ឃាត់ខ្លួនមនុស្សប្រុសម្នាក់ស្រី៥នាក់ដកហូតថ្នាំញៀនជិត៣គីឡូក្រាមនិងលុយសរុបជិត១០ម៉ឺនដុល្លារ
រាជធានីភ្នំពេញ៖ មនុស្សប្រុសស្រី៥នាក់ដែរជាមេខ្លោងធំគ្រឿងញៀន ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការចុះបង្ក្រាបនៅផ្ទះល្វែងសង់ថ្មីមួយកន្លែង ក្នុងសង្កាត់បឹងសាឡាង និងដកហូតថ្នាំញៀនជិត៣គីឡូក្រាម លុយដុល្លារ៥៤៥០០ដុល្លារអាមេរិក និងលុយខ្មែរ១៧០លានរៀល រថយន្តចំនួន៣គ្រឿង និងដកហូតកាំភ្លើងខ្លីស៊េរីទំនើបមួយដើម។
ករណីបង្ក្រាបមនុស្សប្រុសស្រី៥នាក់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅផ្ទះល្វែងសង់ថ្មី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលជាប់សង្ស័យនិង ឃាត់ខ្លួនឈ្មោះ ឈុំ ជឿន អាយុប្រហែល៣០ឆ្នាំ ជាមន្ដ្រីអង្គរក្ស មានប្រពន្ធឈ្មោះ នួន ពុទ្ធារី និងនារីម្នាក់ទៀតឈ្មោះ នៅ កញ្ញា អាយុ២៤ឆ្នាំ និងមនុស្សស្រីបីនាក់ទៀត ដែលសមត្ថកិច្ចហៅមកសួរនាំរួចឲ្យត្រឡប់ទៅវិញ ជនសង្ស័យទាំងអស់ត្រូវ បានសមត្ថកិច្ចប្រឆាំងគ្រឿងញៀននាំខ្លួនទៅសួរនាំនៅមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ។
ប្រភពបន្ដទៀតថា មុនពេលចុះប្រតិបត្ដិការបង្ក្រាបករណីជួយ ដូរគ្រឿងញៀននេះគឺដឹកនាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការពីលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងលោក ប៊ន សំអាត នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងកំណត់មុខ សញ្ញាច្បាស់លាស់ ទើបនៅវេលាម៉ោង ខាងលើនេះសមត្ថកិច្ចក៏ចុះឡោមព័ទ្ធ ទីតាំងផ្ទះល្វែងសង់ថ្មីនេះដោយឃាត់ខ្លួន បានមនុស្សប្រុសស្រី៥នាក់រួមនឹងវត្ថុ តាងជាក់ស្ដែងផងដែរ។
សមត្ថកិច្ចបានបន្ដទៀតថា ក្នុងការចុះប្រតិបត្ដិការខាងលើនេះសមត្ថកិច្ចបានដកហូតបានលុយ៥៤៥០០ដុល្លារ, លុយខ្មែរ១៧០លានរៀល, ថ្នាំញៀនជាច្រើនថង, រថយន្ដ៣គ្រឿងមានម៉ាកឡិចស៊ិស RX-330, ម៉ាកព្រូស និងមួយគ្រឿងទៀតម៉ាកកាមរីបាឡែន ព្រមទាំងដកហូតកាំភ្លើងខ្លីមួយដើម និងមនុស្សប្រុសស្រីដែលសង្ស័យ៥នាក់ផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនទាំងសម្ភារ វត្ថុតាងនានាខាងលើ និង ជនសង្ស័យទាំងបីនាក់ យកទៅរក្សាទុក និងឃុំខ្លួននៅការិយាល័យប្រយុទ្ឋប្រឆាំងគ្រឿងញៀន ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ប្រភពពី Free Press Magazine