តុលាការ​សម្រេច​ឃុំ​ខ្លួន​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​បក្ស​ប្រឆាំង

11/12/2014 0 Comments A+ a-


RFA-Meach-Sovanara350
គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ការ​ចាប់​ខ្លួន លោក មាជ សុវណ្ណារ៉ា សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​ប៉ុនប៉ង​របស់​គណបក្ស​កាន់​អំណាច ដើម្បី​ដាក់​គំនាប​លើ​គណបក្ស​ប្រឆាំង​ក្នុង​ការ​កែ​ទម្រង់​ច្បាប់ ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។
00:00
00:00
ប្រតិកម្ម​នេះ កើត​ឡើង​បន្ទាប់​ពី​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃ​ស នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ដោះ​លែង​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​គណបក្ស​នេះ​ជា​បន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ហៅ​ការ​ចាប់​ខ្លួន លោក មាជ សុវណ្ណារ៉ា ថា​ជា​គំនាប​នយោបាយ។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ចាំបាច់​ត្រូវ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ដោយ​មិន​ត្រូវ​ប៉ុនប៉ង​គាប​សង្កត់​បែប​នេះ​ឡើយ។ លោក​បញ្ជាក់​ថា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​សន្ទនា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់៖ «ជួយ​ទៅ​តាម​ផ្លូវ​ច្បាប់ យើង​រក​មេធាវី​យើង​ជួយ​តាម​នីតិវិធី។ ហើយ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទំនាក់ទំនង​ទៅ​កាន់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​រឿង​នេះ​ឲ្យ​ដូច​ករណី​មុនៗ»
លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង ១១​ថ្ងៃ​ត្រង់ ក្នុង​ពេល​ដែល​លោក​ជិះ​ឡាន​ទៅ​ធ្វើ​ការ​នៅ​ម្តុំ​ពេទ្យ​អង្គឌួង។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​សំណុំ​រឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា និង​ស្រប​ពេល​ដែល​គណបក្ស​ទាំង​ពីរ​កំពុង​ខ្វែង​គំនិត​គ្នា ក្នុង​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។
មន្ត្រី​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ លោក កែវ មុន្នី បាន​សម្រេច​ចោទ​ប្រកាន់ លោក មាជ សុវណ្ណារ៉ា តាម​មាត្រា​២៨ និង ២១៨ ។ មាត្រា​៤៩៥ និង​មាត្រា​៤៥៩ នៃ​ក្រម​ព្រហ្មទណ្ឌ ដោយ​ចោទ​ពី​បទ​ផ្ដើម​គំនិត​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ដឹក​នាំ​ចលនា​កុបកម្ម។ បើ​សិន​ជា​តុលាការ​រក​ឃើញ​ថា លោក​ពិត​ជា​មាន​ទោស​មែន លោក មាជ សុវណ្ណារ៉ា នឹង​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣០​ឆ្នាំ។
មន្ត្រី​អង្កេត​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​នេះ បង្ហាញ​ពី​ភាព​លម្អៀង​នៃ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​រាជ​រដ្ឋាភិបាល៖ «នៅ​ទីលាន​ប្រជាធិបតេយ្យ ពេល​ដែល​សន្តិសុខ​វាយ​អ្នក​ផង​មិន​ដែល​តុលាការ​ណា​ចោទ​ប្រកាន់​ទេ តែ​ពេល​ប៉ះ​ទង្គិច​គ្នា​គេ​ចាប់​ទាំងអស់​តែ​ម្តង»
លោក មាជ សុវណ្ណារ៉ា មាន​សញ្ជាតិ​ពីរ គឺ​ខ្មែរ និង​អាមេរិកាំង។
ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក វិញ បញ្ជាក់​ថា លោក​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​នេះ។
លោក មាជ សុវណ្ណារ៉ា ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជាច្រើន​នាក់​ទៀត ដែល​ដឹក​នាំ​បាតុកម្ម​ទៅ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។ ក្រុម​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ខណៈ​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឈរ​ស្រែក​តាម​មេក្រូ​ឲ្យ​បញ្ចប់​ហិង្សា។ ហិង្សា​កាល​ណោះ បណ្ដាល​ឲ្យ​សន្តិសុខ​របស់​សាលា​រាជធានី​ភ្នំពេញ​ជាង ៤០​នាក់​រង​របួស​ធ្ងន់ និង​ស្រាល។ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៧​នាក់ និង​មន្ត្រី​កិច្ចការ​សាធារណៈ​ម្នាក់​យក​ទៅ​ដាក់​គុក។ អ្នក​ទាំង​ប្រាំ​បី​នាក់ ត្រូវ​បាន​ដោះ​លែង​ដំណាល​គ្នា​នឹង​កិច្ច​ព្រមព្រៀង​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។
អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា ការ​បន្ត​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង ជា​យុទ្ធសាស្ត្រ​យក​ប្រៀប​លើ​គូ​ប្រជែង​របស់​បក្ស​កាន់​អំណាច។ ហើយ​រឿង​នេះ អាច​មាន​វិធី​ដោះស្រាយ​តែ​មួយ​គត់ គឺ​ការ​ចរចា​ផ្នែក​នយោបាយ ព្រោះ​ច្បាប់​មិន​មាន​ឥទ្ធិពល​ឡើយ​ក្នុង​ករណី​នេះ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​ឡើយ នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤៕
ប្រភពពី វិទ្យុអាស៊ីសេរី