រឿង​ដោះ​លែង​វៀតណាម​ចូល​កាប់​ឈើ​ត្រូវ​អាជ្ញាធរ​ច្រាន​ចោល

11/12/2014 0 Comments A+ a-

រតនគិរីៈ នគរបាល​ខ្មែរ​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ដោះ​លែង​អ្នក​កាប់​ឈើ​ជនជាតិ​វៀតណាម បី​នាក់​បន្ទាប់​ពី​បង់​លុយ ៣ ពាន់​ដុល្លារ ប៉ុន្តែ​នគរបាល​បាន​បដិសេធ​ហើយ​ថា វៀតណាម​ទាំង​បី​នាក់​នោះ​ជា​ទាហាន​មិន​មែន​អ្នក​កាប់​ឈើ​ទេ។
20141111_07លោក ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា មន្រ្តី​អាជ្ញាធរ ស្រុក​អូរយ៉ាដាវ ម្នាក់​បាន​ផ្តល់​ព័ត៌មាន​ប្រាប់​អាដហុក​កាល​ពី​ម្សិល​មិញ​ថា កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី៩ វិច្ឆិកា នគរបាល​ល្បាត​ព្រំដែន​បាន​ចាប់​ជនជាតិ​វៀតណាម ចំនួន ៣ នាក់​បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ត្រង់​ចំណុច​ព្រំដែន​ជាប់​នឹង​ក្រុម​ហ៊ុន ឧកញ៉ា ទ្រី ភាព ស្ថិត​នៅ​ក្នុង ភូមិ ភិ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។
លោក ឆាយ ធី បាន​បញ្ជាក់​ថា៖ «សមត្ថកិច្ច​នៅ​ទី​នោះ បាន​ឃុប​ឃិត​គ្នា ដោះ​លែង​វៀតណាម​ទាំង​បី​នាក់​នោះ​ឲ្យ​ត្រឡប់​ទៅ​វិញ​ជា​ថ្នូរ​នឹង​ប្រាក់ ៦០ លាន​ដុង​ស្មើ​នឹង ៣ ពាន់​ដុល្លារ ដោយ​មិន​បាន​ចាប់​បញ្ជូន និង​កសាង​សំណុំ​រឿង​មក​តុលាការ​ចាត់​វិធាន​ការ​តាម​ច្បាប់​ឡើយ»។
ទាក់​ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក ងយ ដន អធិការ​នគរបាល​ស្តីទី ស្រុក​អូរយ៉ាដាវ បាន​ថ្លែង​ថា នគរបាល​លោក​ពិត​ជា​បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម បី​នាក់​មែន ប៉ុន្តែ​ពួក​គេ​មិន​មែន​ជា​អ្នក​កាប់​ឈើ​ទេ។
លោក​បន្ត​ថា នគរបាល​លោក​បាន​ទាក់​ទង​ទៅ​នគរបាល​វៀតណាម ដើម្បី​សួរ​នាំ​ពី​រឿង​ចូល​មក​នោះ ហើយ​នគរបាល​វៀតណាម បាន​អះអាង​ថា ជន​ជាតិ​វៀតណាម ទាំង​បី​នាក់​នោះ​គឺ​ជា​ទាហាន​វៀតណាម​ដែល​ស្លៀក​ពាក់​ជា​ស៊ីវិល ដើម្បី​ចុះ​ទៅ​ល្បាត​តំបន់​ព្រំដែន ក្រែង​លោ​មាន​អ្នក​ចូល​កាប់​ឈើ​ក្នុង​តំបន់​ស។
លោក ងយ ដន បាន​បញ្ជាក់​ថា៖ «ដោយ​មិន​ឃើញ​មាន​បទ​ល្មើស​អី យើង​ក៏​ដោះ​លែង​ឲ្យ​គេ​ទៅ​វិញ​ទៅ ហើយ​គេ​ក៏​មិន​មែន​អ្នក​កាប់​ឈើ​ទេ។
ចំពោះ​រឿង​ថា ឲ្យ​លុយ​ដើម្បី​ដោះ​លែង​នោះ​ខ្ញុំ​អត់​ដឹង​ទេ»។ លោក​បាន​ថ្លែង​បន្ថែម​ថា បើ​មាន​វត្ថុតាង​គ្រប់​គ្រាន់ នោះ​នគរបាល​នឹង​ចាត់​ការ​បញ្ជូន​ទៅ​មន្រ្តី​ជំនាញ។ អង្គការ​អាដហុក កំពុង​តែ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ពី​ករណី​នេះ ដើម្បី​ធ្វើ​ការ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​តាម​នីតិវិធី​ច្បាប់។
នា​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ក្នុង ស្រុក​អូរយ៉ាដាវ មាន​សេចក្តី​រាយការណ៍​ជាច្រើន​ទាក់ទង​ទៅ​នឹង​ការ​លួច​ឆ្លង​ដែន​ចូល​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ខ្មែរ ពី​សំណាក់​ជនជាតិ​វៀតណាម ដែល​រួម​មាន​ទាំង​រថយន្ត​និង​ម៉ូតូ​សម្រាប់​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ​ផង។ ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ជន​សង្ស័យ​វៀតណាម ណា​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ចាប់​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ធ្វើ​ការ​ផ្តន្តាទោស​នោះ​ទេ៕