ពុំ​មាន​សំណង​សម្រាប់​អាជីវករ​​ឆេះ​តូប​​នៅ​ផ្សារ​ចាស់​ទេ

11/27/2014 0 Comments A+ a-

ភ្នំពេញៈ គណៈ​កម្មាការ​គ្រប់គ្រង​ផ្សារ​ចាស់​ ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ​អស់ ៣០០ តូប​កាល​ពី​ថ្ងៃ​ច័ន្ទ​ប្រាប់​អាជីវករ​រង​គ្រោះ​ថា ពួកគេ​មិន​ទទួល​បាន​សំណង​អ្វី​ឡើយ ហើយ​ត្រូវ​សាង​សង់​តូប​លក់​ដូរ ដោយ​ខ្លួន​ឯង​ឡើង​វិញ។
អ្នក​តំណាង​គណៈ​កម្មាការ​ផ្សារ​ចាស់​ម្នាក់​បាន​បញ្ជាក់​មូល​ហេតុ​ថា ការ​ឆេះ​នេះ​គឺជា​ឧបទ្ទវហេតុ ដូច្នេះ​ពុំ​មាន​សំណង​ត្រូវ​ផ្តល់​ទេ។ អាជីវករ​ត្រូវ​សង់​តូប​ខ្លួន​ឯង​ឡើង​វិញ បើ​ចង់​ដំណើរ​ការ​លក់​ដូរ​កាន់​តែ​លឿន​នោះ។
ផ្សារ​ចាស់​ដែល​ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ត្រូវ​អណ្តាត​ភ្លើង​ឆាប​ឆេះ​ទាំង​ព្រឹក​កាល​ពី​ថ្ងៃចន្ទ បណ្តាល​ឲ្យ​តូប​លក់​ដូរ​ជាង ៣០០ ឆេះ​ខ្ទេច​ក្នុង​ចំណោម​តូប​សរុប ៩១៤ តូប និង​ទំហំ​នៃ​ការ​ខូច​ខាត​អាច​មាន​ដល់​ជាង ១,៥ លាន​ដុល្លារ។
ប៉ុន្មាន​ម៉ោង ក្រោយ​ពី​អគ្គីភ័យ​នេះ ត្រូវ​បាន​ពន្លត់ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី ថ្លែង​ការណ៍​មួយ ដោយ​បញ្ជាក់​ថា ករណីនេះ ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី (ទុស្សេ​ខ្សែ​ភ្លើង) ចេញ​ពី​តូប​លេខ ០១ ចាស់ ដែល​ម្ចាស់​តូប​ឈ្មោះ សៀន លី ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ លក់​ថង់​ប្លាស្ទីក​នៅ​ក្បែរ​ខ្លោង​ទ្វារ​ចេញ-ចូល​ពី​ខាង​កើត​ផ្សារ។
បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​អាជីវករ​រង​គ្រោះ​កាល​ពី​ម្សិល​មិញ លោក យន់ ដារ៉ា ប្រធាន​គណៈ​កម្មាការ​ផ្សារ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​​ថា សាលា​ក្រុង​ដែល​ជា​ម្ចាស់​អចលន​ទ្រព្យ​ផ្សារ​នេះ បាន​ប្រាប់​ម្ចាស់​តូប​ឲ្យ​ធ្វើ​ការ​សាង​សង់​ឡើង​វិញ​ដោយ​ខ្លួន​ឯង​ បើ​មិន​ដូច្នេះ​ទេ​ អាជ្ញាធរ​ត្រូវ​ចំណាយ​ពេល​ច្រើន​ណាស់។
លោក​ថ្លែង​​ថា «យើង​សូម​ស្នើ​ឲ្យ​ម្ចាស់​អាជីវករ​ទាំង​អស់​ដែល​តូប​របស់​ពួកគេ​បាន​ឆាប​ឆេះ​ដោយ​ភ្លើង​នោះ ត្រូវ​សាង​សង់​ដោយ​ខ្លួន​ឯង។ ករណីភ្លើងឆេះនេះ គ្មាននរណាម្នាក់ចង់ឲ្យវាកើតឡើងទេ»។
អាជីវករ​មួយ​ចំនួន មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​មិន​ទទួល​បាន​សំណង ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​សាលា​ក្រុង​បញ្ជាក់​ថា ពួកគេ​អាច​បន្ត​លក់​នៅ​ក្នុង​ផ្សារ​ចាស់​នេះ​ទៀត ដោយ​មិន​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ទេ។
អាជីវករ​ម្នាក់​ឈ្មោះ គឹម លី បាន​និយាយ​ថា «យ៉ាង​ហោច​ណាស់ ពួកយើង​សប្បាយ​ចិត្ត ដែល​អាច​សាង​សង់​តូប​ថ្មី​នៅ​កន្លែង​ចាស់​របស់​ពួកយើង។ ផ្សារ​នេះ​មិន​មាន​គម្រោង​បណ្តេញ​ពួក​យើង​ចេញ ដើម្បី ធ្វើ​ការ​អភិវឌ្ឍន៍​ថ្មី​នោះ​ឡើយ»។ ប៉ុន្តែ​អាជ្ញាធរ​មិន​ត្រូវ​ឲ្យ​ម្ចាស់​អាជីវករ​ទាំង​អស់​ចេញ​ទាំង​ស្រុង​នោះ​ទេ។
លោក គួច ចំរើន អភិបាល ខណ្ឌ​ដូនពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ក្រុម​បោស​សំអាត​បាន​ចេញ ប្រតិបត្តិ​ការ​កាល​ពី​ម្សិល​មិញ។ «យើង​ត្រូវ​សំអាត​កំទេច​កំណ ដែល​ឆេះ​សិន ដើម្បី​វាយ​តម្លៃ ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ឆេះ​នេះ ចំណែកឯ អាជីវករ​មួយ​ចំនួន​ដែល​មិន​ត្រូវ​បាន​ភ្លើង​ឆេះ​តូប អាច​លក់​ដូរ​តាម​ធម្មតា​បាន»។