ក្រមាបង់កខ្មែរកំពុងឡើងកូដក្លាយជា Fashion ស៊ីវិល័យនៅប៉ារីសប្រទេសបារាំង
យកទៅ បង់ក ក្រវាត់ចង្កេះ ទទូរឬជួតក្បាល ជាដើម គឺជារឿងធម្មតា និងជាវប្បធម៌ដ៏សាមញ្ញនិងយូរយារតាំងពីដើមមករបស់ប្រជាជនខ្មែរនៅតាមស្រុកស្រែចម្ការ។ ប៉ុន្តែអ្វីដែលពិសេសថ្មីនោះ ឥឡូវនេះ ក្រមាខ្មែរ បានក្លាយជាម៉ូដ Fashion សម្រាប់មនុស្សសម័យថ្មីនៅដែនដីទីក្រុង ប៉ារីស ប្រទេសបារាំង ទៀតផង។
គម្រោង “មរតកក្រមា ឬ Krama Heritage” កំពុងនាំ ក្រមាខ្មែរ ទៅផ្សព្វផ្សាយនិងលក់នៅឯដែនដីធ្លាក់ព្រិល សម្រាប់អ្នកនិយមស្តាយ៍ស៊ីវិល័យ ដោយការរំលេចចេញជាមួយមរតកវប្បធម៌ប្រជាជនខ្មែរ។ឥឡូវនេះ ក្រមាធ្វើពីអំបោះកប្បាសនិងជាទឹកដៃរបស់ប្រជាតម្បាញខ្មែរទាំងនេះ កំពុងដាក់លក់នៅ Galeries Lafayette បណ្ដោយវិថី Haussmann ទីក្រុងប៉ារីស។
លោក Raphael Bessis អ្នកបង្កើតគម្រោង Krama Heritage នាំកន្សែង ឬ ក្រមា ខ្មែរទៅកាន់ភាពទាន់សម័យរបស់យុវវ័យអឺរ៉ុបនោះថា ការងារនេះជាបេសកកម្មសម្រាប់វប្បធម៌ កម្ពុជា។ វាជាការបង្ហាញថាក្រមាខ្មែរ មានប្រើប្រាស់នៅក្រៅប្រទេស និងធ្វើឲ្យគេដឹងច្បាស់ថាតើក្រមាមានប្រភពពិតមកពីណា និង តំណាងឲ្យនរណា។
ក្រៅពីផ្សព្វផ្សាយវប្បធម៌ ក្រមាខ្មែរ និងបង្កើតទីផ្សារថ្មីឲ្យប្រជាតម្បាញ គម្រោង Krama Heritage ក៏ជាផ្នែកដែលជ្រោមជ្រែងហិរញ្ញវត្ថុដល់អង្គការ ដើម្បីភាពញញឹមនៃកុមារ ដែលកំពុងសង្គ្រោះកុមារក្រខ្សត់ខ្មែររាប់ពាន់នាក់នៅ កម្ពុជា។ ផលចំណេញពីការលក់នៅប៉ារីស នឹងច្រៀកដើម្បីសកម្មភាពមនុស្សធម៌របស់អង្គការជួយកុមារកម្ពុជាដ៏ធំមួយនេះ។
ក្រមាខ្មែរ ដែលកំពុងក្លាយជាគ្រឿង Fashion សម្រាប់យុវវ័យ ប៉ារីស មានដល់ទៅ៣ម៉ូដែល។ ម៉ូដែល Renaissance និងម៉ូដែលប្រពៃណី Traditional មាន៧ពណ៌ដូចគ្នា និងលក់ក្នុងតម្លៃ ៣៥អឺរ៉ូ ឬប្រមាណ ៤៣ដុល្លារ។ រាល់ការលក់ដាច់ក្រមាមួយ Krma Heritgate នឹងដក៣ដុល្លារ ដើម្បីទ្រទ្រង់សកម្មភាពរបស់អង្គការដើម្បីភាពញញឹមនៃកុមារ។
ឯម៉ូដែល Les Estivales វិញមានទំហំធំជាង ២ម៉ូដែលខាងលើបន្តិច ហើយក្រមា Les Estivales មួយមានតម្លៃ ៤៥អឺរ៉ូ ឬប្រមាណ ៦៥ដុល្លារ។ ៥ដុល្លារពីការលក់ Les Estivales មួយ នឹងបរិច្ចាគឲ្យ អង្គការសង្គ្រោះកុមារនៅកម្ពុជាដូចគ្នា។
អត្ថបទ៖ ប៉ែន សុផាន់ណា