ជិន ស្រីនុត ចាត់ទុកអ្នកវាយ ប្រហារនាង ជាក្រុមចូលចិត្ត ច្រណែនឈ្នានីស

11/12/2014 0 Comments A+ a-

ភ្នំពេញ៖ តារាចម្រៀង ចំណូលថ្មី របស់ផលិតកម្ម M កញ្ញា ជិន ស្រីនុត ថ្មីៗនេះ បានទទួលរងនូវសំឡេង រិះគន់ជាច្រើន ពីសំណាក់ទស្សនិកជន និងអ្នកគាំទ្រ ខណៈដែលតារារូបនេះ បន្តប្រកាន់ចរិតឆ្មើងឆ្មៃ ដាក់អ្នកធ្លាប់ស្គាល់គ្នា ជាពិសេសមហាជន ដែលធ្លាប់គាំទ្ររូបនាង ចាប់តាំង ពីនាងល្បីឈ្មោះ។ ប៉ុន្តែក្រោយពីទទួលបានដំណឹងនេះ តារាស្រី កញ្ញា ជិន ស្រីនុត បានចេញមុខបដិសេធថា ពុំមែនជាការ ពិតនោះឡើយ។
ថ្លែងប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ កញ្ញា ជិន ស្រីនុត បាននិយាយប្រាប់ឱ្យដឹងថា ចំពោះរឿងដែលគេនិយាយថា នាងវាយឫកដាក់ទស្សនិកជន និងអ្នកសិល្បៈក្រោយបានល្បីឈ្មោះនោះ វាពុំមែនជាកាពិត ដូចជាការលើក ឡើងនេះឡើយ ។
កញ្ញា ជិន ស្រីនុត បាននិយាយបញ្ជាក់ថា រឿងដែលគេយកមកនិយាយ វាយប្រហារមកលើខ្លួន នេះអាចជាចេតនា ដើម្បីបង្ខួចកេរ្តិ៍ឈ្មោះ ពីសំណាក់មនុស្ស មួយក្ដាប់តូច ដែលតែងតែតាមច្រណែនឈ្នានីស និង ប្រឌិតរឿងនេះឡើង ក្នុងគោលបំណង ឱ្យទស្សនិកជន មានការយល់ច្រឡំ មកលើខ្លួននាងផ្ទាល់ ដោយមិនបានដឹងអ្វី ទាំងអស់នោះ។
តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម M ជិន ស្រីនុត បាននិយាយបន្តថា ពេលដែលនាងបានឃើញព័ត៌មាននេះភ្លាម បានធ្វើឱ្យខ្លួននាង មានការរម្មណ៍មិនសប្បាយចិត្តទេ ព្រោះនេះជាកានិយាយ មួលបង្កាច់បង្ខួចដល់នាង ។ម្យ៉ាងទៀតវា អាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់កេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាព ក្នុងវិស័យសិល្បៈ របស់នាងទៀតផង។
ទន្ទឹមនឹងគ្នានេះ ជិន ស្រីនុត ក៏បានបញ្ជាក់ជាថ្មី ប្រាប់ដល់ទស្សនិកជន តាមរយៈគេហទំព័រ ដ៏មានប្រជាប្រិយភាព LookingTODAY ថា ចាប់តាំងពីនាងចូលប្រឡូក ក្នុងវិស័យសិល្បៈ រហូតមកដល់ពេលនេះ គឺមិនដែលគិត និងប្រកាន់ខ្លួន ឬមួយវាយឫក ដាក់នរណាម្នាក់ឡើយ មិនថាមហាជន អ្នកគាំទ្រ និង មិត្តជាអ្នកសិល្បៈ រួមអាជីពដូចគ្នាទេ។ អ្វីដែលជាការរិះគន់នេះ គ្រាន់តែជាការច្រណែន ពីមនុស្សមួយក្តាប់តូច ដើម្បីវាយប្រហារលើខ្លួននាង តែប៉ុណ្ណោះ៕