កម្ពុជា: អាថ៌​កំបាំង​​ និងផលចំណេញនៅ​ក្នុង​​កិច្ច​ប្រ​ជុំ​​អា​ស៊ាន​​ក្នុង​ប្រទេស​ភូមា​ដែលប្រទេសកម្ពុជាទទួលបាន!!

11/21/2014 0 Comments A+ a-

ភ្នំពេញ: ភូមា​បាន​ចូល​ជា​សមាជិក​របស់​អាស៊ាន​កាលពី​១៤ ឆ្នាំមុន (១៩៩៧) តែ​ជា​កូនពៅ​គេ​បង្អស់​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូងឬ​ជា​លើកទីមួយ ដោយសារ​ប្រទេសមួយ​នេះ មាន​បញ្ហា​ផ្ទៃក្នុង​ជុំវិញ​ការបន្ត​ប្រកាន់យក របប​យោធានិយម បញ្ហា​ប្រទូសរ៉ាយ​ជុំវិញ​លទ្ធិប្រជាធិបតេយ្យ បញ្ហា​សិទ្ធិមនុស្ស ។​ល​។ ធ្វើ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដ៏ទៃទៀត និង​ជាពិសេស​បណ្តា​ប្រទេស​លោកខាងលិច ដែលជា​ដៃគូ​របស់​អាស៊ាន​ដូចជា សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ជាដើម បាន​ព្រមាន​ថា នឹងមិន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ឡើយ បើសិនជា​ប្រទេស​ភូមា​ធ្វើជា​ម្ចាស់ផ្ទះ​។ នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ប្រទេសមួយ​នេះ អាក់ខាន​ពុំ​អាច​ធ្វើជា​ម្ចាស់ផ្ទះ​បាន ចាប់តាំងពី​ឆ្នាំ​១៩៩៧ តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​តែមាន​ផែនទី​ចង្អុល​ផ្លូវ និង​ការអនុវត្តន៍​កំណែ​ទំរង់​ជា​បន្តបន្ទាប់​នៅ​ភូមា ទើប​បណ្តា​ប្រទេស​លោកខាងលិច មិន​ជំទាស់​ទៅនឹង​ភូមា ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ថ្ងៃទី​៩-១៣ ខែវិច្ឆិកា​កន្លងទៅនេះ​។​
១. ព្រឹត្តិការណ៍​គួរ​ឲ្យ​ចាប់អារម្មណ៍​ពេល​ភូមា​ធ្វើជា​ម្ចាស់ផ្ទះ​
– ប្រទេស​ភូមា​បាន​ព្យាយាម កាត់ចោល​កម្មវិធី​ណា​ដែល​គិតថា រសើប​ដូចជា​កិច្ចប្រជុំ​ចង្អៀត (Retreat) របស់​ថ្នាក់ដឹកនាំ​កំពូល ប្រហែលជា​បារ​ម្មណ៍​ខ្លាច​ការជជែក នាំ​ឲ្យ​ស្មុគស្មាញ​និង​ប៉ះពាល់​ដល់​ប្រទេស​ដ៏​ទៃ ជាពិសេស​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ជា​សាវតារ​ជំលោះ​ត​ភាគ នៃ​សង្គ្រាមពាក្យសម្តី និង​ការប៉ះទង្គិច​គ្នា​ម្តងម្កាល លើ​ដែនសមុទ្រ​នៃ​ប្រទេស​ចិន និង​សមាជិក​អាស៊ាន​ពីរ​៖ វៀតណាម និង​ហ្វីលីពីន ហើយ​បញ្ហា​នេះ​កំពុង​បន្ត​តាម​លង​ប្រទេស​ទាំងបី​នេះ តែ​ទីបំផុត​ការព្យាយាម​គេចវេស​របស់​ភូមា នូវតែ​ជាប់អន្ទាក់​របស់​វៀតណាម និង​ហ្វីលីពីន​ដដែល