បុគ្គលិក​ចំការ​អំពៅ​ជនជាតិ​ចិន បើកឡាន​ក្រឡាប់​ចូល​ទឹកស្រះ លង់​ស្លាប់​ទាំង ៣​នាក់​

11/12/2014 0 Comments A+ a-

ខេត្តព្រះវិហារ ៖ គ្រោះ​ថ្នាក់​​ចរា​ចរ​​មួយ បាន​កើត​​ទ្បើង នៅ​​ចំ​ណុច​​ផ្លូវ​​កោង ចូល​ទៅ​​ចំ​ការ​​អំ​ពៅ កាល​ពី​​វេ​លា​​ម៉ោង ១​​រសៀល​ ថ្ងៃ​ទី​​០៨ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៤ ស្ថិត​នៅ​​ភូមិ​​ពោធិ៍​​ទាប ឃុំ​​ម្លូរ​​ព្រៃ​​២ ស្រុក​​ឆែប ជាប់​​ព្រំ​ប្រ​ទល់ ស្រុក​​ត្បែង​មាន​ជ័យខេត្តព្រះវិហារ បណ្តាលអោយ​ជនជាតិ​ចិន ៣​នាក់ ជា​បុគ្គលិក​ក្រុមហ៊ុន​ចំការ​អំពៅ បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ក្រឡាប់​រថយន្ដ ចូល​ស្រះ​ទឹក​ជ្រៅ ហើយ​សមត្ថកិច្ច ដែល​បាន​ចូលរួម ចុះទៅ​អង្កេត​ដល់​កន្លែងកើតហេតុ បានអោយដឹងថា គ្រោះថ្នាក់​ចរាចរ​ដ៏​អាក្រក់​នេះ បណ្ដាលមកពី តៃកុង​រថយន្ដ មានការ​ធ្វេសប្រហែស​បើកបរ​ក្នុង​ល្បឿន​លឿន នៅ​ចំណុច​ផ្លូវ​កោង​ខ្លាំង​។​
​គ្រោះថ្នាក់​នេះ បណ្តាលអោយ​អ្នកជិះ ក្នុង​រថយន្ដ​ចំនួន ៣​នាក់ លង់ទឹក​ស្លាប់​ទាំងអស់គ្នា ដោយសារ​នៅ​ដាច់​ឆ្ងាយ​ពី​ភូមិ គ្មាន​អ្នកណា​ជួយសង្គ្រោះ ទាន់ពេល​វេលា​។ សព​ជន​ជាតិចិន​ទាំង ៣​នាក់ ត្រូវបាន​ដឹក​តាម​រថយន្ដ​បែន យកមក​តម្កល់ទុក នៅ​វត្ត​ប្រាសាទគោក​បេង ក្នុង​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ កាលពី​វេលា​ម៉ោង ៤​រសៀល​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ហើយ​បន្ទាប់មក នៅ​ថ្ងៃ​ដដែល មាន​ជនជាតិ​ចិន ១​ក្រុម ជា​បុគ្គលិក​ក្រុមហ៊ុន ចំការ​អំពៅ រួមទាំង​អ្នកបកប្រែ​ភាសា​ចិន​ម្នាក់ បាននាំគ្នា​មក ពិនិត្យមើល​សាកសព ហើយ​បាន​ចាក់​ថ្នាំ​បា​រ៉​ត និង​ក្លាសេ​ទឹកកក​កុំអោយ សាកសព​ស្អុយរលួយ​។​
​តាម​សំដី​អ្នកបកប្រែ​ភាសា​ចិន បាន​និយាយថា គ្រោះថ្នាក់​ក្រឡាប់​រថយន្ដ ចូលក្នុង​ស្រះ​ទឹក​នេះ មកពី​ស្ដ្រីជន​ជាតិចិន ជា​អ្នកបើកបរ​រថយន្ដ ហើយ​ប្ដី​របស់គាត់ និង​បុគ្គលិក​ម្នាក់ទៀត រួម​ដំណើរ​ជាមួយគ្នា សង្ស័យ​ងងុយដេក ទុកអោយ​ប្រពន្ធ ជា​អ្នកបើកបរ​ជំនួស​វិញ ព្រោះ​នៅពេល​ស្រង់​រថយន្ដ ចេញពី​ទឹកស្រះ គេ​ឃើញ​ស្ដ្រីជន​ជាតិចិន ជា​អ្នក​កាន់​ចង្កូតរថយន្ដ ម៉ាក​ហ្វ៉​ត ២​បាំង ពណ៌​ស ខូចខាត​ធ្ងន់ធ្ងរ​បែក​កញ្ចក់​ខ្ទេចខ្ទីរ រីឯ​សព​ជនរងគ្រោះ​ទាំង ៣​នាក់ មិនទាន់​ស្គាល់ឈ្មោះ​នោះទេ​៕
Wat 101121
ប្រភពពី វត្តភ្នំ