដែលរថយន្តនេះអាចត្រូវដាក់ឲ្យបើកខ្លួនឯង។ ”
លោកក៏បានបន្ថែមទៀតដែរថា ៖ “វាត្រូវបានដំណើរការដោយគ្រឿងចក្រដ៏ធំ មានអ្នកបើកបរទទួលការបង្ហាត់បង្រៀនដ៏ជំនាញ និងជួយសន្សំសំចៃបានជាច្រើនក្នុងការចំណាយទៅលើប្រេងសាំងថែមទៀតផង។”
រថយន្តដឹកទំនិញ Mercedes-Benz ឆ្នាំ ២០២៥ មួយនេះមានបំពាក់ប្រព័ន្ធរ៉ាដា និងកាមេរ៉ាដែលអាចដឹងពី ចំណែកផ្លូវ យានជំនិះផ្សេងទៀតវ និងភ្លើងសញ្ញាចរាចរណ៍បានថែមទៀតផង។ ជាពិសេសទៅទៀតនោះ នៅពេលដែលប្រព័ន្ធរថយន្តកំពុងដំណើរការអ្នកបើកបរមិនចាំបាច់ប៉ះចង្កូត ជាន់ហ្វ្រាំង ឬដាក់លេខនោះទេ។ វាមានភ្ជាប់ផែនទី GPS ដែលវាជួយកំណត់ល្បឿន ដឹងទីទួលឬអត់ ដែលអាចប្តូរលេខដោយខ្លួនឯង និងជួយសន្សំសំចៃប្រេង។
ទោះជាយ៉ាងណា យានបើកបរដោយស្វ័យប្រវត្តិមួយនេះនៅតែត្រូវការអ្នកបើកបរនៅក្បែរ ព្រោះបើតាមច្បាប់ត្រូវតែមានអ្នកបើកបរម្នាក់នៅពីក្រោយដៃចង្កូតដើម្បីធានាសុវត្ថិភាព។
នៅពេលដែលបច្ចេកវិទ្យានេះដាក់ឲ្យដំណើរការ ក្រុមហ៊ុន Mecedes-Benz ជឿថា វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់អ្នកបើកបរផ្លូវឆ្ងាយ នៅលើផ្លូវហៃវ៉េឆ្លងទីក្រុង ដែលធ្វើឲ្យពួកគេមិនសូវអស់កម្លាំង និងចំណេញឥន្ធនៈទៀតផង។មកទល់នឹងបច្ចុប្បន្ន មានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះដូចជា Audi, BMW, Mercedes-Benz និងGoogle ដែលបានធ្វើតេស្តបច្ចេកវិទ្យាបើកបរដោយខ្លួនឯងនៅលើផ្លូវ ខណៈដែលក្រុមហ៊ុនជប៉ុន Toyota និងHonda សម្ងំផលិតបច្ចេកវិទ្យាស្រដៀងនេះដែរ។ចង់ដឹងថា វាដំណើរការយ៉ាងដូចម្តេច សូមទស្សនាវីដេអូខាងក្រោម៖