បណ្តាញ​ចលនា​សង្គម​រក​ចំណុចខ្សោយ​បក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​ដើម្បី​ជំរុញ​ឲ្យធ្វើ​ការ​តាម​ប្រជាធិបតេយ្យ​​

11/10/2014 0 Comments A+ a-

បណ្តុំ​អង្គការ​សង្គម​ស៊ីវិល ឬ​ហៅ​ថា “​បណ្តាញ​ចលនា​សង្គម​” នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ បាន​ពិភាក្សា​ជាមួយ​បណ្តាញ​នានា ដើម្បី​រក​ចំណុច​ខ្វះ​ខាត​ដែល​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​មិន​បាន​អនុវត្ត​ស្រប​តាម​គោល​ការ​ប្រជាធិបតេយ្យ​។​
សាស្ត្រាចារ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក មាស នី ឲ្យ​VOD​ដឹងថា ការជួប​ពិភាក្សា​នោះ គឺ​សិក្សា​ពី​ចំណុច​ខ្វះខាត​មួយចំនួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រួច​យក​ចំណុច​ខ្វះខាត​ទាំងនោះ ធ្វើ​ជា​សំណើ​ដាក់​សម្ពាធ​ទៅ​បក្ស​ទាំងនោះ ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​ធ្វើ​ការងារ​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដោយ​ពុំ​មាន​គ្រួសារនិយម និង​បក្សពួក​និយម​ជាដើម​។ លោក​បន្តថា ការ​ជួប​ពិភាក្សា​នោះ នឹង​បើក​ឲ្យមាន​សមាជិក​ចូលរួម​បន្ថែ​មចាប់​ពី​១០០​ទៅ​២០០​នាក់ ដើម្បី​ចងក្រង​បណ្តាញ​នេះ​ឲ្យ​កាន់តែ​រឹងមាំ​។
​ទោះយ៉ាងណា លោក មាស នី មិន​បាន​បញ្ជាក់​ថ្ងៃ​ដែល “​បណ្តាញ​ចលនា​សង្គម​” គ្រោង​ដាក់​សំណើ​ទៅ​គណបក្ស​ទាំង​ពីរ​នោះ​ទេ​។ តែ​លោក​ថា រាល់​សំណើ​ដែល​ដាក់​ទៅហើយ បើ​គណបក្ស​ទាំង​ពីរ​មិន​ធ្វើ​តាម​ទេ នោះ​ “​បណ្តាញ​ចលនា​សង្គម​” នឹង​ពិចារណា​បង្កើត​គណបក្ស​ថ្មី​មួយ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បក្ស​ទាំង​ពីរ​នៅ​ពេល​ខាងមុខ​។​
លោក​មាស នី លើក​ឲ្យដឹង​ដែរថា បណ្តាញ​ចលនា​សង្គម​យល់ថា ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អាសនៈ​ក្នុង​សភា មិនទាន់​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ទេ​។ លោក​ថា ការសម្រេច​កិច្ចការ​ប្រទេសជាតិ​ទាំងអស់ ស្ថិតនៅ​លើ​មេបក្ស​ជា​អ្នក​បញ្ជា សូម្បី​តែ​តំណាងរាស្ត្រ​ក្នុង​សភា សម្រេច ឬ អនុម័ត​ច្បាប់​អ្វីមួយ តំណាងរាស្ត្រ​ទាំងនោះ មិន​បាន​បង្ហាញ​ឆន្ទៈ​ឯករាជ្យ​ឡើយ ដោយ​គេ​តម្រូវ​ឲ្យ​បោះឆ្នោត​ដោយ​លើកដៃ​។​
ដោយសារ​បញ្ហា​នេះ “​បណ្តាញ​ចលនា​សង្គម​” គ្រោង​ចុះបញ្ជី​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ នា​ដើមឆ្នាំ​២០១៥​នេះ នូវ​អ្វី​ដែល​ក្រុម​នេះ​យល់ថា ជា​ចលនា​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អ្នកនយោបាយ​ខ្មែរ ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​៕ ប្រភព ៖ VOD