មើលផ្សារអដ្ឋិធាតុតែ ១-០-២ លើលោក និងគួរឲ្យព្រឺឆ្អឹខ្នង !
និយាយឲ្យចំទៅ វាគឺជាផ្សារអាគម អាបធ្មប់ធំបំផុត នៅលើពិភពលោក ដែលដាក់តាំងលក់សុទ្ធសឹងអដ្ឋិធាតុរបស់សត្វ រួមទាំងមនុស្សផងដែរ។ តំបន់ផ្សារនេះមានឈ្មោះថា Akodessewa Fetish ស្ថិតនៅកណ្តាលទីក្រុង Lome របស់ Togo នាតំបន់អាហ្វ្រិកខាងលិច ។
នៅអាហ្វ្រិកខាងលិច កិច្ចផ្សំអាគមគាថា មានតាំងពីបូរាណកាលមកម្ល៉េះ ហើយអាចមានមុនពេលជននៅទ្វីបអាហ្វ្រិក ត្រូវពួកអាមេរិកចាប់ធ្វើជាទាសករ ។ បច្ចុប្បន្ននេះ បណ្តានិកាយសាសនា ជឿលើអាគមអូមអាប ទទួលបានការគោរពនៅបណ្តាប្រទេស Togo, Gana ឬ Nigeria ។ ពួកគេទាំងអស់ជឿថា ការប្រើប្រាស់បណ្តាផ្នែកសនៃសរីរាង្គសត្វ ឬ ក៏អាគមគាថា ក្នុងពិធីបុណ្យចម្លែកៗ អាចដោះស្រាយបានគ្រប់បញ្ហា រួមទាំងរាងកាយក៏ដូចជាស្មារតីរបស់ពួកគេ ។
មុខទំនិញទាំងឡាយនៅទីនេះ ពុំត្រឹមប្រើសម្រាប់ការធ្វើអាគមអូមអាប ក្នុងពិធីគោរពបូជាប៉ុណ្ណោះទេ វាថែមត្រូវបានប្រើសម្រាប់ព្យាបាលជំងឺផងដែរ ។ តាំងពីយូរលង់មកហើយ ជនជាតិ Togo បានអនុវត្តកិច្ច Voodoo ដែលជាកិច្ចមួយ ប្រើប្រាស់ឆ្អឹងក្បាលរបស់សត្វ និងរុក្ខជាតិលាយចូលគ្នា យកមកព្យាបាលជំងឺគ្រប់មុខ ក៏ដូចជាដោះស្រាយការលំបាកផ្សេងៗ ដោយសិល្ប៍សាស្ត្រ ។
គ្រូធ្មប់ អ្នកនិយមអាគមអូបអាប និងប្រជាជននៅទីនោះ ជឿជាក់ថា ជីវិតចាប់ផ្តើមពីធាតុធម្មជាតិដូចជាៈ ទឹក ភ្លើង ខ្យល់ ។ នៅពេលគេពុំសង្ឃឹមព្យាបាលជា នៅមន្ទីរពេទ្យទេ គេតែងមកកាន់ទីនេះ ព្រោះជឿថា គេនឹងសះស្បើយ ។ ហេតុនេះ វានៅល្បីល្បាញរហូតដល់គេហៅថា ជា “ផ្សារព្យាបាលជំងឺរយមុខ” ។
ពួកគេជឿថា ពួក “គ្រូ” នឹងប្រើប្រាស់បណ្តាផ្នែករបស់សត្វពូតផ្តុំទៅជាអាគមចម្លែក អាចសែន និងសុំឲ្យអាទិទេពជួយព្យាបាល រាល់ជំងឺដង្កាត់ផ្សេងៗ ដែល “គ្រូពេទ្យ” ពុំអាចព្យាបាលបាន ។
យ៉ាងណាមិញ ប្រភេទថ្នាំដែលលក់ដាច់បំផុតនៅទីនោះ គឺជាប្រភេទម្សៅម្យ៉ាងពណ៌ខ្មៅ ។ វាត្រូវបានច្នៃដោយការកិនឆ្អឹងសត្វឲ្យម៉ត់ យកទៅលាយនឹងរុក្ខជាតិឱសថ រួចប្រើប្រាស់ភ្លើង ដើម្បីដុតឲ្យសារធាតុចម្រុះនេះមានពណ៌ខ្មៅ អាចព្យាបាលជំងឺគ្រប់មុខបាន ។
គួរបញ្ជាក់ផងដែរថា តាមទំនៀមទម្លាប់ អ្នកដែលចង់ឲ្យគេធ្វើមន្តអាគមឲ្យនោះ គឺតម្រូវឲ្យឆូតខ្នង ឬ ទ្រូងខ្លួនឯង ៣ ដង ហើយកម្សៅពណ៌ខ្មៅនោះ មកលាបពីលើ ។ ប្តីប្រពន្ធក្សត់កូន កីឡាករចង់ទាត់បញ្ចូលទី… សុទ្ធសឹងអាចប្រើវិធីនេះ?! ។ ក្រៅពីឆ្អឹងសត្វ ក៏នៅមានផលិតផលដទៃទៀត ដែលគេឆ្លាក់ពីឆ្អឹងស្នែង រួចយកមកដុសខាត់ ឬ ដុតកម្លោច ៕
