កម្មករ​រោងចក្រ​ជីម​លី​ប្រកាស​ជំហរ​ជា​ថ្មី​ថា​នឹង​ធ្វើ​បាតុកម្ម​ដង្ហែ​ទៅ​រដ្ឋសភា

11/21/2014 0 Comments A+ a-

imageកម្មករ​រោងចក្រ ជីម លី (Ghim Li) ដែល​មាន​ទីតាំង​ឋិត​នៅ​ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ ប្រកាស​ជំហរ​ជា​ថ្មី​ថា ពួក​គេ​នឹង​ធ្វើ​បាតុកម្ម​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា។ បាតុកម្ម​នោះ នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​រដ្ឋសភា​វិញ​ម្តង បន្ទាប់​ពី​ការ​ចរចា​ត្រី​ភាគី​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា មិន​ទទួល​បាន​ជោគជ័យ។
តំណាង​កម្មករ​នៃ​រោងចក្រ ជីម លី ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន អះអាង​ថា ពួក​គេ​នឹង​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ទៅ​កាន់​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២១ វិច្ឆិកា ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​តំណាង​រាស្ត្រ​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ​វិញ​ម្ដង ជុំវិញ​វិវាទ​នៅ​ក្នុង​រោងចក្រ ដែល​បាន​អូស​បន្លាយ​ឈាន​ចូល​ថ្ងៃ​ទី​បួន​នៃ​ការ​ធ្វើ​កូដកម្ម​នេះ។
លោកស្រី លី វាសនា ដែល​អះអាង​ថា​ជា​តំណាង​នៃ​កម្មករ​រោងចក្រ ជីម លី ឲ្យ​ដឹង​ក្រោយ​កិច្ច​ប្រជុំ​បាន​បិទ​បញ្ចប់​នៅ​ម៉ោង​ជិត​៥ ថ្ងៃ​ទី​២០ វិច្ឆិកា ថា កម្មករ​ប្រមាណ ២​ពាន់​នាក់ នឹង​ធ្វើ​បាតុកម្ម​បន្ត​ទៀត​ប្រឆាំង​លទ្ធផល​នៃ​កិច្ច​ប្រជុំ ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ពេល​នេះ។ លោកស្រី​ថ្លែង​ថា អ្វី​ដែល​កម្មករ​កើត​ទុក្ខ​មិន​សុខ​ចិត្ត គឺ​លទ្ធផល​នៃ​ការ​ចរចា​នៅ​ពេល​នេះ ត្រូវ​បាន​ភាគី​រោងចក្រ​ច្រាន​ចោល។ ហេតុ​នេះ ជម្រើស​បន្ទាប់ គឺ​កម្មករ​ទាំង​ជាង ២​ពាន់​នាក់​នេះ នឹង​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​តំណាង​រាស្ត្រ​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ​វិញ​ម្ដង៖ «បើ​សិន​ជា​ក្រុមហ៊ុន​គាត់​ឥត​ចរចា​រឿង​បញ្ហា​ហ្នឹង ពួក​ខ្ញុំ​នឹង​មាន​ជំហរ​មួយ គឺ​ថា​ស្អែក គឺ​ធ្វើ​កូដកម្ម​ទៀត​ហើយ»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បញ្ជាក់​បន្ថែម​ពី​ភាគី​រោងចក្រ​បាន​ទេ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។
បើ​ទោះ​ជា​បែប​ណា​ក្តី កិច្ច​ប្រជុំ​ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​នៅ​រោងចក្រ ជីម លី នេះ ពុំ​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​បាន​ចូល​ស្តាប់​ឡើយ ក្រៅ​ពី​អ្នក​ដែល​មាន​ភារកិច្ច​ប្រជុំ​ប៉ុណ្ណោះ។
ការ​ចរចា​ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ​នេះ គឺ​មាន​សមាសភាព​មក​ពី​ខាង​សហជីព តំណាង​កម្មករ ភាគី​រោងចក្រ និង​ក្រសួង​ការងារ។ ជា​លទ្ធផល​នៃ​ការ​ចរចា​ដែល​ប្រើ​ពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ទី​២០ វិច្ឆិកា ខាង​ភាគី​រោងចក្រ​បាន​ទាត់​ចោល​ការ​ទាមទារ​ចំនួន ៤​ចំណុច ក្នុង​ចំណោម​គោលការណ៍ ៨​ចំណុច ដែល​ស្នើ​ឡើង​ដោយ​កម្មករ។
ការ​បន្ត​ខ្វែង​គំនិត​គ្នា​រហូត​មិន​អាច​រក​ចំណុច​រួម​បាន​នោះ គឺ​ក្រៅ​ពី​ប្រាក់​អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​ការងារ​ហើយ ជាពិសេស​នោះ ខាង​ក្រុមហ៊ុន​បដិសេធ​មិន​អាច​ទទួល​យក​ឈ្មោះ សេស ពិសី ជា​កម្មករ​ផ្នែក​ជាង​ម៉ាស៊ីន ឲ្យ​ចូល​ធ្វើ​ការ​ឡើង​វិញ​ទេ។ ក្រុម​កម្មករ​អះអាង​ថា អ្វី​ដែល​ភាគី​រោងចក្រ​ច្រាន​ចោល​នេះ គឺ​ជា​ទិសដៅ​សំខាន់​ដែល​ពួក​គេ​ទាមទារ។ ដោយ​ឡែក​ប្រាក់​អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​ការងារ​នោះ ពួក​គេ​ចាត់​ទុក​ថា វា​គឺ​ជា​រឿង​បន្ទាប់​បន្សំ​ប៉ុណ្ណោះ។
អតីត​ប្រធាន​ផ្នែក​ជាង​ម៉ាស៊ីន​ដេរ​ប្រចាំ​រោងចក្រ ជីម លី លោក សេស ពិសី ថ្លែង​ថា ការ​ដែល​រោងចក្រ​សម្រេច​បញ្ឈប់​លោក​នេះ គឺ​ពុំ​មាន​កំហុស​អ្វី​ឡើយ ដោយ​លើក​ហេតុផល​តែ​ម្យ៉ាង​ថា កុងត្រា​ការងារ​មិន​អាច​បន្ត​ឲ្យ​បាន។ លោក​អះអាង​ថា ការ​បំពេញ​ក្នុង​តួនាទី​ជា​ប្រធាន​ផ្នែក​ជាង​ម៉ាស៊ីន​ដេរ​នេះ គឺ​ពុំ​ដែល​មាន​ភាព​សៅហ្មង ឬ​កំហុស​ឆ្គង​សម្រាប់​ក្រុមហ៊ុន​ឡើយ។ លោក​ដាក់​ការ​សង្ស័យ​ថា ការ​បញ្ឈប់​លោក​នេះ ទំនង​ក្រោម​ហេតុផល​លោក​ត្រូវ​បាន​គេ​អូស​ទាញ ដើម្បី​ចូល​ជា​សមាជិក​សហជីព៖ «ពី​មុន​ខាង​សហជីព​ដែល​នៅ​ក្នុង​ហ្នឹង​គេ​ហៅ​ខ្ញុំ​ផ្ដិត​មេដៃ​បង់​វិភាគទាន​បង់​ឲ្យ​សហជីព​បង។ ដល់​ហើយ​ខ្ញុំ​ឥត​មាន​បាន​ទទួល​នេះ​ទេ គ្រាន់​តែ​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​ឥត​មាន​ទាន់​បាន​ចូល​ខាង​សហជីព​ទេ។ ខ្ញុំ​គិត​មើល​សិន ដល់​ស្រាប់​ថា​ខ្ញុំ​មិន​ទាន់​បាន​មួយ​ខែ​កន្លង​មក​ផង ស្រាប់​តែ​គេ​ដក​ខ្ញុំ​អ៊ីចឹង»
អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ឆេង ឈន់ ចាត់​ទុក​ថា ការ​សម្រេច​ចិត្ត​ធ្វើ​បាតុកម្ម ឬ​កូដកម្ម​បន្ត​របស់​កម្មករ គឺ​ជា​ជម្រើស​របស់​ពួក​គេ។ លោក​យល់​ឃើញ​ថា ការ​ដែល​ភាគី​រោងចក្រ​បញ្ឈប់​ប្រធាន​ផ្នែក​ជាង​ម៉ាស៊ីន​ដេរ​នេះ គឺ​មិន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ការងារ​ទេ៖ «លោក ពិសី ហ្នឹង​គាត់​ឥត​មាន​កំហុស​អ្វី​ដែល​ក្រុមហ៊ុន​ត្រូវ​ហៅ​មក​ព្រមាន​នឹង​មាត់ ទាំង​លាយលក្ខណ៍​អក្សរ គឺ​ឥត​មាន​ទេ។ អ៊ីចឹង​នេះ​ជា​រឿង​មួយ​ដែល​គាត់​បញ្ឈប់ លោក ពិសី ហ្នឹង បើ​គិត​ទៅ​តាម​ផ្លូវ (ច្បាប់) គឺ​វា​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់»
កម្មករ​ប្រមាណ ២​ពាន់​នាក់​នៃ​រោងចក្រ ជីម លី ដែល​មាន​ទីតាំង​ឋិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល ៤​ថ្ងៃ​មក​ហើយ ដោយ​ពុំ​មាន​ដំណោះស្រាយ៕
ប្រភពពី វិទ្យុអាស៊ីសេរី