តើ​ចិន ជប៉ុនអាច​ធ្វើការ​ជាមួយ​គ្នា ដើម្បី​បន្ថយ​ភាព​តានតឹង​​​ដែរ​ឬទេ?

11/10/2014 0 Comments A+ a-

រដ្ឋមន្រ្តីការបរទេស​ចិន និង​ជប៉ុន​បាន​ជួប​ពិភាក្សា​គ្នា ជា​ផ្លូវការ កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ ក្នុង​ទីក្រុង​ប៉េកាំង។ ជំនួប​លើក​ទីមួយ រវាង​មន្រ្តី​​ជាន់ខ្ពស់ ចិន និង​ជប៉ុន​ធ្វើ​ឡើង នៅមួយ​ថ្ងៃ​ក្រោយ​ប្រទេស​ទាំងពីរ​បាន​សន្យា​ចូលរួម​កាត់បន្ថយ​ភាពតានតឹង​ដែល​ជប៉ុន និង​ចិន​កំពុង​មាន​ជាមួយ​គ្នា។
grfeli
នាយករដ្ឋមន្រ្តី​ជប៉ុន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ចប្រជុំ​កំពូល​ស្តីពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក​នៅ​ទីក្រុង​ប៉េកាំង នៅថ្ងៃ​ចន្ទ​ទី ១០​វិច្ឆិកា
©REUTERS/Kim Kyung-Hoon
ចាប់តាំង​ពី​ចិន និង​ជប៉ុន​មាន​ភាពតានតឹង​នឹង​គ្នា ក្នុង​រយៈពេល​ពីរឆ្នាំ​ចុងក្រោយ នេះ​ជា​លើក ទីមួយ ដែល​មន្រ្តី​ជាន់ខ្ពស់​របស់​ចិន និង​ជប៉ុន​បាន​ជួប​ពិភាក្សា​គ្នា​ជា​ផ្លូវការ។ នៅក្នុង​ជំនួប ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន ដែល​ធ្វើ​នៅក្រៅ​ក្របខ័ណ្ឌ​កិច្ចប្រជុំ ត្រៀម​បើក​វេទិការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក ក្នុង​ទីក្រុង​ប៉េកាំង រដ្ឋមន្រ្តី​ការបរទេស​ចិន​បាន​អះអាងថា កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំងពីរ​បាន​ធ្វើ​ជាមួយ​គ្នា​កាលពី​ថ្ងៃ​សុក្រ បញ្ជាក់​ពី​ការបោះជំហាន​ទៅមុខ យ៉ាងសំខាន់។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​កាសែត​ចិន​ថ្មី។
កាលពី​ថ្ងៃ​សុក្រ នៅក្នុង​សេចក្តី​ថ្លែងការណ៍ ពីរ​ផ្សេង​គ្នា ចិន និង​ជប៉ុន​បាន​លើក​ឡើង​ថា ប្រទេស​ជិតខាង​ទាំងពីរ យល់ព្រម​ឲ្យ​មាន​ការចរចា​ឡើងវិញ ខាង​ផ្នែក​នយោបាយ ការទូត និង​សន្តិសុខ។ តាម​ទូរទស្សន៍​ជប៉ុនវិញ លោក​រដ្ឋមន្រ្តី​ការបរទេស ជប៉ុន​បាន​វាយតម្លៃថា ការពិភាក្សា​​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ចិន​បាន​ជួយ​បើកផ្លូវ ដើម្បី​ឲ្យ​ចិន ជប៉ុន​ត្រលប់​ទៅ​មាន​ទំនាក់ទំនង​ធម្មតា​នឹងគ្នា​វិញ។
លោក​ស៊ីនហ្សូ​ អាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន ធ្លាប់​បាន​បង្ហាញ​ចេតនា ចង់បើក​កិច្ច​ចរចា​ជាមួយ​លោកប្រធានាធិបតី​​ចិន ស៊ី ជីនពីង ប៉ុន្តែ​ប៉េកាំង​តែង​បដិសេធ​រហូតមក។ ប៉េកាំង បដិសេធ ដោយសារ​តែ​រឿង​អតីតកាល​ប្រវត្តិសាស្រ្ត និង​ដោយសារ​ជម្លោះ​ដី​កោះ​សេនកាគូ ឬ​ដែល​ចិន​ហៅ​ទៀវយូ។
កន្លងមក ទីក្រុង​តូក្យូ​ធា្លប់​អះអាង​ថា ប្រជុំកោះ​សេនកាគូ​មិនមែន​ជា​ប្រភព​ជម្លោះ​រវាង​ចិន និង​ជប៉ុន ពីព្រោះថា ប្រជុំកោះ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ជប៉ុន ដែល​គេ​មិន​ត្រូវ​លើក​យក​មក​និយាយចរចា​អ្វី​ទាំងអស់។ ប៉ុន្តែ កាលពី​ពេលថ្មីៗ រដ្ឋាភិបាល​ជប៉ុន​ទើប​បាន​ប្តូរ​ជំហរ ដោយ​បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ភាពតានតឹង​ជាមួយ​ចិន ដោយសារ​រឿង​ប្រជុំកោះមែន។ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ទីក្រុង​តូក្យូ​បាន​បង្ហាញ​ចេតនា​ចង់​បង្កើត​យន្តការ​ពិភាក្សា មួយ​ជាមួយ​ចិន នៅក្នុង​ករណី​មាន​វិបត្តិ ពោល​គឺ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​សា្ថនភាព​អាក្រក់ កាន់តែ​ធ្លាក់​ដុនដាប។
ការប្តូរជំហរ​របស់​ជប៉ុន រួមផ្សំ​នឹង​កិច្ចព្រមព្រៀង កាលពីថ្ងៃ​សុក្រ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ អាច​ធ្វើ​ឲ្យ​ជឿថា នឹង​អាច​មាន​ជំនួប​កំពូល​រវាង​លោក​ប្រធានាធិបតី​ចិន និង​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន នៅក្រៅ​ក្របខ័ណ្ឌ​ជំនួប​កំពូល​APEC នៅថ្ងៃ​ចន្ទ។ ប៉ុន្តែ យ៉ាងណាក៏ដោយ រហូត​មក​ដល់​ព្រឹកថ្ងៃ​អាទិត្យ នៅ​មិនទាន់​មាន​ភាគី ណាមួយ​បាន​ប្រកាស ឬ​បញ្ជាក់​ថា នឹង​មាន​ ជំនួប​កំពូល​ចិន ជប៉ុន នៅថ្ងៃ​ចន្ទ​ស្អែក​ដែរ ឬ​យ៉ាងណា​នោះទេ៕ ប្រភព ៖ rfi