ខៃ ប្រសិទ្ធ រត់​ឡើង​យន្តហោះ​ទៅ​អូស្រ្តាលី​វិញ​ទាំង​ភ័យខ្លាច

11/27/2014 0 Comments A+ a-

ភ្នំពេញៈ មាន​ការ​អះអាង​ថា អតីត​តារាសម្តែង​ជើងចាស់​លោក ខៃ ប្រសិទ្ធ បាន​បញ្ចប់​ដំណើរ​មក​ស្នាក់នៅ​ស្រុកកំណើត​រួមរស់​ជួបជុំ​បងប្អូន និង​ម្តាយ​គ្មាន​ថ្ងៃ​កំណត់ ជាមួយ​នឹង​គម្រោង​មនុស្សធម៌​គ្មាន​ព្រំដែន ជួយ​ដល់​កុមារ​កំព្រា ជន​ចាស់ជរា​ទីទាល់ក្រ និង​អណ្តូង​ទឹកស្អាត​នៅ​តាម​តំបន់​ដាច់ស្រយាល​ទាំង​ភិតភ័យ ក្រោយ​ពេល​មាន​ការ​បាញ់ប្រហារ​លើ​ឧកញ៉ា​ម្នាក់​យ៉ាង​សាហាវ​ព្រៃផ្សៃ​នោះ។
យ៉ាងណា ការ​មក​សម្ងំ​រស់នៅ​ស្រុក​ខ្មែរ​របស់​លោក ខៃ ប្រសិទ្ធ នោះ​មិនមាន​ភាព​បើកចំហ​ឡើយ ដោយ​មាន​ការ​បង្ហើប​ពី​មិត្តភក្តិ​ថា គាត់​បារម្ភ​ពី​សុវត្ថិភាព ខ្លាច​រង​វាសនា​ដូច​ប្រពន្ធ​ជា​ទីស្រឡាញ់ អ្នកនាង ពិសិដ្ឋ ពិលីកា។
អ្វី​ដែល​រឹតតែ​ធ្វើឲ្យ​គេ​កត់សម្គាល់​ថា តារា​រូប​នេះ​ភិតភ័យ​តក់ស្លុត​នោះ គឺ​នៅ​ក្រោយ​មាន​ការ​បាញ់​សម្លាប់​មនុស្ស​ទាំង​ភ្នែក​ស្រស់​ទៅលើ​ឧកញ៉ា​ថៅកែ​ស៊ីម៉ងត៍ រូប​ពេជ្រ​នោះ លោក ខៃ ប្រសិទ្ធ បាន​បង្ខំ​ចិត្ត​រត់​ឡើង​យន្តហោះ​ទៅ​អូស្ត្រាលី​វិញ​ទាំង​ភ្នែក​នៅ​កញ្ចឹងក​ចោល​គម្រោង​មនុស្សធម៌​ជាច្រើន​ទៀត​នៅ​ស្រុក​ខ្មែរ​។
លោក សាវិន ហ្វីលីព ជា​តារា​ភាពយន្ត​ម្នាក់​គត់​ដែល​ទទួល​បាន​ការ​ទុកចិត្ត​ពី​លោក ខៃ ប្រសិទ្ធ និង​តែង​រួម​ដំណើរ​ជាមួយ​គ្នា​គ្រប់​ច្រកល្ហក បាន​ប្រាប់​មក​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «បង​សិទ្ធ ក្នុង​ដំណើរ​មក​រស់នៅ​ស្រុក​ខ្មែរ​នេះ បើ​ទោះ​ជា​មាន​ការ​ស្នើសុំ​ពី​អ្នកកាសែត​ក៏​គាត់​មិន​ហ៊ាន​ឲ្យ​ជួប​ដែរ ដោយសារ​តែ​គាត់​តែង​គិត​ពី​សុវត្ថិភាព​គាត់​»។
អ្នក​នាំពាក្យ​ដែល​ជា​ដៃគូ​មនុស្សធម៌​របស់​លោក ខៃ ប្រសិទ្ធ បាន​បន្ត​ថា៖​«ពេល​នេះ ខណៈ​មាន​ហេតុការណ៍​បាញ់ប្រហារ​លើ​លោក ឧកញ៉ា អ៊ឹង ម៉េងជឺ បង សិទ្ធ ដែល​អារម្មណ៍​គាត់​នៅ​ដិតដាម​រឿង​អតីតកាល​នៅ​ឡើយ​នោះ ហាក់​ធ្វើឲ្យ​គាត់​មាន​ការ​ភិតភ័យ​យ៉ាងខ្លាំង ពិសេស​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​គាត់​តែ​ម្តង ដល់​ថ្នាក់​រត់​ឡើង​យន្តហោះ​យ៉ាង​តក់ក្រហល់​ត្រឡប់​ទៅ​ប្រទេស​អូស្ត្រាលី​វិញ»។