ពោលគឺ​គំរោង​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី​កិច្ចប្រជុំ​កំពូល​លើក​ទី​១៧ របស់​អាស៊ាន​-​ចិន ត្រូវ​ជាប់គាំង​ចេញ​មិន​រួច ដោយសារតែ​វៀតណាម​និង​ហ្វីលីពីន ជំទាស់​នឹង​ពាក្យ​របស់​ចិន (Dual Track Approach)​។ នៅពេលនោះ​វៀតណាម និង​ហ្វីលីពីន ហាក់ដូចជា នៅ​ចងគំនុំ​ជាមួយ​កម្ពុជា រួច​បន្ត​ដល់​ភូមា និង​ព្រមាន​ដល់​ប្រទេស​ថៃ​មួយ​ទៀតថា ថៃ​ដូចជា​លំអៀង​ទៅរក​ចិន នៅពេល​ខ្លួន​ធ្វើជា​ប្រទេស​អ្នកសំរបសំរួល (Country Coordinator) រវាង​អាស៊ាន​និង​ចិន​។​
– អង្គរក្ស​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រឈមមុខ​ដាក់គ្នា ជាមួយ​ក្រុម​សន្តិសុខ​របស់​ភូមា ដែល​ការពារ​ថ្នាក់ដឹកនាំ​ទាំងអស់ ក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច (Gala Dinner) នៅក្នុង​ទីក្រុង​ណៃ​ពិដោ​។ ពេលនោះ​អង្គរក្ស​របស់លោក​អូ​បា​ម៉ា បាន​សម្តែង​ភាព​គឃ្លើន ដោយ​ធ្វើការ​ចល័ត​ឆ្លង​ហួស​ដែន​កំណត់​ជាង ២​ម៉ែត្រ ហើយ​ពួកគេ​មិនបាន​ស្តាប់​ការហាមឃាត់ របស់​កម្លាំង​សន្តិសុខ​របស់​ភូមា​នោះទេ​។ ភ្ញៀវ​ជាច្រើន​ដែល​ចូលរួម អាហារ​ពេល​ល្ងាច​ថ្ងៃនោះ បាន​និយាយថា​វា​គឺជា​ការរំលោភ​លើ ទីលាន​សន្តិសុខ​ដែល​រៀបចំ​ដោយ ប្រទេស​ភូមា​ជា​ម្ចាស់ផ្ទះ​។  បន្ទាប់ពី​មាន​បញ្ហា​តឹងសរសៃក​ដាក់គ្នា ក្រុម​សន្តិសុខ​ភូមា បាន​ហៅ​គ្នា​ជាច្រើន​នាក់​ថែមទៀត មកឈរ​ពាំង និង​កំរិត​ខ្សែបន្ទាត់​ក្រហម មិន​ឲ្យ​អង្គរក្ស​របស់​អូ​បា​ម៉ា បន្ត​ចូលទៅ​តំបន់ហាមឃាត់​តទៅទៀត​។ ក្រោយ​កម្មវិធី​ត្រូវបាន​បញ្ចប់ សន្តិសុខ​ម្នាក់​របស់​ភូមា បាន​ហៅ​អង្គរក្ស ៣​នាក់​របស់លោក អូ​បា​ម៉ា ទៅ​បន្ទប់​របស់ខ្លួន តែ​ពុំ​ដឹងថា គេ​និយាយ​អំពី​អ្វី ឬក៏​ហៅ​ទៅ​ដើម្បី​ជាការ​ព្រមាន​ក៏​មិនដឹង​។ ដោយឡែក​បណ្តាញ​ព័ត៌មាន​សង្គម (Facebook) របស់​ភូមា បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ក្រុម​សន្តិសុខ និង​អង្គរក្ស​របស់​ប្រធានាធិបតី​អូ​បា​ម៉ា​ថា បាន​រំលោភ​លើ​ដែន​អធិបតីភាព​របស់​ប្រទេស​ភូមា តាមរយៈ​រូបភាព​មួយ​ដែល​បង្ហាញ សន្តិសុខ​របស់​អាមេរិក​បាន​ឆែកឆេរ​ខ្លួន កងកំលាំង​កិត្តិយស​របស់​ភូមា​។​
