មានបញ្ហា៖ក្រុមកូនអ្នកមាន ចូលផឹកស៊ី ក្នុងភោជនីយដ្ឋាន «អត់បញ្ហា» ទាស់ពាក្យសំដីគ្នា បង្ករឲ្យផ្ទុះអាវុធ

11/13/2014 0 Comments A+ a-

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយសារតែក្រុមកូនអ្នកមានមួយក្រុម បានចូល​ផឹកស៊ីនៅ​ក្នុង​ភោជ​នីយ​ដ្ឋាន យីហោ អត់បញ្ហា ហើយបានទាស់ពាក្សសំដីគ្នា រួចបុរសម្នាក់បានដើរចេញក្រៅ ទៅយក​កាំភ្លើង​ពីក្នុងរថយន្តបាញ់ មួយគ្រាប់ចូលទៅក្នុងហាង កាលពីវេលាម៉ោង ២២ និង៥០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវលេខ៣៦០ កែងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ហើយពួកគេ បានឡើងជិះរថយន្ត គេចខ្លួនបាត់ បន្សល់ទុករថយន្តមួយគ្រឿង នៅកន្លែង​កើតហេតុ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ក្រុមកូនអ្នកមានមួយក្រុម មានគ្នា ៤ ទៅ៥នាក់ ក្នុងនោះមាននារីម្នាក់ បានជិះរថយន្ត២គ្រឿង មួយគ្រឿង ម៉ាកតូយូតា កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ 2AB-2331 និងមួយគ្រឿងទៀត ម៉ាកប្រាដូ ពណ៌ស ពាក់ស្លាក​លេខ ​ភ្នំពេញ 2I-0599 បានមក ចូលផឹកស៊ីនៅក្នុងភោជនីយដ្ឋានយីហោ អត់បញ្ហា ខណៈដែលពួក​គេកំពុង​ផឹក​ស៊ីសុខៗ បានប្រហែលជាជិតមួយ ម៉ោងក្រោយមក ស្រាប់តែកើតមានជម្លោះ ក្នុងតុជាមួយគ្នា ស្រែកឡូ​ឡា​ពេញក្នុងហាង បង្កឲ្យមានការភ្ញាក់ផ្អើក ដល់ ម្ចាស់ហាង និងភ្ញៀវដែលអង្គុយក្បែរ ។ បន្ទាប់មក​ស្រាប់​តែ​មា​ន​ភាគីម្ខាងទៀត បានរត់ចេញក្រៅ ចូលទៅក្នុងរថយន្ត របស់ខ្លួន យកកាំភ្លើងខ្លីមួយដើម មក​បាញ់​មួយ​គ្រាប់​ចូលក្នុងហាង តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់ រង របួសនោះទេ ហើយពួកគេបានឡើង បើករថយន្តម៉ាកប្រាដូ គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តមួយគ្រឿង ម៉ាក តូយូតាកាមរី បាឡែន នៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថ បានចុះមកដល់ចំណុចកើតហេតុ និងស្ទូចរថយន្ត ទៅ​រក្សា​ទុក​នៅ កងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ ។ទាក់ទិននឹង​ហេតុ​ការណ៍​ខាងលើនេះ សមត្ថកិច្ច នៅមិនទាន់អាចបញ្ជាក់ថា រឿងហេតុនេះបង្កឡើង ដោយសារ​រឿងអ្វី​ឲ្យពិតប្រាកដនោះទេ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល