ចៅក្រម សម្រេចផ្តន្ទាទោសអ្នកភូមិបឹងកក់ ៣ នាក់ទៀត និងអតីតព្រះសង្ឃមួយអង្គ ដាក់ពន្ធនាគារ ១ ឆ្នាំ និងពិន័យ ២លានរៀល
ភ្នំពេញ: រហូតដល់ម៉ោងជាង ៧ យប់ ថ្ងៃទី១២វិច្ឆិកានេះ ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសស្ត្រីអ្នកភូមិបឹងកក់ ៣ នាក់ និងអតីតព្រះសង្ឃមួយអង្គ ដាក់ទោសជាប់ពន្ធនាគារ ១ ឆ្នាំ និងពិន័យ ២លានរៀល ក្នុងម្នាក់។ សវនាការនោះ បានធ្វើឡើង បន្ទាប់ពីព្រះរាជអាជ្ញា និងចៅក្រម បានចោទប្រកាន់ ក្រោយការសួរនាំ នៅព្រឹកថ្ងៃទី១២វិច្ឆិកានេះ។
ស្ត្រីអ្នកភូមិបឹងកក់ទាំង ៣ នាក់ ព្រមទាំងព្រះសង្ឃ ១ អង្គ ត្រូវបានប៉ូលិសចាប់ នៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ ខណៈដែលប្រជាពលរដ្ឋ និងព្រះសង្ឃ ប្រមូលផ្តុំតវ៉ា ទាមទារឲ្យដោះលែងស្ត្រីអ្នកភូមិបឹងកក់ ៧ នាក់ កាលពីថ្ងៃទី១១វិច្ឆិកា។
ព្រះសង្ឃ ព្រះនាម សឺន ហាយ គង់នៅវត្តស្ទឹងមានជ័យ ដែលត្រូវប៉ូលិសចាប់ខ្លួន ត្រូវបានគេចាប់ផ្សឹកភ្លាមៗ មុននឹងបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី១២វិច្ឆិកា។
លោក អំ សំអាត សកម្មជនសិទ្ធិមនុស្សរបស់អង្គការលីកាដូ ដែលបានតាមដានរឿងនេះ បានឲ្យដឹងថា ស្ត្រីអ្នកភូមិបឹងកក់ ត្រូវបានតុលាការចោទប្រកាន់ពីបទប្រមាថលើមន្ត្រីរាជការសាធារណៈ។ រីឯព្រះសង្ឃ ត្រូវបានតុលាការចោទប្រកាន់ពីបទធ្វើឲ្យប៉ះពាល់ដល់សាសនាជាតិ។
ការសម្រេចរបស់ចៅក្រមខាងលើនេះ ដូចគ្នានឹងការផ្តន្ទាទោសស្ត្រីអ្នកភូមិបឹងកក់ ៧ នាក់ កាលពីថ្ងៃទី១១វិច្ឆិកា បន្ទាប់ពីស្ត្រីទាំងនោះ ត្រូវបានចាប់ខ្លួន នៅមុខសាលារាជធានីភ្នំពេញ អំឡុងពេលតវ៉ាឲ្យអាជ្ញាធរ ដោះស្រាយបញ្ហាទឹកលិចផ្ទះរបស់ពួកគេ កាលពីថ្ងៃទី១០វិច្ឆិកា។
ដោយឡែក ព្រះសង្ឃពីរអង្គទៀត ដែលគង់នៅវត្តស្ទឹងមានជ័យ ជាមួយព្រះតេជគុណ សឺន ហាយ ក៏ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១២វិច្ឆិកា នៅវត្តសាមគ្គីរង្ស៊ី។ ប៉ូលិសអះអាងថា ព្រះតេជគុណទាំងពីរ បាននាំយកទង់ជាតិ និងទង់សាសនា ដែលចងនឹងដំបងជ័រ និងឫស្សីជាច្រើន។
ក្រោយពីឃាត់ខ្លួន នាំទៅដល់ស្នងការនគរបាលរាជធានីភ្នំពេញ ព្រះសង្ឃទាំងពីរអង្គ ក៏ត្រូវបានគេចាប់ផ្សឹក និងឃុំខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២វិច្ឆិកានេះ៕ ប្រភព ៖ CEN