​សំរាប់​អ្នកសារព័ត៌មាន​អន្តរជាតិ​វិញ គេ​បាន​ពណ៌នា​ថា ក្រុម​អង្គរក្ស​មាឌធំៗ និង​ខ្ពស់ៗ​របស់​អូ​បា​ម៉ា បាន​ឈរ​ពាំង និង​បាំង​អ្នកកាសែត​ដូច​ជញ្ជាំង​បែក​ឡាំង (Berlin Wall) ។ ព្រឹត្តិការណ៍​នេះ​បាន​រំលឹក​ខ្ញុំ ដល់​ហេតុការណ៍​មួយ កើតឡើង​នៅ​ឆ្នាំ​២០១១ នៅពេល​ប្រទេស​ឥណ្ឌូណេស៊ី ធ្វើជា​ម្ចាស់ផ្ទះ ពេលនោះ​ប្រធាន​ពិធីការ​មាឌធំ​គួរសម របស់​ឥណ្ឌូណេស៊ី បាន​បក់ដៃ​ហៅ​អង្គរក្ស​របស់​មេដឹកនាំ​ចិន វ៉ៃ​គ្នា​ដោយសារតែ​ខឹង​អង្គរក្ស​រូបនោះ ចូល​បំពាន​លើស​ខ្សែ​ដែន​កំណត់ ពិធីការ​របស់​ប្រទេស​ជា​ម្ចាស់ផ្ទះ​។​
២. កម្ពុជា​បាន​ចំណេញ​អ្វី​ពី​កិច្ចប្រជុំ​អាស៊ាន​នៅ​ភូមា​?
​តាមពិត​យើង​មើលមិនឃើញ ពី​ផលចំណេញ​ភ្លាមៗ​ពី​ការចូលរួម កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អាស៊ាន​នោះឡើយ ដោយហេតុថា រាល់​ការប្រជុំ​ជាទូទៅ​គេ​ពិភាក្សា លើ​ផលប្រយោជន៍​រួម​របស់​បណ្តា ប្រទេស​អាស៊ាន​ទាំង​១០ និង​បូក​ជាមួយ​ដៃគូ​ជាច្រើន​ទៀត រួមទាំង​មហាអំណាច​ធំៗ​ដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី និង​ប្រទេស​ជា​ដៃគូ​ដ៏ទៃទៀត​ដូចជា ជប៉ុន កូរ៉េ ឥណ្ឌា អូស្ត្រាលី ។ ល​។ ប៉ុន្តែ​ផលចំណេញ​ដែល​អាច​មើលឃើញ​ភ្លាមៗ គឺ​ជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​នៃ​ប្រទេស​នីមួយៗ ដែល​បាន​ឆ្លៀត​កេងចំណេញ ពី​កិច្ចប្រជុំ​តំបន់​ទាំងនេះ​។​
៣. តើ​កម្ពុជា​បាន​កេងចំណេញ​ដែរឬទេ​?
​ថ្នាក់ដឹកនាំ​របស់​ប្រទេស​កម្ពុជា បាន​ជួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​មកពី​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ចំនួន ៦​រួមមាន​៖ អាមេរិក រុស្ស៊ី អូស្ត្រាលី ឥណ្ឌា ជប៉ុន និង​អង្គការសហប្រជាជាតិ​។  បញ្ហា​ជំនួយ បំណុល ប្រឆាំង​ភេរវកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ អាកាសចរណ៍​។​ល​។ គឺជា​ប្រធានបទ​ដែល​បាន​ជជែក​គ្នា​។ ការចាប់អារម្មណ៍​ពិ​សេសមួយ​ក្នុងចំណោម​ជំនួប​ទាំងនោះ គឺ​ការជួបគ្នា​រវាង​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា (Hun Sen-Barack Obama) ។ កាយវិការ​របស់លោក អូ​បា​ម៉ា មកកាន់​លោក ហ៊ុន សែន ត្រូវបាន​គេ​ចាប់អារម្មណ៍ គ្រប់គ្នា​ដោយហេតុថា បន្ទាប់ពី​កិច្ចប្រជុំ​កំពូល អាស៊ាន​-​អាមេរិក ចប់​ភ្លាម ស្រាប់តែ​លោក អូ​បា​ម៉ា ងើប​ស្ទុះ​មក​ចាប់ដៃ លោក ហ៊ុន សែន ហើយ​និយាយ​នូវ​ពាក្យ​អរគុណ​នឹង​សំណួរ​ដែល លោក ហ៊ុន សែន​បាន​សួរ​ត្រង់ៗ​ឥត​បញ្ឆិតបញ្ឆៀង ទៅលើ​លោក​ជុំវិញ​យុទ្ធសាស្ត្រ​ដ៏​រសើប របស់​អាមេរិក​ប្រឆាំង នឹង​ពួក​ឥស្លាម​ជ្រុលនិយម (ISIS) នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី និង​ស្នើ​ឲ្យ​អាស៊ាន​ទាំងមូល​យក​ទំរង់ និង​បង្កើត​នូវ​ការពិភាក្សា​បែបនេះ​តទៅទៀត​។ ក្នុង​កិច្ចប្រជុំ​ពិតជា​គួរ​ឲ្យ​ឆ្ងល់​ថា ជា​ចេតនា​ឬ​អ​ចេតនា ដែល​លោក​អូ​បា​ម៉ា ហៅ​លោក ហ៊ុន សែន ថា President Hun Sen (​លោក​ប្រធាន ហ៊ុន សែន ឬ ប្រធានាធិបតី ហ៊ុន សែន​) មិនមែន​ប្រើពាក្យ Prime Minister Hun Sen (​នាយករដ្ឋមន្ត្រី ហ៊ុន សែន​) ទេ ។​
​សំណួរ​អ្វី​បានជា​គេ​ចាប់អារម្មណ៍​ខ្លាំង​ម្លេះ​?
​មាន​សំណួរ​មួយចំនួន​ដែល​លោក ហ៊ុន សែន បាន​ចោទសួរ​ទៅ អូ​បា​ម៉ា តែ​ខ្ញុំ​សូម​លើក​ជា​ឧទាហរណ៍​ពីរ​ដែល​ពុំមែន​ជា​ពាក្យ​ដើម តែ​ក្នុង​អត្ថន័យ​យ៉ាង​ដូច្នេះ “​តើ​ពួក ISIS និង​របប Bashar al-Assad មួយណា​គ្រោះថ្នាក់​ជាង​? អាមេរិក​វាយ​ពួក ISIS ហើយ​របប Assad ក៏​វាយ ISIS ដូច្នេះ​អាមេរិក​អាច​បែរមក​ចាប់ដៃ​ជាមួយ​របប Assad ដើម្បី​វាយ ISIS រួមគ្នា​ដែរឬទេ​?”
៤. មាន​អាថ៌កំបាំង​អ្វី​មុន​កិច្ចប្រជុំ​នេះ​?
​មេដឹកនាំ​អាស៊ាន​បាន​ជជែក​គ្នា​ជាមុន លើ​ប្រធានបទ​ដែល​ត្រូវ​យកមក​ពិភាក្សា ជាមួយ​លោក អូ​បា​ម៉ា មុន​កិច្ចប្រជុំ​កំពូល អាស៊ាន​-​អាមេរិក ចាប់ផ្តើម ពេលនោះ​មាន​សំណួរ​លើកឡើងថា នរណា​គួរ​លើក​បញ្ហា​អ្វី​? តាមពិត​អាស៊ាន ត្រូវបាន​គេ​បែង​ចែកជា អាស៊ាន​ចាស់ និង​អាស៊ាន​ថ្មី អាស៊ាន​មាន និង​អាស៊ាន​ក្រ អាស៊ាន​ដីគោក និង​អាស៊ាន​ដី​កោះ​។ មេដឹកនាំ​ក៏​ដូចគ្នា ក្នុងចំណោម​មេដឹកនាំ​របស់​អាស៊ាន​ទាំង​១០ ស្តេច​ស៊ុ​លត​ង់ របស់​ប្រទេស​ព្រុយ​ណេ និង​លោក ហ៊ុន សែន ត្រូវបាន​គេ​កត់ត្រា​ជា​មេដឹកនាំ ដែល​កាន់អំណាច​យូរ​ជាងគេ​។ ប្រទេស​កម្ពុជា​ជា​អាស៊ាន​ថ្មី ក្រ និង​ស្ថិតនៅលើ​ដីគោក តែ​ត្រូវបាន​មេដឹកនាំ​របស់​អាស៊ាន លួច​ហៅ​ក្រៅ​និង​ខ្សឹប​ដាក់​ត្រចៀក​គ្នា​ថា លោក ហ៊ុន សែន ជា “​បងធំ​” របស់​អាស៊ាន​។ នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ​បច្ចុប្បន្ន លោក ប្រា​យុ​ថ ចាន់​អូ​ចា ដែលជា​សត្រូវ​លើ​សមរភូមិ​ព្រំដែន​កម្ពុជា​-​ថៃ ជាមួយ​បុរស​ខ្លាំង ហ៊ុន សែន កាលពី​ចន្លោះ​ឆ្នាំ ២០០៨-២០១១ ក៏បាន​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នេះដែរ តែ​លោក​ប្រា​យុ​ថ បាន​ក្រឡា​ខ្លួន​ជា​មិត្ត​ដ៏​ល្អ​របស់លោក ហ៊ុន សែន នៅ​មុនពេល​ប្រជុំ​បន្តិច ហើយ​បាន​បន្ទាបខ្លួន​មិនដឹងថា ជា​ឧបាយកល​របស់គាត់ ឬ​ចេតនា​ពិត បានស្នើ​ឲ្យ​លោក ហ៊ុន សែន ធ្វើជា​តំណាង​របស់​អាស៊ាន ក្នុង​ការដឹកនាំ​កិច្ចពិភាក្សា​ជាមួយ សហរដ្ឋអាមេរិក​លើ​បញ្ហា​ការប្រឆាំង​ភេរវកម្ម​និង​ការ​ប្រឆាំងនឹង​ពួក​ឥស្លាម​ជ្រុលនិយម​។ សំណួរ​របស់លោក ហ៊ុន សែន ទៅកាន់​លោក អូ​បា​ម៉ា ធ្វើ​ឲ្យ​អ្នកចូលរួម​មានការ ភ្ញាក់ផ្អើល​និង​សរសើរ​អំពី​ខ្លឹមសារ​ព្រមទាំង​ភាពក្លាហាន​របស់គាត់ ជាង​មេដឹកនាំ​មកពី​ប្រទេស​ធំៗ និង​ប្រទេស​អ្នកមាន ព្រោះ​សំណួរ​នោះ​ធ្វើ​ឲ្យ​លោក អូ​បា​ម៉ា ពិបាក​នឹង​ឆ្លើយ​តែ​ត្រូវតែ​ឆ្លើយ បែប​ពង្វៀង​ផង និង​បង្ហើប​ផង​។​
​ឥរិយាបទ​របស់លោក ប្រា​យុ​ថ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ទៅដល់​ការ​សំណេះសំណាល​គ្នា​មួយ​រវាង​រូបខ្ញុំ​ជាមួយ​អ្នកកាសែត​ជើងចាស់ និង​ជើង​ខ្លាំង​មួយរូប​របស់​ថៃ គឺ​លោក Kavi Chongkittavorn កាលពី​ឆ្នាំ​២០០៨ នៅ​ប្រទេស​ថៃ​។ លោក Kavi ជា​និពន្ធ​នាយករង​របស់​កាសែត The Nations អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ គាត់​ជា​អ្នកកាសែត​ដែល​មិន​សំចៃមាត់​និង​មិន​សំចៃ​ដៃ ក្នុងការ​សរសេរ​អត្ថបទ​អំពី​ប្រទេស​កម្ពុជា និង​ការដឹកនាំ​របស់លោក ហ៊ុន សែន​។ ពេលនោះ​លោក Kavi បាន​និយាយថា “​លោក ហ៊ុន សែន កាន់អំណាច​យូរ​ជាងគេ​ក្នុង​ជួរ​អ្នកដឹកនាំ​អាស៊ាន​ទាំងអស់​បន្ទាប់ពី​ស្តេច​ស៊ុ​លត​ង់ គាត់​អាច​ដើរ​ជា​តួឯក និង​តួរង​ក្នុង​អាស៊ាន ប៉ុន្តែ​គាត់​ពុំទាន់​ធ្វើបាន​”​។ ប្រទេស​ថៃ ត្រូវបាន​ជនជាតិ​ខ្លួនឯង​លាប​ពណ៌​ជា​ពីរ​៖ អាវ​ក្រហម និង អាវ​លឿង ។ តាម​ខ្ញុំ​យល់ លោក Kavi មិន​នៅ​ជាមួយ​ក្រុម​អាវ​ក្រហម​ទេ ហើយ​លោក​ប្រា​យុ​ថ មិន​ត្រឹមតែ​មិនមែនជា​អ្នកគាំទ្រ​អាវ​ក្រហម តែ​ជា​អ្នកប្រឆាំង និង​ជា​អ្នក​ផ្តួលរំលំ​ក្រុម​អាវ​ក្រហម របស់លោក ថាក់ ស៊ីន ទៀតផង​។ ដូចនេះ​ឥរិយាបទ​របស់លោក​ប្រា​យុ​ថ ក្នុងការ​លើកតម្កើង​តួអង្គ លោក ហ៊ុន សែន នៅពេលនេះ​ក្នុង​បំណង​អ្វី​?
