ទាហានម្នាក់លាលែងពីតំណែងក្រោយពីមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ
ពោធិ៍សាត់ៈ ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួន និងទាហានម្នាក់បានសម្រេចដោះសម្លៀកបំពាក់សុំលាលែងពីតំណែង បន្ទាប់ពីកម្លាំងអាជ្ញាធរចម្រុះប្រមាណជា ១០០ នាក់បានចុះការពារឲ្យក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ធ្វើការឈូសបំផ្លាញផ្ទះ ១១ ខ្នងរបស់ពលរដ្ឋដែលជាគ្រួសារទាហានសមាហរណកម្ម រស់នៅក្នុង ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន MDS Import Export Co; Ltd របស់លោកឧកញ៉ា ទ្រី ភាព។
លោក សេង ពៅ ដែលជាមន្ត្រីទាហានបម្រើការឲ្យវីរសេនាតូចការពារព្រំដែនលេខ ១៤៥ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ ១៤ ដែលឈរជើងនៅក្នុង ស្រុកវាលវែង បានថ្លែងឲ្យដឹងថា លោកបានសម្រេចចិត្តដោះយកខោអាវនិងកាំភ្លើងប្រគល់ជូនមេវរៈរបស់ លោកវិញដោយសម្រេចចិត្តសូមលាលែងឈប់ធ្វើការក្រោយពីកម្លាំង សមត្ថកិច្ចចម្រុះបាននាំគ្នាមកការពារឲ្យក្រុមហ៊ុនឈូសបំផ្លាញផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ខ្ញុំតូចចិត្តមិនដឹងការពារព្រំដែនឲ្យអ្នកណាទៀតបើដីខ្លួនឯង ការពារមិនបានផង ដូច្នេះមានតែសុំឈប់ពីការងារ»។
លោកបានថ្លែងថា ដីរបស់លោកដែលមានសព្វថ្ងៃគឺជាដីដែលឪពុកម្តាយរបស់លោកបានក្រោយ ពីសមាហរណកម្ម ហើយនៅក្នុង ឆ្នាំ២០០០ ដែលលោកមេឃុំបានចេញលិខិតបញ្ជាក់ដីធ្លីឲ្យ ប៉ុន្តែក្រោយមកទៀតបន្ទាប់ពីក្រុមហ៊ុនបានចូលមកនៅ ឆ្នាំ២០១០ បែរជាអាជ្ញាធរថា ពលរដ្ឋទាំងអស់នៅរស់នៅដោយខុសច្បាប់។
លោកថ្លែងថា៖ «នៅពេលដែលគេមកឈូសដីចម្ការខ្ញុំ ខ្ញុំបានយកប័ណ្ណនោះបង្ហាញ ប៉ុន្តែលោកអភិបាលស្រុកថា ប័ណ្ណនោះអត់ត្រូវច្បាប់ទេ គឺគេទទួលស្គាល់តែប័ណ្ណដែលនិសិ្សតវាស់ឲ្យតាមបទបញ្ជា ០១ បប ប៉ុន្តែនៅពេលដែលពួកនិស្សិតនោះវាស់លោកអភិបាលរូបនោះថា មិនអីទេមិនបាច់វាស់ក៏មិនអីដែរ តែពេលនេះគេចោទថា យើងមិនស្របច្បាប់»។
លោកបន្ថែមថា៖ «ពលរដ្ឋរស់នៅតាំងពីឆ្នាំ ៨០ ជាងមិនស្របច្បាប់ទេ ហើយបដិសេធបង្កាន់ដៃកាន់កាប់ដីធ្លីរបស់ពលរដ្ឋ ប៉ុន្តែបែរជាយកដីរបស់ពលរដ្ឋឲ្យទៅក្រុមហ៊ុនឧកញ៉ាវិញ»។
ចំណែកឯអ្នកស្រី ប្រាក់ សុផល បានថ្លែងថា កម្លាំងប៉េអឹម និងប៉ូលិសបានមកឈូសផ្ទះនោះមីនបានផ្ទុះពីរគ្រាប់បណ្តាលឲ្យដាច់ ច្រវាក់អាប៊ុល ប៉ុន្តែពុំមានគ្រោះថ្នាក់ទេ គេធ្វើនោះគឺសាហាវយង់ឃ្នងបំផុត គេឈូសផ្ទះពលរដ្ឋរាបដល់ដី ហើយសត្វ ជ្រូក មាន់ ទា និងសម្ភារផ្សេងៗទៀតគេបោះដាក់លើឡានគេទាំងអស់ ហើយយកទៅដាក់នៅប៉ុស្តិ៍រដ្ឋបាល នៅពេលពលរដ្ឋទៅសុំយកមកវិញ ដូចជាឆ្នាំងបាយឬអង្ករ គេទាមទារឲ្យពលរដ្ឋផ្តិតមេដៃ តែពលរដ្ឋមិនព្រម។
អ្នកស្រីបានថ្លែងថា៖ «គេដាក់បារ៉ាស់បិទផ្លូវមិនឲ្យយើងចូលភូមិទេ ហើយយើងគ្រាន់សុំគេ យកខោអាវផ្លាស់ក៏គេមិនព្រមដែរគេទារឲ្យយើងផ្តិតមេដៃ តើគេចង់យកមេដៃនោះទៅធ្វើស្អី? ពីព្រោះក្រដាសនោះមិនមានសរសេរស្អីផង»។
អ្នកស្រីបានថ្លែងថា ពលរដ្ឋដែលនៅមានជម្លោះដីធ្លីសព្វថ្ងៃសល់តែ ២៣ គ្រួសារនោះ គឺជាពលរដ្ឋសមាហរណកម្មហើយភាគច្រើនគឺសុទ្ធតែជាគ្រួសារទាហានដែល បានទទួលរបបដីពីមេនៅ ឆ្នាំ២០០០ ដោយក្នុងមួយគ្រួសារទទួលបានទទឹង ១២០ ម៉ែត្រ និងបណ្ដោយ ៣០០ ម៉ែត្រមានប័ណ្ណសម្គាល់ត្រឹមត្រូវគេចោទថា អនាធិបតេយ្យ។
