រដ្ឋ​មន្ត្រី​ពីរ​ក្រសួង​យល់​ព្រម​ឆ្លើយ​បំភ្លឺ​នៅ​សភា​ពី​បញ្ហា​គ្រប់​គ្រង​បរិស្ថាន​និង​ព្រៃ​ឈើ

11/12/2014 0 Comments A+ a-

ភ្នំពេញៈ ជា​ការ​ឆ្លើយ​តប​តាម​ការ​កោះ​ហៅ​របស់​ប្រធាន គណៈកម្មការ ទី៣ នៃ​រដ្ឋសភា រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន និង រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​យល់​ព្រម​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈកម្មការ​នេះ​នៅ​ឯ​វិមាន​រដ្ឋសភា​ដោយ​កំណត់​យក​ថ្ងៃ​ដាច់​ដោយ​ឡែក​ពី​គ្នា។
20141111_03
ព្រះសង្ឃ​បាន​បំបួស​ដើម​ឈើ​ដើម្បី​គេច​ពី​ការ​បំផ្លាញ​របស់​ក្រុម​ហ៊ុន​ចិន។ រូបថត សហការី
លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ ទី៣ នៃ​រដ្ឋសភា បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​លិខិត​កោះ​ហៅ​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន និង រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ មក​ឆ្លើយ​បំភ្លឺ​ទាក់​ទង​ទៅ​នឹង​ស្ថានភាព​នៃ​ការ​គ្រប់​គ្រង​បរិស្ថាន​និង​ព្រៃ​ឈើ។ លោក​បាន​ថ្លែង​ថា៖ «សាមី​ក្រសួង​ទាំង​ពីរ​បាន​យល់​ព្រម​ហើយ ដោយ​ក្រសួង​បរិស្ថាន​នឹង​មក​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈកម្មការ ទី៣ នៅ​វិមាន​រដ្ឋសភា​នៅ​ថ្ងៃ ទី២៤ វេលា ម៉ោង ៣ រសៀល​និង ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ មក​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃទី ២៧ នៅ​ពេល​រសៀល»។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា គណៈកម្មការ ទី៣ នៃ​រដ្ឋសភា បាន​ដាក់​លិខិត​កោះ​ហៅ រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន មក​ឆ្លើយ​បំភ្លឺ​ទាក់ទង​ទៅ​នឹង​ការ​គ្រប់​គ្រង​បរិស្ថាន​និង​ព្រៃ​ឈើ​នោះ​តាង​ពី​មុន​ថ្ងៃ​បុណ្យ​អុំ​ទូក​មួយ​ថ្ងៃ។ លោក​ថ្លែង​ថា៖ «យើង​សួរ​គាត់​ទាក់​ទង​ទៅ​នឹង​ការ​គ្រប់​គ្រង​បរិស្ថាន ប៉ុន្តែ យើង​នឹង​ផ្តោត​ទៅ​លើ​វារី​អគ្គិសនី​នៅ​អារ៉ែង»។
សូម​រំឭក​ផង​ដែរ​ថា កាល​ពី​ដើម ខែ​តុលា បើ​តាម​ការ​អះអាង​របស់​លោក សម រង្ស៊ី ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​ក្នុង​សភា​បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់​ថា គម្រោង​វិនិយោគ​វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស​នោះ​នឹង​មិន​ត្រូវ​អនុវត្ត​ទេ​នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ ទី៥ នេះ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បដិសេធ​អត្ថាធិប្បាយ​កាល​ពី​ម្សិល​មិញ។ ចំណែក ឯ​លោក ថន សារ៉ាត ប្រធាន​ផ្នែក​រដ្ឋបាល​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ក៏​បាន​បដិសេធ​ធ្វើ​ការ​អត្ថាធិប្បាយ​ដែរ ដោយ​លោក​មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ទាក់​ទៅ​នឹង​ការ​រត់​សំបុត្រ​ចេញ​ចូល​នោះ​ទេ។
ចំណែក​ឯ​លោក សៅ សុភាព មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ពុំ​អាច​ទាក់​ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ ពី​ម្សិល​មិញ។
កាល​ពី​ថ្ងៃ ទី៣០ ខែ​កញ្ញា លោក អ៊ិត ប្រាំង រដ្ឋ​លេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដោយ​បាន​បដិសេធ​ថា គម្រោង​វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង ក្នុង ខេត្ត​កោះកុង នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ព្រៃ​ឈើ រាប់​ម៉ឺន​ហិកតា ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នោះ​ទេ ពីព្រោះ​គម្រោង​នោះ​ស្ថិត​នៅ​ក្នុង​ដំណាក់​ការ​សិក្សា​នៅ​ឡើយ ហើយ​ក្រសួង​នេះ​នៅ​តែ​រក្សា​ជំហរ​បន្ត​គម្រោង​អភិវឌ្ឍន៍​ទំបន់​វារី​អគ្គិសនី​នេះ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង ឆ្នាំ​២០២០៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