ដល់វេន! នារីៗលុតជង្គង់ស្នើសុំមិត្តប្រុសជាមន្ត្រីប៉ូលីសរៀបការរួមគ្នាម្តងវិញ
ភ្ញៀវទេសចររាប់រយនាក់ នៅឯកន្លែងទេសចរណ៍ដ៏ស្រស់ត្រកាលមួយកន្លែង ក្នុងស្រុក Jiange ទីក្រុង Guangyuan ខេត្ត Sichuan (ចិន) បានធ្វើជាសាក្សីចំពោះផ្ទាំងទស្សនីយ៍ភាពដ៏កម្រនៅលើស្ពានអាកាសកញ្ចក់ កាលពីថ្ងៃម្សិលមិញ ខណៈដែលនារីវ័យ ៤ នាក់ បែរជាតុបតែងខ្លួនជាកូនក្រមុំយ៉ាងស្រស់ស្អាត លុតជង្គង់សុំមិត្តប្រុសជាមន្ត្រីប៉ូលីសរបស់ពួកនាង រៀបការជាក្រុមម្តងវិញនោះ ។
នាង Zhao Xiaofeng អាយុ ២៤ ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានថា បុរសទាំង៤នាក់នោះ គឺជាអ្នករួមការងារជាមួយគ្នា និងជាមិត្តភ័ក្តិដ៏ល្អផងដែរ ។ ហើយនាង និងនារីដទៃទៀត បានមានគ្រោងការរៀបចំបង្កើតព្រិត្តិការណ៍ស្នើសុំមិត្តប្រុសរៀបការរួមគ្នា នៅលើស្ពានអាកាសកញ្ចក់នេះ គឺដើម្បីបង្កឲ្យមានភាពសប្បាយ ភ្ញាក់ផ្អើល មុនទិវា Singles’ Day (១១ វិច្ឆិកា) ។
នាង Zhao និយាយថាៈ “He Tao (មិត្តប្រុសរបស់ Zhao) គឺជាអគ្គមេបញ្ជាការ១រូបនៅក្នុងក្រុមនេះ ។ គាត់បានប្រាប់នាងខ្ញុំថា មិត្តស្រីរបស់គាត់មុន បានចាកចេញពីគាត់ ព្រោះតែគាត់មិនអាចមានពេលច្រើននៅជាមួយនាង” ។ នាងបន្តថាៈ “ខ្ញុំយល់ពីទឹកចិត្តរបស់គាត់ ។ ខ្ញុំស្រឡាញ់គាត់ ។ ខ្ញុំចាកចោលការងារនៅ Chengdu កាលពីខែកក្កដា គឺដើម្បីគាត់ ។ ពួកយើងបានរស់នៅជាមួយគ្នាបានប្រហែល ៦ ខែ, ប៉ុន្តែ ពួកយើងកម្របានជួបគ្នាណាស់ ។ គាត់បានចាត់ទុកខ្ញុំជានារីស្អាត និងមានអត្តចរិកល្អម្នាក់ផងដែរ ។ ថ្ងៃនេះ ក៏ជាថ្ងៃដ៏រំភើបបំផុត សម្រាប់ពួកយើងទាំងអស់គ្នា ដែលបានរៀបការរួមគ្នាក្នុងថ្ងៃតែមួយ” ៕