៥. ដោយឡែក​ជំនួប​របស់​មេដឹកនាំ​កម្ពុជា (​លោក ហ៊ុន សែន​-​ដេ​មី​ត​ទ្រី មេ​ដ​វេ​ដេ​វ​) នាយករដ្ឋមន្ត្រី​របស់​ប្រទេស​រុស្ស៊ី បាន​ប្រយោជន៍​អ្វី​?
​តាម​ការអង្កេត​របស់​ខ្ញុំ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​រុស្ស៊ី​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ហាក់ដូចជា​បាន​ដើរ​លើផ្លូវ​ដ៏​រដាក់រដុប​និង​រលាក់​យ៉ាងខ្លាំង ជា​ទំនាក់ទំនង​បញ្ច្រាស​ទ្រនិច ខុសពី​ទសវត្សរ៍ ៨០ និង​៩០ ដែល​ពេល​នោះគេ​ហៅ​រុស្ស៊ី​ថា ជា​សហភាពសូវៀត​បាន​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​គ្រា​លំបាក និង​បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​យ៉ាងច្រើន​។ រហូតមកទល់​ពេលនេះ​រុស្ស៊ី​គួរ​មាន​មោទនភាព​ជាង​អាមេរិក លើ​បរិបទ​ជាមួយ​ប្រទេស​កម្ពុជា ដោយហេតុថា​ធនធានមនុស្ស​ជាច្រើន​នៅ​កម្ពុជា​បច្ចុប្បន្ន​ត្រូវបាន​បណ្តុះបណ្តាល​នៅ​អតីត​សហភាពសូវៀត ហើយ​អ្នក​ទាំងនោះ​ក៏បាន​ក្លាយជា​មន្ត្រី​ធំៗ និង​មាន​ឥទ្ធិពល​និង​មាន​ទ្រ​ព​ធន​ដ៏​សំបូរហូរហៀរ​ទៀតផង ក្នុងនោះ​អាច​រាប់បញ្ចូល​ដល់​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេ​ដ្ថ​កិច្ច និង​ហិរញ្ញវត្ថុ និង​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។​
​ជំនួប​ថ្នាក់​កំពូល​របស់​កម្ពុជា ជាមួយ​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​រុស្ស៊ី ពេលនេះ​បាន​បំបែក​នូវ​រនាំង​ការទូត​ដ៏​ចង្អៀត និង​មិន​រលូន​ជាមួយ​រុស្ស៊ី ដែលជា​ប្រទេស​បាន​សំងំ​យក​ពិស អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ហើយ​ទើបតែ​ងើបឡើង​សម្តែងឫទ្ធិ​ជាថ្មី​ជាមួយនឹង​មហាអំណាច​ផ្សេងទៀត​។ បំណុល​ដែល​កម្ពុជា​ជំពាក់​រុស្ស៊ី​ចំនួន ១.៥​ពាន់​លាន​ដុល្លា ចាប់តាំងពី​ឆ្នាំ​១៩៧៩ ហើយ​ដែល​រុស្ស៊ី​ពុំ​ព្រម​លប់ចោល​ទាល់តែសោះ​នោះ បាន​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​ក្នុងជំនួប​ទ្វេភាគី Hun Sen-Dmitry Medvedev ។​
