ពលរដ្ឋអះអាងថាក្រុមឈ្មួញជួលមនុស្សឲ្យកាប់ឈើប្រណីតក្នុងព្រៃនៅឧត្ដរមានជ័យ
អង្គការការពារធនធានធម្មជាតិ អះអាងថា បច្ចុប្បន្ន ព្រៃឈើដែលនៅសេសសល់ចុងក្រោយក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង កំពុងទទួលរងការកាប់ និងដឹកជញ្ជូនយកទៅលក់ដូរខុសច្បាប់យ៉ាងច្រើន។
ចំណែកនៅតាមបណ្ដាស្រុកខ្លះរបស់ខេត្តឧត្តរមានជ័យ ដែលជាប់នឹងព្រំដែនខ្មែរ-ថៃ ក៏កំពុងមានក្រុមឈ្មួញ ជួលមនុស្សឱ្យដើរកាប់ឈើប្រភេទធ្នង់ សុក្រំ រួចហើយដឹកជញ្ជូនតាមរថយន្តធំៗ ដោយមិនមានសមត្ថកិច្ចណាបង្ក្រាបទេ។
ប្រភពពីប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ឱ្យដឹងថា សកម្មភាពនៃការកាប់ឈើប្រភេទធ្នង់ និងសុក្រំ ដើម្បីលក់ដូរខុសច្បាប់ កំពុងកើតមានយ៉ាងខ្លាំងនៅជុំវិញតំបន់ពួកគេរស់នៅ។
ការកាប់ និងប្រមូលទិញឈើប្រភេទប្រណីតនេះ បន្ទាប់ពីសកម្មភាពប្រជាពលរដ្ឋដែលនាំគ្នាឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ បានថយចុះមួយរយៈមក។
បុរសអ្នកភូមិដងទង់ នៃសង្កាត់កូនក្រៀល ក្រុងសំរោង ដែលសុំមិនបញ្ចេញឈ្មោះ អះអាងកាលពីព្រឹកថ្ងៃពុធ ទី១២ ខែវិច្ឆិកា ថា ជារៀងរាល់ថ្ងៃ គាត់តែងឃើញក្រុមមនុស្សចូលទៅកាប់ឈើធ្នង់ និងក្រុមខ្លះទៀតដើរប្រមូលទិញដឹកចេញតាមរថយន្តធំៗ។ បុរសដដែលអះអាងថា ឈើដែលគេប្រមូលទិញនេះ គឺដឹកចេញសំដៅទៅច្រកជាំសាង៉ាំ ស្រុកអន្លង់វែង ដែលជាតំបន់ជាប់ព្រំដែនខ្មែរ-ថៃ៖ «ឈើហ្នឹងបើនិយាយទៅប្រភេទធ្នង់ គឺកាប់ដឹក អូ! ដងទង់ ហើយនិងច្រកតាទុំ គឺបិតាហើយ ២ឡានៗអីគ្មានអ្នកណាបង្ក្រាបទេ។ គេដាក់កូនដៃឱ្យប្រមូលរកឈើ គឺថាតែបានគេទៅវាស់ចំនួនគ្រប់ ១ឡាន ឬ ២ឡាន គេទៅដឹកម្ដង។ ឈើហ្នឹងគេដឹកយកទៅឯលើភ្នំណោះ ប៉ុន្តែមិនដឹងគេដឹកទៅណា ប៉ុន្តែការដឹកជញ្ជូនហ្នឹងយើងចង់និយាយថា វាពាក់ព័ន្ធនឹងកាស៊ីណូដែលកំពុងកសាង ប៉ុន្តែបើតាមការដឹកយកទៅធ្វើហ្នឹង វាមានចំនួនច្រើន វាសមតែដឹកជញ្ជូនចេញទៅថៃ»។
ការប្រមូលទិញឈើប្រភេទនេះ កំពុងមាននៅក្នុងទឹកដីក្រុងសំរោង ទឹកដីស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ទោះយ៉ាងណា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ មិនទាន់ពន្យល់អំពីរឿងនេះយ៉ាងណានៅឡើយ។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ លោក ទៀង ដាវីដ បដិសេធមិនអធិប្បាយរឿងនេះទេ ដោយលោកប្រាប់ថាកំពុងធ្វើដំណើរនៅក្នុងព្រៃ៖ «បានហើយខ្ញុំនៅក្នុងព្រៃបន្តិច កុំអាល កំពុងវង្វេងផ្លូវហ្នឹង»។
ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ មានប្រសាសន៍ថា លោកមិនទាន់ទទួលព័ត៌មានជុំវិញការប្រមូលទិញឈើប្រភេទធ្នង់ និងសុក្រំ ហើយដឹកទៅកាន់ច្រកព្រំដែនខ្មែរ-ថៃ នាខេត្តឧត្តរមានជ័យ នោះនៅឡើយទេ ក៏ប៉ុន្តែលោកមានការសង្ស័យចំពោះការប្រមូលទិញឈើប្រភេទនោះ ស្របពេលដែលក្រុមហ៊ុន ទ្រី ភាព ទើបតែទទួលបានអាជ្ញាប័ណ្ណថ្មីដេញថ្លៃឈើទាំងនោះពីតាមស្នាក់ការរដ្ឋបាលព្រៃឈើ៖ «ឧត្តរមានជ័យ ខាងអីអត់ដឹងទេ ប៉ុន្តែឈើធ្នង់ហ្នឹងនិយាយទៅខ្ញុំដឹងថា មាន ឡៃសិន (License) របស់ ទ្រី ភាព ដែលគេទើបតែចេញឱ្យ។ ឥឡូវហ្នឹងប្រមូលទិញពីរដ្ឋបាលព្រៃឈើ កម្ទេចឈើអីហ្នឹង គឺមានតែ ទ្រី ភាព មួយទេ ព្រោះព្រះវិហារ ឮសូរថាពួកហ្នឹងកាប់ស្តុកនៅស្រុកឆែប ស្រុកសង្គមថ្មី លាយឈើក្រហម និងផ្ចឹកទាំងអស់ឥឡូវ»។
លោក ឈឹម សាវុធ ព្រួយបារម្ភថា ព្រៃឈើចុងក្រោយនៅខេត្តភាគឧត្តរ និងឦសានរបស់ប្រទេសកម្ពុជា អាចនឹងវិនាសក្នុងពេលឆាប់ៗ ពីព្រោះលោកដឹងថា សកម្មភាពកាប់បំផ្លាញព្រៃកំពុងកើតមាននៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចជាច្រើនកន្លែង ដូចជានៅតំបន់បឹងពែរ នៃស្រុករវៀង ខេត្តព្រះវិហារ តំបន់ខ្លះនៃខេត្តស្ទឹងត្រែង ព្រមទាំងខេត្តឧត្តរមានជ័យ ដែលមានព្រំប្រទល់ជាប់គ្នានេះ៕
ប្រភពពី វិទ្យុអាស៊ីសេរី