អ្នកស្រីបានថ្លែងថា៖ «បើពួកយើងរស់នៅអនាធិបតេយ្យគឺមេឃុំជាមេអនាធិបតេយ្យពីព្រោះមេឃុំ ជាអ្នកចេញប័ណ្ណឲ្យយើង ហើយយើងបានចាប់ផ្តើមប្តឹងតាំងពី ឆ្នាំ២០១០ រឿងក្រុមហ៊ុនរំលោភយកដីយើងតែគ្មានអ្នកណាដោះស្រាយឲ្យយើងនោះ ទេ»។
អ្នកស្រីបានថ្លែងថា ពលរដ្ឋម្នាក់កំពុងតែត្រូវឃុំខ្លួននៅកន្លែងប៉ុស្តិ៍ប៉ូលិសរដ្ឋបាល នៅឡើយ ហើយគេចាប់គ្នាវាយខ្នោះ ញ៉ុកដាក់ទ្រុងដូចសត្វជ្រូកនៅពេលដែលគេចាប់ខ្លួននោះ ដោយគ្រាន់តែគ្នាតវ៉ាកុំឲ្យឈូសផ្ទះរបស់គ្នា។ អ្នកស្រីបានថ្លែងថា៖ «ខ្ញុំធ្លាប់ឃើញគេធ្វើឃោរឃៅនៅសម័យ ប៉ុល ពត តែឥឡូវគេធ្វើឃោរឃៅជាងទៅទៀត»។
លោក កើត ឆែ អភិបាលរង ខេត្តពោធិ៍សាត់ បានថ្លែងថា អាជ្ញាធរបានរុះរើខ្ទមជាង ១០ ខ្នងពុំមែនជាផ្ទះទេ គឺជាខ្ទមបានសង់លើដីរដ្ឋ និងបានកាប់ទន្ទ្រានយកដីដាំដំណាំក្រោយបទបញ្ជាលេខ ០១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះការធ្វើនេះដើម្បីជាការទប់ស្កាត់ការទន្ទ្រានយកដីរបស់ រដ្ឋ។
លោកថា៖ «ប្រទេសមានច្បាប់ ប្រសិនបើពលរដ្ឋទាំងនោះអត់មានដីពិតប្រាកដមែន អាចចុះឈ្មោះសុំដីសម្បទានសង្គមកិច្ច តាមរយៈឃុំ ស្រុក ហើយខេត្តនិងធ្វើការសម្រេចចិត្ត នៅពោធិ៍សាត់មិនខ្វះទេដីសម្រាប់ចែកឲ្យប្រជាពលរដ្ឋដែលគ្មានដី។ យកប័ណ្ណ ឆ្នាំ២០០០ មកនិយាយម៉េចត្រូវពីព្រោះរដ្ឋាភិបាលទើបតែចេញបទបញ្ជា ០១ បប ឲ្យតែមានដីពិតគេវាស់ឲ្យហើយ»។
លោក ឃៀង សុជីវ័ន្ត នាយកគ្រប់គ្រងក្រុមហ៊ុន ទី្រ ភាព ប្រចាំ ខេត្តពោធិ៍សាត់ ពុំអាចទំនាក់ទំនងដើម្បីសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
យោងតាមលិខិត ស.ជ.ណ លេខ ១៣០៥ ចុះថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១០ បានបង្ហាញថា រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំ ៤៤០២ ហិកតាទៅឲ្យក្រុមហ៊ុន (MDS Import Export Co; Ltd) របស់លោកឧកញ៉ា ទ្រី ភាព ដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដាំដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ)។
លោក ភួង សុធា មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការបណ្តេញចេញដោយបង្ខំនេះ ជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលពុំអាចទទួលយកបាន។ អាជ្ញាធរគួរដោះស្រាយជម្លោះដីធ្លីជាមុនសិន មុននឹងឈូសឆាយដីពួកគាត់ដោយគ្មានសំណងបែបនេះ។
លោកបានបន្ថែមថា៖ «អាជ្ញាធរធ្វើផ្ទុយពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់មានប្រសាសន៍ថា ប្រសិនបើការអនុវត្តណាប៉ះពាល់ប្រជាពលរដ្ឋ ត្រូវអនុវត្តតាមគោលនយោបាយស្បែកខ្លា តែនេះគេធ្វើផ្គើននិងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីតែម្តង»។
យោងតាមរបាយការណ៍របស់សមាគមអាដហុក រយៈពេល ៩ ខែដើម ឆ្នាំ២០១៤ បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សព្រះសង្ឃ ២០០ នាក់-អង្គដែលត្រូវបានធ្វើការឃាត់ខ្លួននិងចោទប្រកាន់នោះមាន សកម្មជនដីធ្លីចំនួន ១០៩ នាក់ កម្មករ កម្មការិនីរោងចក្រនិងសមាជិកសហជីពចំនួន ៦២ នាក់សមាជិកគណបក្សប្រឆាំងចំនួន ២៦ នាក់ និងព្រះសង្ឃ ៣ អង្គ៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍
