សាលា​រៀន​មួយ​នៅ​តំបន់​ដាច់​ស្រយាល​ខេត្ត​បាត់ដំបង​ខ្វះ​គ្រូបង្រៀន

11/12/2014 0 Comments A+ a-

ប្រជាពលរដ្ឋ​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង ប្រមាណ​ជាង ១០០​គ្រួសារ សម្ដែង​ក្ដី​បារម្ភ​ចំពោះ​កូនៗ​របស់​ខ្លួន ខ្លាច​មិន​ចេះ​អក្សរ​នៅ​ពេល​អនាគត ដោយសារ​គ្មាន​គ្រូបង្រៀន​សិស្ស។
ការ​ព្រួយ​បារម្ភ​របស់​អ្នក​ភូមិ​នេះ បន្ទាប់​ពី​ពួក​គាត់​ទទួល​ដំណឹង​ថា គ្រូបង្រៀន​កិច្ចសន្យា​ដែល​ធ្លាប់​បង្រៀន​ឆ្នាំ​សិក្សា​កន្លង​មក​ឈប់​បង្រៀន​សិស្ស ដោយសារ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​តិចតួច មិន​គ្រប់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ។
koki_school1_450-300x215ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​ភូមិ​ក្រពើ​៤០ ខេត្ត​បាត់ដំបង អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ត្រី​ពាក់ព័ន្ធ បញ្ជូន​គ្រូបង្រៀន​ក្របខ័ណ្ឌ​របស់​រដ្ឋ​ចំនួន​ពីរ​នាក់ ដើម្បី​ទៅ​បង្រៀន​ក្មេង​នៅ​ទី​ដាច់​ស្រយាល​ឲ្យ​បាន​ទៀងទាត់។
ប្រជាពលរដ្ឋ​ជា​អាណាព្យាបាល​របស់​ក្មេង​ម្នាក់​ឈ្មោះ លោក ឈុត ម៉ៅ រស់នៅ​ភូមិ​ក្រពើ​៤០ ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ថា រហូត​មក​ទល់​ពេល​នេះ​ទៅ​ហើយ គឺ​ពុំ​មាន​គ្រូបង្រៀន​ណា​ម្នាក់​ទៅ​ចុះ​ឈ្មោះ​ក្មេង ឲ្យ​ចូល​រៀន​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ចំពោះ​គ្រូបង្រៀន​កិច្ចសន្យា​ដែល​ធ្លាប់​បង្រៀន​សិស្ស​កាល​ពី​ឆ្នាំ​សិក្សា​កន្លង​ទៅ បាន​និយាយ​ប្រាប់​អ្នក​ស្រុក​ថា ឆ្នាំ​សិក្សា​ថ្មី​នេះ ពួក​គេ​មិន​ទៅ​បង្រៀន​ទៀត​ទេ។ លោក​ថា ការ​មិន​ទៅ​បង្រៀន​នេះ ដោយហេតុ​ថា ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​របស់​រដ្ឋ​តិចតួច មិន​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​ក្នុង​បន្ទុក​គ្រួសារ​របស់​គ្រូបង្រៀន។
លោក ឈុត ម៉ៅ៖ «គ្រូ​ហ្នឹង​គាត់​បាន​ទាមទារ​ថា គាត់​សុំ​ដំឡើង គាត់​មិន​អាច​បង្ហាត់​បាន​ទេ​លុយ ១៤​ម៉ឺន​នេះ។ ដូច្នេះ សុំ​ឲ្យ​អង្គការ​ណា ឬ​ខាង​ណា អាច​ជួយ​គាត់ អង្គការ​ក៏​បាន ឬ​រដ្ឋាភិបាល​អាច​ជួយ​គាត់​បាន គាត់​នឹង​បាន​គាត់​នឹង​បង្ហាត់​បន្ត​ទៅ​ទៀត។ បើ​សិន​ជា ១៤​ម៉ឺន​ហ្នឹង​គាត់​មិន​អាច​បង្ហាត់​បាន​ទេ។ ដូច្នេះ ខ្ញុំ​រាល់​តែ​ថ្ងៃ​ហ្នឹង កំពុង​តែ​ព្រួយ​បារម្ភ​ហ្នឹង​ឯង»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បវេល លោក អោប សន្ធឹក មាន​ប្រសាសន៍​បញ្ជាក់​ចំពោះ​បញ្ហា​ខ្វះ​គ្រូបង្រៀន​នេះ​ថា កន្លង​មក លោក​បាន​ស្វះ​ស្វែងរក​គ្រូបង្រៀន​កិច្ចសន្យា​ជាច្រើន​នាក់​រួច​មក​ហើយ ដើម្បី​ឲ្យ​ទៅ​បង្រៀន​សិស្ស​នៅ​សាលា​បឋម​សិក្សា​បឹង​២ នៃ​ភូមិ​ក្រពើ​៤០ នោះ។ ប៉ុន្តែ ដោយសារ​ប្រាក់​ឧបត្ថម្ភ​តិចតួច ទើប​ពុំ​មាន​គ្រូបង្រៀន​ណា​ស្ម័គ្រចិត្ត​ទៅ​បង្រៀន​កូន​អ្នក​ភូមិ​នៅ​ទីនោះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា នឹង​ទៅ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​លើ​រឿង​នេះ​បន្ត​ទៀត៖ «រឿង​ប្រាក់​ខែ​ផ្ដល់​ទៅ​ឲ្យ​គ្រូ កិច្ចសន្យា​នោះ គឺ​មន្ទីរ​មិន​អាច​ដោះស្រាយ​ចេញ​ទេ ជា​សមត្ថកិច្ច​របស់​ក្រសួង​អប់រំ ហើយ​និង​ហិរញ្ញវត្ថុ​បាទ បាន​ដោះ​ចេញ​ណាស់។ បើ​ត្រឹម​តែ​មន្ទីរ​អប់រំ ស្រុក​អី គ្រាន់​តែ​បាន​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ ហើយ​មិន​អាច​ដោះស្រាយ​រក​លុយ​ឲ្យ​គ្រូ កិច្ចសន្យា​ណា​បាន»
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ការ​ខ្វះ​គ្រូបង្រៀន​នៅ​ទី​ដាច់​ស្រយាល​នេះ ជា​បញ្ហា​សំខាន់​មួយ​មិន​គួរ​កើត​មាន​ទាល់​តែ​សោះ ហើយ​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ គួរ​មាន​វិធានការ​បញ្ជូន​គ្រូ​ទៅ​បង្រៀន​ក្មេង​នៅ​តំបន់​នោះ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ៖ «ក្រសួង​អប់រំ ក៏ដូចជា​មន្ទីរ​ហ្នឹង ត្រូវ​តែ​ទទួល​ខុស​ត្រូវ ហើយ​មាន​គោល​នយោបាយ​លើក​ទឹក​ចិត្ត​ពួក​គាត់ តាម​រយៈ​ផ្ដល់​ថវិកា​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង។ យើង​មិន​ត្រូវ​ទុក​ឲ្យ​សាលា​រៀន​មួយ តំបន់​មួយ ដោយ​គ្មាន​គ្រូបង្រៀន​នោះ​ទេ។ ហើយ​បើ​សិន​យើង​មិន​ដោះស្រាយ​ទេ សិស្ស​ទាំងអស់​នោះ​មិន​ទទួល​បាន​ការ​អប់រំ​ទេ​បាទ»
សាលា​បឋម​សិក្សា​បឹង​២ ស្ថិត​នៅ​ទី​ជនបទ​ដាច់​ស្រយាល នៃ​ភូមិ​ក្រពើ​៤០ ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង។ សាលា​នេះ មាន​បន្ទប់​រៀន​២ ហើយ​កន្លង​មក មាន​ក្មេង​នៅ​តំបន់​នោះ​សិក្សា​ប្រមាណ ៥០​នាក់ និង​មាន​គ្រូ​កិច្ចសន្យា​បង្រៀន​ចំនួន ២​នាក់ ដោយ​ម្នាក់ៗ​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង ចំនួន ១៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ៕
ប្រភពពី វិទ្យុអាស៊ីសេរី