កម្មការិនី​រោងចក្រ ត្រូវ​ក្រុមស្ទាវ​ហៅ​ផឹកស៊ី និង​ចាប់រំលោភ បានសម្រេច​ទាំង ៩​នាក់​

11/22/2014 0 Comments A+ a-

ខេត្តកំពង់ឆ្នាំង ៖ នារី​​ម្នាក់​​ក្នុង​ចំ​ណោម ៣​​នាក់ ត្រូវ​បាន​​ក្រុម​ស្ទាវ ចំ​នួន ៨​​នាក់ ក្នុង​ចំ​ណោម​​បក្ខ​ពួក ៩​​នាក់ ធ្វើ​​ស​កម្ម​ភាព ចាប់​រំលោភ​​ម្តង​ម្នាក់​ៗ រហូត​បាន​ស​ម្រេច កាល​ពី​​វេ​លា​​ម៉ោង​​ ៨​​យប់ ថ្ងៃ​ទី​​១៩ ខែ​វិច្ឆិកា ឆ្នាំ​​២​០១៤ នៅ​ត្រង់​ចំ​ណុចព្រៃ​មួយកន្លែង ក្បែរ​មាត់បឹង​ចាន់​គៀត ក្នុង​ឃុំ​អូរឫស្សី  ស្រុក​កំពង់ត្រឡាច  ខេត្តកំពង់ឆ្នាំង ហើយ​ជនសង្ស័យ ទាំង ៩​នាក់ ត្រូវ​សមត្ថកិច្ច ស្រាវជ្រាវ​ចាប់ខ្លួន បានជា​បន្តបន្ទាប់ កាលពី​យប់​ថ្ងៃទី​១៩ និង​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។
​ជនសង្ស័យ​ទាំង ៩​នាក់ រួមមាន ១-​ឈ្មោះ ម៉ាត់ អែល អាយុ ២៥​ឆ្នាំ​, ២-​ឈ្មោះ លី សូម អាយុ ២៣​ឆ្នាំ​, ៣-​ឈ្មោះ សា អែល អាយុ ១៩​ឆ្នាំ​, ៤-​ឈ្មោះ លី  ឃា​ក់ អាយុ ១៨​ឆ្នាំ​, ៥-​ឈ្មោះ ទិ​ត្យ ប៉ូ ហៅ​សា អាយុ ២០​ឆ្នាំ​, ៦-​ឈ្មោះ លី វ៉ាន់​នី អាយុ ២០​ឆ្នាំ​, ៧-​ឈ្មោះ ហ៊ឹម ទិ​ត្យ អាយុ ២១​ឆ្នាំ​, ៨-​ឈ្មោះ លី ស៊ីម អាយុ ១៩​ឆ្នាំ និង​៩-​ឈ្មោះ សុខ អែល អាយុ ២០​ឆ្នាំ ។ ជនសង្ស័យ​ទាំង ៩​នាក់​នេះ ជា​ខ្មែរឥស្លាម មាន​ទីលំនៅ ក្នុងភូមិ​ឧកញ៉ា​ប៉ាង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ។​
​ដោយឡែក នារី​រងគ្រោះ​ទាំង ៣​នាក់ ជា​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ ឧកញ៉ា​ប៉ាង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយ​នៅ​ល្ងាច​កើតហេតុ ជនសង្ស័យ​បាន​ទូរស័ព្ទ ទៅ​នារី​រងគ្រោះ ដោយ​កុហកថា ទៅ​ហូប​បង្អែម​នៅ​ឧដុង្គ ប៉ុន្តែ​ពេល​ជនសង្ស័យ បាន​ឌុប​នារី​ទាំងនោះ ទៅ​ឯ​កំពង់ត្រឡាច​ក្រោម​វិញ មិនបាន​ទៅ​ហូប​បង្អែម​ទេ ហើយ​បានរៀបចំ​ផឹកស៊ី​នៅ​ទីនោះ ។ ក្រោយពី​បាន​ជុំគ្នា​ផឹកស៊ី ក្រុម​ជនសង្ស័យ បានអូសបន្លាយ​ពេល​ផឹកស៊ី រហូតដល់​យប់ នឹង​បាន​ត្រឡប់មកវិញ ។
​នៅពេល​មកដល់​កណ្តាល​ផ្លូវ ក្រុម​ជនសង្ស័យ ដែលជា​ក្មេងស្ទាវ​ទាំងនោះ បានធ្វើ​សកម្មភាព ចាប់រំលោភ នារី​រងគ្រោះ​តែម្តង ប៉ុន្តែ​ក្នុងចំណោម នារី​រងគ្រោះ​ទាំងនោះ មាន​នារី ២​នាក់ បាន​រត់គេច​ផុតពី កណ្តាប់ដៃ​បិសាច​តណ្ហា ។ ដោយឡែក នារី​រងគ្រោះ​ម្នាក់ទៀត ត្រូវបាន​ក្រុម​ជនសង្ស័យ ធ្វើ​សកម្មភាព ចាប់រំលោភ​ម្តងម្នាក់ៗ រហូត​បានសម្រេច នៅក្នុង​ព្រៃ​តាម​ផ្លូវលំ​មួយ  លើកលែងតែ ជនសង្ស័យ​ម្នាក់​គត់ ដែល​មិនបាន​រំលោភ​នាង គឺ​ឈ្មោះ លី ឃា​ក់​៕
Wat 201120 Wat 201121

_____________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