នាយករដ្ឋមន្ត្រី​អូស្ត្រាលី​រង​នូវ​ការបង្ខំ​ឲ្យ​បញ្ជូន​បុគ្គលិក​សុខាភិបាល​ទៅ​ទ្វីប​អាហ្វ្រិក​​

11/02/2014 0 Comments A+ a-

​រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​ប្រឈម​នឹង​ការរិះគន់​ជាច្រើន ជុំវិញ​ករណី​ដែល​ប្រទេស​នេះ មិន​បញ្ជូន​បុគ្គលិក​សុខាភិបាល​របស់​ខ្លួន​ទៅ​ទ្វីប​អាហ្វ្រិក ដើម្បី​ជួយ​ប្រយុទ្ធ​នឹង​ជំងឺអេបូ​ឡា​។
​មន្ទីរពេទ្យ​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់​ដាក់​នៅ​តាម​សមរភូមិ ដែល​មាន​គ្រែ​សម្រាប់​អ្នកជំងឺ​២៥​នាក់ នឹង​បើក​ដំណើរការ​ព្យាបាល​បុគ្គលិក​សុខាភិបាល​អន្តរជាតិ ដែល​ឆ្លង​មេរោគ​អេ​បូឡា​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។​
_78652933_78652904-2014-11-01
រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី​បាន​និយាយ​ថា ស្ថានភាព​នៅ​អាហ្វ្រិក​ខាងលិច​មាន​គ្រោះថ្នាក់​ណាស់​ចំពោះ​បុគ្គលិក​សុខាភិបាល​អូស្ត្រាលី (រូបភាពពី៖ www.bbc.com)
​ស្ត្រី​អ្នកនាំពាក្យ​ផ្នែក​ការងារ​សុខ​ភាព លោកស្រី Catherine King ថ្លែងថា ពេលនេះ​មិនមាន​ការលើកលែង​ទោស​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ទេ ជុំវិញ​ករណី​ដែល​ប្រទេស​នេះ​មិន​បញ្ជូន​បុគ្គលិក​សុខាភិបាល​ទៅ​ទ្វីបអាហ្វ្រិក​នោះ​។
​ជា​យូរ​មក​ហើយ ប្រទេស​អូស្ត្រាលី​បាន​បដិសេធ​មិន​បញ្ជូន​បុគ្គលិក​សុខាភិបាល​របស់​ខ្លួន​ទៅកាន់​ទ្វីបអាហ្វ្រិក ដោយ​ថ្លែង​ថា ខ្លួន​មិន​មាន​លទ្ធភាព​ជម្លៀស និង​ព្យាបាល​ពួកគេ​ទេ បើសិន​ជា​ពួកគេ​ឆ្លង​មេរោគ​អេ​បូឡា​នោះ​។​
​ទោះ​យ៉ាងណា​ប្រទេស​អូស្ត្រាលី​បាន​ផ្ដល់ប្រាក់​៨​លាន​ដុល្លារ​អូស្ត្រាលី ដល់​សេវាកម្ម​ជួរមុខ និង​ប្រាក់​៤០​លាន​ដុល្លារ​អូស្ដ្រាលី​ផ្សេងទៀត ដល់​អង្គការ​សុខភាព​ពិភពលោក ហើយ​មិន​បាន​បដិសេធ​ឈប់​បន្ត​ជំនួយ​នោះទេ​។​
​ប្រទេស​សៀ​រ៉ា​ឡេ​អូន និង​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​ថ្កោលទោស​ការសម្រេចចិត្តរ​បស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន មិន​ឲ្យ​ពលរដ្ឋ​កាន់​លិខិតឆ្លងដែន​មកពី​ប្រទេស​មាន​ឆ្លង​ជំងឺអេបូ​ឡា​នៅ​ទ្វីបអាហ្វ្រិក ចូល​ទៅ​ប្រទេស​ខ្លួន ថា​ជា​ការរើសអើង​។​
​មកដល់ពេលនេះ មនុស្ស​ជិត​៥០០០​នាក់​បាន​ស្លាប់​ដោយ​ជំងឺអេបូ​ឡា ហើយ​ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ​សរុប​មាន​ច្រើន​ជាង​១៣៧០០​នាក់ ភាគ​ច្រើន​បំផុត​នៃ​អ្នក​ឆ្លង​ជំងឺ​ទាំងនោះ​ស្ថិត​នៅក្នុង​ទ្វីប​អាហ្វ្រិក ដូចជា​នៅ​ប្រទេស​លី​បេរី សៀ​រ៉ា​ឡេ​អូន និង​ប្រទេស​ហ្គី​នៀ​៕ ប្រភព ៖ VOD