លោកពូទីនធ្វើឲ្យគេភ្ញាក់ផ្អើលរឿងពាក់អាវធំឲ្យជំទាវទីមួយចិននៅកិច្ចប្រជុំ APEC
សូមបន្ថែមរឿងនេះចូលក្នុងបញ្ជីរឿងមិនគួរធ្វើនៅពិធីលាងសាយភោជន៍បែបការទូតផង: ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានធ្វើឲ្យភ្ញាក់ផ្អើលពេញបណ្តាញព័ត៌មានអន្តរជាតិ និងអ៊ីនធឺណេត ដោយពាក់អាវធំរបស់លោកលើស្មារបស់ជំទាវទីមួយចិន លោកស្រី ផេង លីយួន (Peng Liyuan)។ នេះបើយោងតាមវេបសាយបណ្តាញព័ត៌មានអាស៊ី ANN ចេញផ្សាយថ្ងៃទី ១១ ខែវិច្ឆិកា។
ក្នុងវីដេអូបង្ហាញនៅលើទូរទស្សន៍រដ្ឋចិន CCTV ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានកំពុងជក់សន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា តាមរយៈអ្នកបកប្រែម្នាក់នៅពិធីលាងសាយភោជន៍មួយកាលពីថ្ងៃចន្ទ។ លោកស្រីផេងបានអង្គុយនៅខាងឆ្វេងដៃស្វាមីរបស់លោកស្រី ដោយលោកពូទីនដែលទើបក្លាយជាបុរសនៅលីវថ្មីថ្មោងអង្គុយនៅក្បែរ។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានប្រកាសការលែងលះរបស់លោកកាលពីដើមឆ្នាំនេះ។
រូបភាពបង្ហាញលោកពូទីនយកអាវធំពាក់លើស្មាលោកស្រី ផេង លីយួនក្នុងពិធីលាងសាយភោជន៍បែបការទូតកាលពីថ្ងៃចន្ទ
នៅក្នុងវីដេអូ លោកពូទីនបានចេញពីកន្លែងអង្គុយ រួចយកអាវធំពណ៌ដាំដែងពាក់លើស្មារបស់លោកស្រីផេង។ អ្នកទាំងពីរបានផ្តោះផ្តងវាចានឹងគ្នាប៉ុន្តែគេមិនច្បាស់ថាអ្នកទាំងពីរនិយាយពីអ្វីនោះទេ។
អ្នកអត្ថាធិប្បាយបាននិយាយជាភាសាចិនកុកងឺថា “យើងទើបតែឃើញប្រធានាធិបតីពូទីនពាក់អាវធំលើស្មាលោកស្រី ផេង លីយួន ជាពិសេសអំបាញ់មិញ”។
មួយសន្ទុះក្រោយមក លោកស្រីផេងបានដោះអាវធំនោះចេញ រួចហុចឲ្យអ្នកបម្រើម្នាក់ ខណៈជំនួសវាវិញដោយស្ងាត់ៗជាមួយនឹងអាវធំពណ៌ខ្មៅរបស់គាត់។ តើលោកស្រីធ្វើឲ្យលោកពូទីនមានអារម្មណ៍ឈឺចាប់ឬទេ? យើងនឹងមិនដឹងនោះឡើយ។
វេបសាយទស្សនាវដ្តីគោលនយោបាយបរទេស Foreign Policy បានសរសេរអំពីឧប្បត្តិហេតុនេះថា “ច្បាប់ដែលមិនបានថ្លែងដំបូងនៃផ្នែកការទូតគឺថា កុំប៉ះពាល់ភរិយារបស់ប្រធានាធិបតីឲ្យសោះ។ ប៉ុន្តែប្រធានាធិបតីទើបក្លាយជានៅលីវថ្មីថ្មោងរបស់រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ហាក់ដូចជាភ្លេចកំណត់ហេតុរម្លឹករបស់គាត់ហើយមើលទៅ”។
ទស្សនាវដ្តីនេះក៏បាននិយាយដែរថា វីដេអូនេះបានចាប់ផ្តើមចែកចាយពេញអនឡាញ ប៉ុន្តែក្នុងរយៈពេលតែប៉ុន្មានម៉ោង ពួកអ្នកត្រួតពិនិត្យព័ត៌មានបានដកវាចេញពីបណ្តាញសង្គមចិន និងបណ្តាវេបសាយនានាអស់រលីង។
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានដាក់ឈ្មោះឧប្បត្តិហេតុនេះថា “coatgate” (ការពាក់អាវធំ) រួចទៅហើយ។
វេបសាយចិន guancha.cn បានធ្វើការកត់សម្គាល់ថា វាអាចគ្រាន់តែជាការសម្តែងការគួរសមសម្រាប់មេដឹកនាំរុស្ស៊ីរូបនេះប៉ុណ្ណោះ ដែលពីមុនក៏ធ្លាប់ធ្វើបែបនេះដាក់អធិការបតីអាល្លឺម៉ង់ លោកស្រី អ៊ែនជែឡា មឺគែល ផងដែរ នៅកិច្ចប្រជុំកំពូល G20 នៅទីក្រុងសេនភីតធឺស្បឺកកាលពីឆ្នាំមុន។
ពួកអ្នកអង្កេតល្អិតល្អន់មួយចំនួនក៏បាននិយាយដែរថា នៅក្នុងវីដេអូនោះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ ត្រូវបានដាក់ឲ្យអង្គុយនៅជួរខាងក្រោយ ខណៈពួកមេដឹកនាំដទៃទៀតបានជជែកគ្នាយ៉ាងសោមនស្សនៅខាងមុខ។
លោកពូទីនបានបញ្ចប់ការលែងលះដាច់ស្រេចពីប្រពន្ធការ ៣០ ឆ្នាំជាមួយគ្នា លោកស្រី លូដមីឡា ពូទីណា (Lyudmila Putina) កាលពីដើមឆ្នាំនេះ។ លោកបានបដិសេធផងដែរនូវស្នេហាលួចលាក់ជាមួយនឹងកីឡាការិនីកាយសម្ព័ន្ធអូឡាំពិកវ័យ ៣០ ឆ្នាំ និងជាសមាជិកសភារុស្ស៊ី នាង អាលី កាបែវ៉ា (Alina Kabaeva)៕ ប្រភព ៖ CEN