លោក ហ្វីលីព បាន​បញ្ជាក់​ថា៖​ «សូម្បីតែ​ខ្ញុំ​ជា​មនុស្ស​ស្និទ្ធ​នឹង​គាត់ គាត់​ទុក​ចិត្ត​បំផុត​ក៏​សឹងតែ​មិន​បាន​ដឹង​ពី​ដំណើរ​វិល​ត្រឡប់​ទៅ​អូស្រ្តាលី របស់​គាត់​ផង​។ ខ្ញុំ​ដឹង នៅពេល​គាត់​ឡើង​យន្តហោះ​ទៅ​ហើយ​»។
លោក ហ្វីលីព បាន​ឲ្យ​ដឹង​ថា លោក ខៃ ប្រសិទ្ធ បាន​ទៅ​ចោល​គម្រោង​របស់​ខ្លួន​ជាច្រើន។ លោក​រៀបរាប់​ថា៖ «ក្រៅពី​គម្រោង​មនុស្សធម៌​ជួយ​ធ្វើ​សាលារៀន​នៅ​តាម​តំបន់​ដាច់ស្រយាល ដូចជា បាត់ដំបង សៀមរាប និង​ការ​សង់​អណ្តូង​ទឹកស្អាត​នោះ គាត់​ត្រូវ​ទៅ​ជួប​ក្មេងស្រី​នៅ​កោះកុង ដែល​ផ្ទុះ​មីន​ពិការ​ជើង​ទាំង​ពីរ និង​ត្រូវ​ទៅ​ជួប​ក្មេង​លួច​ដូង​នៅ​ព្រៃវែង​ម្តង​ទៀត តែ​ពេល​នេះ​គាត់​អត់​បាន​ធ្វើ​ទេ ព្រោះ​គាត់​ទៅ​បាត់​ហើយ»។
លោក ខៃ ប្រសិទ្ធ កាលពី​ដំបូង​ឡើយ​មាន​បំណង​ចង់​បាន​ក្មេងប្រុស​ម្នាក់ ដែល​លួច​ដូង​គេ ហើយ​ត្រូវ​ម្ចាស់​គេ​ចាប់​ជ្រមុជ​ទឹក​នោះ យក​ទៅ​រស់នៅ​អូស្រ្តាលី តែ​នៅពេល​មាន​សាលា​អន្តរជាតិ​មួយ គេ​ធានា​ចិញ្ចឹម​ហើយ​នោះ លោក​ក៏​បាន​ផ្តល់​ជា​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ​វិញ​។ ដោយឡែក​ក្មេងស្រី​ពិការជើង​ទាំង​ពីរ​នៅ​ខេត្ត​កោះកុង​ដោយសារ​ជាន់​គ្រាប់មីន​នោះ លោក​ក៏​ចង់​ទៅ​ជួប និង​ចង់​សុំ​ក្មេង​នោះ​ធ្វើ​កូនធម៌ ហើយ​ចង់​ឧបត្ថម្ភ​ប្រាក់​ចិញ្ចឹម​រូប​គេ​ដែរ តែ​នៅពេល​នេះ​មិន​ដឹង​នៅ​ឡើយ ព្រោះ​លោក​បាន​ឡើង​យន្តហោះ​ទាំង​មិន​បាន​ប្រាប់​។
នៅពេល​សួរ​ថា លោក ខៃ ប្រសិទ្ធ គាត់​ឡើង​យន្តហោះ​ទៅ​អូស្រ្តាលី​វិញ​បែប​នេះ តើ​គម្រោង​មនុស្សធម៌​ទាំងឡាយ​នៅ​តែ​បន្ត ឬ​យ៉ាង​ណា? ហើយ​ក្មេងៗ​ដែល​គ្រោង​ជួយ​នៅ​តែ​ជួយ​ឬ​យ៉ាង​ណា​នោះ លោក ហ្វីលីព បាន​ប្រាប់​ថា៖​«​រឿង​នេះ​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ដែរ ព្រោះ​ចាំ​មើល បង​សិទ្ធ គាត់​គិត​យ៉ាង​ណា​ដែរ ហើយ​ក៏​មិន​ដឹង​ថា ពេល​ខាង​មុខ គាត់​ហ៊ាន​ចុះ​មក​ស្រុក​ខ្មែរ​ទៀត ឬ​ក៏​អត់​ទេ​?»៕
_____________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