​លទ្ធផល​ដែល​ចេញពី​ជំនួប​នោះ​គឺ រុស្ស៊ី​អាច​នឹង​យល់ព្រម​លប់​បំណុល ឲ្យ​នៅសល់​ប្រមាណ​ជា ៤៥៧​លាន​ដុល្លារ តប​តាម​ការស្នើសុំ​របស់​កម្ពុ​ជាតា​មរយៈ Paris Club និង​អាច​បញ្ចុះ​ជាងនេះទៀត​។ ក្រៅពីនេះ​គឺ​ការបើក​ទំព័រ​ទំនាក់ទំនង​ការទូត​ដ៏​ល្អ​ឡើងវិញ តាមរយៈ​ការអញ្ជើញ​ទស្សនកិច្ច​ទៅវិញទៅមក ជាពិសេស​ការអញ្ជើញ​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា ទៅ​ទស្សនកិច្ច​នៅ​រុស្ស៊ី បន្ទាប់ពី​អាក់ខាន​អស់​ជាង​មួយ​ទសវត្ស​កន្លងមក​។​
​ដោយសារតែ​អវត្តមាន​ដ៏​យូរ​ទៅកាន់​ប្រទេសមួយ​នេះ លោក ហ៊ុន សែន បាន​រំលឹក​ដល់​ការចង់បាន និង​យកមក​វិញ​នូវ​គូស្នេហ៍​របស់លោក​គឺ អាវ​ម៉ុង​តូ (​អាវ​រងារ​) មួយចំនួន ដែល​លោក​បាន​បន្សល់ទុក​នៅក្នុង​ប្រទេស​រុស្ស៊ី​រហូតដល់​បច្ចុប្បន្ន​។ ភ្ញៀវទេសចរ និង​អាកាសចរណ៍​រុស្ស៊ី​មកកាន់​កម្ពុជា ក៏​ជា​ប្រធានបទ​មួយទៀត​ដែល​បាន​រំលេច ដោយហេតុថា​កាលពី​ឆ្នាំ​២០១៣​កន្លងទៅ មាន​ភ្ញៀវទេសចរ​រុស្ស៊ី​ចំនួន​ជាង ១៣​ម៉ឺន​នាក់​ឯណោះ ដែល​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា តែ​បែរជា​នៅ​ពុំទាន់​មាន​អាកាសចរណ៍​រុស្ស៊ី​ហោះ​ត្រង់​មក​កម្ពុជា​នៅឡើយ​។ ប្រទេស​កម្ពុជា​ពិតជា​ពុំ​អាច​មើលរំលង​ទេសចរ​រុស្ស៊ី​ឡើយ ព្រោះ​ជនជាតិ​រុស្ស៊ី​ត្រូវបាន​ជាប់​ជា​ចំណាត់ថ្នាក់​ថា ជា​ប្រទេស​ដែលមាន​មហាសេដ្ឋី​និង​អ្នកមាន​មិនតិច​ឡើយ​។​
​ម្ចាស់​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​សៀមរាប បាន​និយាយថា ភ្ញៀវទេសចរ​បរទេស​ទាំងអស់​ដែល​ហ៊ាន ចំណាយលុយ​ទិញ​វត្ថុ​អនុស្សាវរីយ៍​ច្រើនជាងគេ គឺ​មិនមែនជា​ទេសចរ​ដែល​មកពី ប្រទេស​អ្នកមាន​ដូចជា ជប៉ុន អាមេរិក អាល្លឺម៉ង់ ឬ​បារាំង​ឡើយ តែ​ជា​ទេសចរ​រុស្ស៊ី​ទៅវិញ​ទេ ហើយ​ជនជាតិខ្មែរ​ដែលជា​អ្នក​នាំ​ភ្ញៀវ​ឲ្យ​រុស្ស៊ី ក៏បាន​ត្រូវប៉ាន់ និង​ក្លាយជា​អ្នកមាន​និង​ជា​អ្នកធូរធារ​មិនតិច​ដែរ​៕ ប្រភពៈ CEN
image005downloadពី​ខ្ញុំ ពុ​យ គា ( ​អ្នកកាសែត​ខ្មែរ​មួយរូប​ដែល​បាន​តាមដាន​ការងារ និង​កិច្ចប្រជុំ​អាស៊ាន​នានា អស់​រយៈពេល​មួយ​ទសវត្សរ៍​កន្លះ​ចុង​ក្រោយនេះ​)​