អាមេរិក និងចិននឹងជៀសមិនផុតពីការប្រជែងគ្នាក្នុងរឿងបង្កើតតំបន់សេដ្ឋកិច្ចពិសេស
នៅមុនជំនួបកំពូលអង្គការAPECបើកធ្វើ នៅថ្ងៃចន្ទ នៅទីក្រុងប៉េកាំង ចិន និងអាមេរិក បានបង្ហាញឲ្យឃើញពីការខ្វែងគំនិតគ្នា។ កាលពីថ្ងៃអាទិត្យ មន្រ្តីជាន់ខ្ពស់របស់អាមេរិកម្នាក់បានអះអាងថា គម្រោងបង្កើតតំបន់ដោះដូរសេរីដែលចិនស្នើឲ្យលើកទៅពិភាក្សានៅក្នុងកិច្ចប្រជុំAPECនោះ គ្រាន់តែគំនិតសម្រាប់អនាគតវែងទៅមុខ ប៉ុន្តែ វានឹងមិនអាចចេញរូបរាងដើម្បីទៅប្រកួតប្រជែងនឹងគម្រោងអន្តរប៉ាស៊ីហ្វិកដែលអាមេរិកបានបង្កើតឡើងរួចហើយនោះទេ។
ប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំដែលបើកធ្វើមួយថ្ងៃមុនជំនួបកំពូលAPEC នៅទីក្រុងប៉េកាំង
©REUTERS/Wang Zhao/Pool
ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរ ចិនមិនខ្លាចនឹងធ្វើនយោបាយដើម្បីប្រជែងយ៉ាងចំៗជាមួយសហរដ្ឋអាមេរិក។ កាលពីថ្ងៃសៅរ៍ ទីក្រុងប៉េកាំងបានស្នើគម្រោងបង្កើតតំបន់ដោះដូរសេដ្ឋកិច្ចពិសេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅឲ្យតំណាងប្រទេសទាំង២១របស់អង្គការAPECបោះឆ្នោតគាំទ្រ។ ទាំងឈ្មោះ និងទិសដៅរបស់គម្រោងស្នើដោយប្រទេសចិន គឺដូចគ្នាសឹងទាំងស្រុង ទៅនឹងតំបន់ដោះដូរពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ដែលអាមេរិកដឹកនាំ។
នៅក្នុងគម្រោងដោះដូរពាណិជ្ជកម្មសេរី ឬ ដៃគូអន្តរ-ប៉ាស៊ីហ្វិក Partenariat Trans-Pacifique (TPP) ដែលអាមេរិកជាអ្នកផ្តួចផ្តើមគំនិត មានចូលរួមពីប្រទេសចំនួន ១២ ដែលជាសមាជិករបស់អង្គការAPEC ដូចជាជប៉ុន អូស្ត្រាលី វៀតណាមជាដើម ប៉ុន្តែ គ្មានចិននោះទេ។ កាលពីខែកញ្ញាឆ្នាំមុន ទីក្រុងប៉េកាំងធ្លាប់បានបង្ហាញចេតនាចង់ចូលរួមនៅក្នុងគម្រោងដោះដូរពាណិជ្ជកម្ម ដៃគូរអន្តរប៉ាស៊ីហ្វិករបស់អាមេរិកដែរ ប៉ុន្តែ ដោយសារតែត្រូវគោរពលក្ខខណ្ឌច្រើនពេក ប៉េកាំងបានសម្រេចដកឃ្លាមកវិញ។ ម្យ៉ាងដោយមើលឃើញថា អាមេរិកតាមរយៈ គម្រោងដៃគូអន្តរប៉ាស៊ីហ្វិក ចង់បោះយុថ្កា ដណ្តើមចំណែកសេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់ ចិនបានសម្រេចងាកទៅបង្កើតគម្រោងថ្មីមួយ ដែលគេមើលឃើញយ៉ាងច្បាស់ថា នឹងដើរតួជាគូប្រជែង ដើម្បីអូសទាញប្រទេសដៃគូរបស់អាមេរិក។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីប្រកាសដែលជាអត្ថបទព្រាងនៅឡើយ និងដែលទីភ្នាក់ងារព័ត៌មានបារាំង AFPបានទទួល កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលចិនមានបំណងចង់ឲ្យកិច្ចប្រជុំលើកយកគម្រោងបង្កើតតំបន់ដោះដូរសេរីរបស់ខ្លួន ទៅសិក្សាលម្អិត។ ប៉ុន្តែ សំណើនេះត្រូវអាមេរិកប្រឆាំង ដោយហេតុផលថា តាមទម្លាប់ ប្រសិនបើគេសិក្សាទៅគម្រោង នោះមានន័យថា គេអាចឈានទៅដល់ការចរចាបង្កើតកិច្ចព្រមព្រៀងដោះដូរដោយសេរីមួយ។
តាម មន្រ្តីតំណាងពាណិជ្ជកម្មអាមេរិក គម្រោងរបស់ចិន នឹងមិនត្រូវគេលើកយកទៅសរសេរនៅក្នុងសេចក្តីប្រកាសរបស់អង្គការAPEC ដែលគេត្រូវបញ្ចេញឲ្យឃើញនៅថ្ងៃបិទបញ្ចប់នៃជំនួបកំពូលនៅថ្ងៃអង្គារទេ ព្រោះវាជាគម្រោងទៅថ្ងៃអនាគត សម្រាប់អភិវឌ្ឍក្នុងតំបន់។ សម្រាប់មន្រ្តីអាមេរិកខាងលើ នៅក្នុងអំឡុងពេលនេះ គេគួរផ្តោតពិភាក្សាទៅលើគម្រោងបង្កើតតំបន់ពាណិជ្ជកម្ម អន្តរប៉ាស៊ីហ្វិករបស់អាមេរិក ដែលជាគម្រោងកំពុងមានស្រាប់រួចហើយនោះ៕ ប្រភព ៖ rfi