សណ្ឋាគារប្រណិត Shangri-la ដ៏ល្បីនឹងមានវត្ដមានដំណើរការនៅកម្ពុជាពីឆ្នាំ២០១៩
ក្រុមហ៊ុនសេវាកម្មសណ្ឋាគារប្រណិតរបស់សិង្ហបុរីឈ្មោះក្រុមហ៊ុន Oxley Holdings នឹងសាងសង់សណ្ឋាគារ Shangri-la ដំបូងគេមួយនៅក្រុងភ្នំពេញ ដែលមាន៣០០បន្ទប់។
ក្រុមហ៊ុន Oxley Gem Cambodia ដែលជាសាខាក្រុមហ៊ុន Oxley Holdings ឲ្យដឹងថា កាលពីម្សិលមិញមានការចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់គ្នាមួយរវាងក្រុមហ៊ុន Oxley Gem Cambodia និងសណ្ឋាគារ Shangri-La International Hotel ដោយប្រតិបត្ដិករសណ្ឋាគារនេះនឹងមានពេល៦០ថ្ងៃសម្រាប់ពិភាក្សាចរចាលើការគ្រប់គ្រងសណ្ឋាគារ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនឲ្យដឹងថា សណ្ឋាគារថ្មីនេះមានភាគហ៊ុនពីក្រុមហ៊ុន Oxley Group ចំនួន៧៥% ហើយនៅសល់២៥% គឺជាភាគហ៊ុនពីក្រុមហ៊ុន World Bridge Land ដែលមានលោកឧកញ៉ា សៀ រិទ្ធី ជាប្រធាន។
ក្រុមហ៊ុន Oxley ឲ្យដឹងថា ការចាប់ផ្ដើមសំណង់សណ្ឋាគារនេះ គឺនៅឆ្នាំក្រោយ ដែលមានទីតាំងនៅតាមដងទន្លេមេគង្គទល់មុខនឹងកោះពេជ្រ។
ក្រៅពីសង់សណ្ឋាគារ ការអភិវឌ្ឍនេះ ក៏នឹងមានការិយាល័យ, ផ្ទះសម្បែងរស់នៅ និងហាងលក់ទំនិញធំមួយផងដែរ។ មានការឲ្យដឹងថា សណ្ឋាគារ Shangri-la នៅភ្នំពេញដំបូងគេនេះ នឹងចាប់ផ្ដើមប្រតិបត្ដិការនៅឆ្នាំ២០១៩។
ថ្មីៗនេះលោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍កម្ពុជាបានជំរុញឲ្យបណ្ដាវិនិយោគិនសាងសាង់សណ្ឋាគារឲ្យបានច្រើនថែមទៀតដើម្បីផ្គត់ផ្គង់តម្រូវការកាន់តែច្រើន នៅក្នុងខណៈពេលដែលកម្ពុជាកំពុងបន្ដទទួលបាននូវកំណើនភ្ញៀវទេសចរបរទេសជារៀងរាល់ឆ្នាំ៕ ប្រភព ៖ Radioaustralia
