ក្រុម​ការងារ​បច្ចេកទេស​របស់​រដ្ឋាភិបាល ថៅកែ​រោងចក្រ និង​សហជីព បញ្ចប់​កិច្ចប្រជុំ ដោយ​មិន​បាន​ឯកភាព លើ​ការ​តម្លើង​ប្រាក់ខែ​កម្មករ​

11/02/2014 0 Comments A+ a-

ភ្នំពេញ: ក្រុម​ការងារ​បច្ចេកទេស​ត្រីភាគី ដែល​មាន​សមាសភាព​ម​ក​ពី​រដ្ឋាភិបាល ៩ រូប ភាគី​ថៅកែ​រោងចក្រ ៩ រូប និង​មេដឹកនាំ​សហជីព ៩ រូប បានបញ្ចប់​កិច្ចប្រជុំ​រយៈពេល ៧ ថ្ងៃ កាលពី​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែតុលា ឆ្នាំ​២០១៤​។ ប៉ុន្តែ​កិច្ចប្រជុំ​របស់​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ ត្រីភាគី​នោះ មិន​បាន​ឯកភាព លើ​តួលេខ​រួម ស្តីពី​ការ​តម្លើង​ប្រាក់ខែ​កម្មករ សម្រាប់​ឆ្នាំ​២០១៥ នោះទេ​។​
​តាមរយៈ​សន្និសីទ​កាសែត នៅពេល​បិទ​បញ្ចប់​កិច្ចប្រជុំ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺ​ភាគី​ទាំងបី មាន​តួលេខ ឬ​ជំហរ​រៀងខ្លួន​។ សម្រាប់​ភាគី​តំណាង​រដ្ឋាភិបាល កំណត់​យក​លេខ ១២១ ដុល្លារ​។ ភាគី​ថៅកែ​រោងចក្រ រក្សា​ជំហរ​តម្លើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ ត្រឹម ១១០ ដុល្លារ​។ រីឯ​ភាគី​សហជីព កំណត់​តួលេខ ១៤០ ដុល្លារ​។​
​ប៉ុន្តែ​តំណាង​រដ្ឋាភិបាល បានប្រកាសថា ក្រុម​ការងារ​បច្ចេកទេស សម្រេច​យក​តែ​តួលេខ​ពីរ​ប៉ុណ្ណោះ ដើម្បី​បញ្ជូន​ទៅ​កាន់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ ដែល​ជា​យន្តការ​ត្រីភាគី ប្រជុំ​សម្រេច​លើ​ការ​តម្លើង​ប្រាក់ខែ​កម្មករ​។ នោះ​គឺ​តួលេខ ១១០ ដុល្លារ ដែលជា​ជំហរ​របស់​ភាគី​ថៅកែ​រោងចក្រ និង​តួលេខ ១២១ ដុល្លារ ដែលជា​ជំហរ​របស់​រដ្ឋាភិបាល​។​
​ជា​ការកត់សម្គាល់ គណៈកម្មការ​ប្រឹក្សា​ការងារ ដឹកនាំ​ដោយ​លោក​អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​មាន​ការចូលរួម​ពី​ភាគី​រដ្ឋាភិបាល ភាគី​ថៅកែ​រោងចក្រ និង​ភាគី​សហជីព​កម្មករ នឹង​ជួប​ប្រជុំ​គ្នា ដើម្បី​សម្រេច​ចុងក្រោយ លើ​ការ​តម្លើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ នៅក្នុង​វិច្ឆិកា​។ កម្មករ​រោងចក្រ​កាត់ដេរ​សព្វថ្ងៃ ទទួលបាន​ប្រាក់ខែ​អប្បបរមា ចំនួន ១០០ ដុល្លារ​៕ ប្រភព ៖ CEN