ពលរដ្ឋ​ព្រមាន​ធ្វើ​អត្តឃាត​ប្រឆាំង​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

11/27/2014 0 Comments A+ a-

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ថា​នឹង​ខាំ​អណ្ដាត​សម្លាប់​ខ្លួន ប្រសិន​បើ​គម្រោង​នេះ​មិន​បញ្ឈប់។ ការ​ប្រកាស​បែប​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ភ្នំពេញ បន្ទាប់​ពី​ពួក​គេ​បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា។
00:00
00:00
ការ​ប្រកាស​ដាក់​ជីវិត​របស់​ក្រុម​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ ខណៈ​ពួក​គេ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​មាន​ចំណាត់​ការ​ណា​មួយ​ទៅ​លើ​ក្រុមហ៊ុន ដែល​វិនិយោគ​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។ អ្នក​ភូមិ​ថា ប្រសិន​បើ​ទំនប់​វារីអគ្គិសនី​ចេញ​ជា​រូបរាង​មែន​នោះ ប្រពៃណី ទំនៀមទម្លាប់ សាសនា ដី​ព្រៃ និង​ធនធាន​ធម្មជាតិ​របស់​ពួក​គេ នឹង​រលាយ​បាត់​អស់ ដែល​ធ្វើ​ឲ្យ​ពួក​គេ​រស់​ដូច​ស្លាប់។
ថ្លែង​ទាំង​ទឹក​ភ្នែក​ហូរ​សស្រាក់ លោក ដាំ សំណាង ជនជាតិ​ដើម​ភាគ​តិច​ព្នង ដែល​តំណាង​ឲ្យ​សហគមន៍​ភូមិ​ក្បាល​រមាស ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា នៅ​ពេល​ទំនប់​វារីអគ្គិសនី​នេះ​ដំណើរ​ការ នឹង​ធ្វើ​ឲ្យ​បាត់​បង់​អត្តសញ្ញាណ ទំនៀមទម្លាប់ ជំនឿ សាសនា និង​ជាពិសេស គឺ​ផ្នូរ​ដូនតា ដែល​ជា​ទឹក​ដី​ដូនតា​ដំបូង​របស់​ជនជាតិ​ដើម​ភាគ​តិច។ លោក​បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នោះ លោក និង​ប្រជា​សហគមន៍​ផ្សេង​ទៀត នឹង​ខាំ​អណ្ដាត​សម្លាប់​ខ្លួន៖ «កូន​ចៅ​ជំនាន់​ក្រោយ​នឹង​បាត់​បង់​ធនធាន និង​មិន​ស្គាល់​ធនធាន​ទាំងអស់​ហ្នឹង​ទេ។ សុំ​ទោស! ខ្ញុំ​និយាយ​អត់​ចេញ​ទេ ព្រោះ​ថា​ទឹក​ដី​នេះ គឺ​ជា​ទឹក​ដី​បុព្វបុរស​របស់​ជនជាតិ​យើង​ខ្ញុំ​នៅ​ក្នុង​តំបន់​ហ្នឹង»
ប្រជាពលរដ្ឋ​ចំនួន ១០​សហគមន៍ ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង ចារ៉ាយ គ្រឹង ព្រៅ និង​ជនជាតិ​ភាគ​តិច​ឡាវ មក​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋសភា សុំ​ឲ្យ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ធ្វើ​អន្តរាគមន៍​លុប​ចោល​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ជា​បន្ទាន់។ ក្នុង​សន្និសីទ​កាសែត​នោះ ពួក​គេ​បាន​លើក​បដា​បង្ហាញ​ថា ពួក​គេ​មិន​ត្រូវ​ការ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ និង​បង្ហាញ​រូបភាព​ទឹក​លិច​ភូមិឋាន។ ពួក​គេ​តំណាង​ឲ្យ​ពលរដ្ឋ ៧០០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​រតនគិរី។
តំណាង​ជនជាតិ​ភាគ​តិច​ព្នង មួយ​រូប​ទៀត​មក​ពី​សហគមន៍​ភូមិ​វ៉ឺនសៃ ខេត្ត​រតនគិរី លោកស្រី ហ្វយ ស៊ុត និយាយ​ថា កន្លង​មក​អាជ្ញាធរ​ខេត្ត​បាន​ចុះ​ទៅ​សម្របសម្រួល និង​ផ្តល់​សំណង​ដែរ ប៉ុន្តែ​ជា​សំណង​ដែល​ពលរដ្ឋ​មិន​អាច​ទទួល​យក​បាន។ លោកស្រី​អះអាង​ថា ប្រជាពលរដ្ឋ​មិន​ចង់​ចាក​ចេញ​ពី​លំនៅឋាន​ដែល​កំពុង​រស់នៅ​សព្វថ្ងៃ​នេះ​ទេ។ ស្ត្រី​រូប​នេះ​លើក​ឡើង​ថា ប្រសិន​បើ​ទំនប់​វារីអគ្គិសនី​នេះ​នៅ​តែ​ដំណើរ​ការ អ្នក​ភូមិ​នឹង​ស្លាប់​ដោយ​ទឹក​ជំនន់​ជា​មិន​ខាន៖ «សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ទាំងអស់​គ្នា​ហ្នឹង សូម​ឲ្យ​ពិចារណា​ផង ហី​អន្លង់​ត្រី​យើង​ក៏​នឹង​បាត់ បឹង​ទន្លេសាប​យើង​ក៏​នឹង​បាត់​ទាំង​មូល បើ​សិន​គេ​ធ្វើ​ទំនប់​ហ្នឹង។ វា​មិន​ធម្មតា​ទេ គេ​បង្ហូរ​មក​ដាក់​ពួក​ខ្ញុំ​ហើយ ពួក​ខ្ញុំ​នៅ​ត្រង់​ណា ដី​សម្បទាន​ក្រុមហ៊ុន​យក​អស់​ហើយ យើង​ទៅ​នៅ​ដី​គេ​បាន​អត់? គេ​មិន​ឲ្យ​យើង​នៅ​ទេ​ចា៎! ហ្នឹង​ហើយ​បាន​ពួក​ខ្ញុំ​ទុក្ខ​កង្វល់​ខ្លាំង។ ចង់​ចុះ​មក​ជួប​ដល់​រដ្ឋាភិបាល​ផ្ទាល់ ចង់​ជួប​ជាមួយ​គាត់ ដើម្បី​ពិភាក្សា​ពី​រឿង​ហ្នឹង»
ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ជា​ការ​ចូល​ហ៊ុន​គ្នា​រវាង​ក្រុមហ៊ុន​ប្រទេស​កម្ពុជា រ៉ូយ៉ាល់​គ្រុប (Royal Group) និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម ឈ្មោះ អីវីអិន អ៊ីនធឺណេសិនណល យន់ស្តុក (EVN Int’l Joint Stock Company) និង​ក្រុមហ៊ុន​ចិន ឆៃណា ហាយដ្រូ ឡានឆាង អ៊ិនធឺណាសិនណល់ អ៊ិននើជី (China’s Hydrolancang International Energy) ចំណាយ​ទុន​សរុប ៧៨១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ផ្តល់​ថាមពល ៤០០​មេហ្គា​វ៉ាត់។ ប៉ុន្តែ​ទន្ទឹម​គ្នា​នឹង​នោះ របាយការណ៍​សិក្សា​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ​២០១២ របស់ National Academy of Sciences បាន​បង្ហាញ​ថា ទំនប់​វារីអគ្គិសនី​នេះ​នឹង​បណ្ដាល​ឲ្យ​បរិមាណ​ត្រី ៩,៣% ធ្លាក់​ចុះ ហើយ​ត្រី​ជាង ៥០​ប្រភេទ ប្រឈម​នឹង​បាត់​បង់ ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ជលសាស្ត្រ ប៉ះពាល់​ធំ​បំផុត​លើ​ជីវម៉ាស ឬ​ការ​រស់នៅ​ផ្តុំ​គ្នា​របស់​ត្រី​ក្នុង​ទន្លេ ហើយ​អ្នក​ភូមិ​រស់នៅ​តាម​បណ្តោយ​ទន្លេ​រាប់​ពាន់​នាក់ រង​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត ជីវភាព​ប្រចាំ​ថ្ងៃ និង​សុវត្ថិភាព​ស្បៀង ជាដើម។
នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ឲ្យ​ដឹង​ថា កន្លង​មក​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន និង​រដ្ឋាភិបាល មាន​ការ​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​រក​ដំណោះស្រាយ និង​ទាមទារ​ឲ្យ​ផ្អាក​បណ្ដោះអាសន្ន​សិន។ ទោះ​បែប​នេះ​ក្ដី លោក តឹក វណ្ណារ៉ា ថា ក្រុមហ៊ុន​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ឡើយ​ទេ៖ «ជា​រឿង​សំខាន់ គឺ​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​បាទ! ត្រង់​ទៅ​ត្រង់​មក ក្នុង​ន័យ​ស្វែងរក​ដំណោះស្រាយ​រួម​ពាក់ព័ន្ធ​នឹង​រឿង​ការ​អភិវឌ្ឍន៍​ទំនប់​សេសាន​ក្រោម​២»
ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​ក្រុម​ប្រជាពលរដ្ឋ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ឲ្យ​ដឹង​ថា ក្រសួង​មិន​អាច​លុប​ចោល​គម្រោង​ទំនប់​វារីអគ្គិសនី​នេះ​បាន​ទេ។ ប៉ុន្តែ​លោក​ថា ក្រសួង​បរិស្ថាន នឹង​បន្ថែម​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​ដែល​វិនិយោគ៖ «យើង​នឹង​បន្ត​ការ​តាម​ដាន​បញ្ហា​អស់​ហ្នឹង ហី​យើង​នឹង​អឺ! អា​ហ្នឹង​គឺ​យើង​ទើប​តែ​ទទួល​បាន​ព័ត៌មាន​ដូច​គ្នា។ ដូច្នេះ​យើង​នឹង​បន្ត​តាម​ដាន ហី​នឹង​ធ្វើ​ការ​ហ្នឹង​ត​ទៅ​ទៀត​បាទ»
បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ដដែល កន្លង​មក​ក្រសួង​បរិស្ថាន បាន​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​នេះ និង​បាន​បញ្ជា​ទៅ​ក្រុមហ៊ុន ត្រូវ​ផ្តល់​របាយការណ៍​ដំណោះស្រាយ​រៀង​រាល់​បី​ខែ​ម្តង​មក​ក្រសួង​បរិស្ថាន ប៉ុន្តែ​លោក​ថា ក្រុមហ៊ុន​មិន​បាន​ផ្តល់​ឯកសារ​ត្រឹមត្រូវ​តាម​ក្រសួង​ចង់​បាន​ឡើយ។ គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ មាន​ផ្ទៃ​អាង​ស្តុក​ទឹក​ទំហំ ៣៣.៥៦០​ហិកតារ ដែល​ពោរពេញ​ដោយ​ព្រៃ​ឈើ។ គម្រោង​នេះ នឹង​ត្រូវ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជិត ៤.៨០០​នាក់ ជម្លៀស​ចេញ​ពី​លំនៅឋាន៕
ប្រភពពី វិទ្យុអាស៊ីសេរី