អាជ្ញាធរ​ថៃ​បន្ត​បញ្ជូន​ពលករ​ចំណាកស្រុក​៣០​នាក់​បន្ថែម​ទៀត​មក​កម្ពុជា​វិញ​

11/10/2014 0 Comments A+ a-

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ឲ្យដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ចំណាកស្រុក​ចំនួន​៣០​នាក់ ចូលមក​កម្ពុជា​វិញ តាម​ច្រក​ព្រំដែន​ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្ត​បាត់តំបង​។​
​កាលពី​ថ្ងៃ​ទី៦​វិច្ឆិកា ឆ្នាំ​២០១៤ ពលករ​ខ្មែរ​ចំណាកស្រុក​៤៧៧​នាក់​ត្រូវបាន​បញ្ជូន​មក​កម្ពុជា​តាម​ច្រក​ប៉ោយ​ប៉ែត​។
របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី៨ ​វិច្ឆិកា​ ម្សិលមិញ​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៧ ​វិច្ឆិកា អាជ្ញាធរ​ថៃ​បាន​បន្ត​ចាប់​ពលករ​ខ្មែរ​ចំណាកស្រុក​ខុស​ច្បាប់​ចំនួន​៣០​នាក់​បន្ថែមទៀត បញ្ជូន​មក​កម្ពុជា​វិញ បន្ទាប់ពី​ពួកគេ​បាន​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​។
កាលពី​ខែ​មិថុនា ឆ្នាំ​២០១៤ អាជ្ញាធរ​ថៃ​ធ្លាប់​ចាប់​ពលករ​ខ្មែរ​ខុសច្បាប់ និង​ស្រប​ច្បាប់​ប្រមាណ​២៥​ម៉ឺន​នាក់ ដឹក​តាម​រថយន្ត​ទ្រុង​មក​ទម្លាក់ចោល​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និង​ខេត្ត​ប៉ៃលិន​។ ចំណាត់ការ​នេះ អាជ្ញាធរ​យោធា​ថៃ​ធ្វើ​ឡើង​ក្រោម​ហេតុផល​ពង្រឹង​ការអនុវត្ត​ច្បាប់ ក្នុងប្រទេស និង​ចៀសវាង​ការជួញដូរ​មនុស្ស​។​
បន្ទាប់ពី​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា​នោះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ចេញ​អនុក្រឹត្យ​មួយ​កំណត់​ឲ្យ​ភាគី​ពាក់ព័ន្ធ យក​ថ្លៃ​ធ្វើ​លិខិត​ឆ្លងដែន​ធម្មតា​ពីពលករ ក្នុង​១​នាក់ ចំនួន​៤៩​ដុល្លារ ក្នុងនោះ​រួមមាន បង់ថ្លៃ​សេវា​ថតរូប​ចំនួន​៤​ដុល្លារ ធ្វើ​ប័ណ្ណ​ការងារ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន ១០​ដុល្លារ ធ្វើ​ទិដ្ឋាការ​ការងារ​នៅ​ស្ថានទូត​ថៃ ចំនួន​២០​ដុល្លារ ហើយ​ថ្លៃ​សោហ៊ុយ​ចំណាយ​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​ទល់ដែន​ថៃ ចំនួន​១៥​ដុល្លារ​។ តែ​សង្គម​ស៊ីវិល​រិះគន់ថា ចំណាត់ការ​នេះ​មិនទាន់​មាន​ប្រសិទ្ធភាព​១០០%​នៅឡើយ ដោយសារ​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ស្ថាប័នរដ្ឋ​មិន​បាន​បើក​ឲ្យ​ទូលាយ ទើប​ធ្វើឲ្យ​ពលករ​នៅតែ​បន្ត​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​បែបនេះ​៕ ប្រភព ៖ VOD