អាមេរិកមិនលូកដៃ ជ្រៀតជ្រែកចូល ក្នុងកិច្ចការចរចា លើបញ្ហាប្រាក់ឈ្នួល នៅកម្ពុជាទេ
ភ្នំពេញ: អនុប្រធានបេសកកម្មការទូត របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា សហរដ្ឋអាមេរិក មិនលូកដៃចូលជ្រៀតជ្រែក នៅក្នុងកិច្ចចរចា បញ្ហាប្រាក់ឈ្នួល កម្មករ និយោជិត រវាងសហជីព និងនិយោជក នៅកម្ពុជានោះទេ។
ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារមួយ រវាងលោកស្រី ជូលី ជុង (Julie Chung) អនុប្រធានបេសកកម្មការទូត របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារមួយ រវាងលោកស្រី ជូលី ជុង (Julie Chung) អនុប្រធានបេសកកម្មការទូត របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកស្រី ជូលី ជុង បានជម្រាបទៅលោក រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា សហរដ្ឋអាមេរិក មិនមានគោលការណ៍ ណាមួយលូកដៃ ក្នុងការចរចាបញ្ហាតម្លើង ប្រាក់ឈ្នួលដល់កម្មករ នៅកម្ពុជានោះទេ ហើយបញ្ហានេះ ទុកឱ្យគ្រប់ភាគីពាក់ព័ន្ធ បើកកិច្ចចរចារឿងប្រាក់ឈ្នួល ឲ្យមានតម្លាភាព និងស្មោះត្រង់។
លោកស្រី បានបញ្ជាក់ថា អាមេរិក គឺជាដៃគូពាណិជ្ជកម្ម ដ៏ធំរបស់កម្ពុជា ហើយអ្វីដែលអាមេរិក ចង់ឃើញពេលនេះ គឺកម្ពុជា មានសន្តិភាព ស្ថេរភាពនយោបាយ ហើយលោកស្រីសង្ឃឹមថា ការចរចាប្រាក់ឈ្នួល របស់កម្មករ នៅឆ្នាំនេះ នឹងប្រព្រឹត្តទៅ ដោយយុត្តិធម៌ និងមិនមានបញ្ហា ដូចឆ្នាំមុននោះទេ។
ជាកិច្ចឆ្លើយតប ទៅនឹងតំណាងការទូត សហរដ្ឋអាមេរិក លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍បញ្ជាក់ថា ការចរចាបញ្ហាប្រាក់ឈ្នួល រវាងសហជីព និងនិយោជក នៅក្នុងឆ្នាំនេះ មានភាពកាន់តែល្អប្រសើរឡើង ដោយសារតែភាគីសហជីព និងនិយោជក មានការបន្ទន់ឥរិយាបថ រៀងៗខ្លួន នាកន្លងមក។
លោករដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ពីរឿងនេះថា “ការចរចាប្រាក់ឈ្នួល ដល់កម្មករ កាត់ដេរកម្ពុជា នឹងមានលទ្ធផល នៅក្រោយបុណ្យអុំទូក ខាងមុខនេះ” ។
គួរបញ្ជាក់ថា ការចរចាបញ្ហាប្រាក់ឈ្នួល កម្មករ និយោជិត នាកន្លងមក ត្រូវបានធ្វើឡើងបន្តបន្ទាប់ ដោយខាងក្រសួងការងារ ជាអ្នកសម្របសម្រួល ហើយខាងសហជីព បានទាមទារប្រាក់ឈ្នួលពី ១៦០ ទៅ ១៧៧ ដុល្លារ ហើយខាងនិយោជក កាលពីថ្មីៗមកនេះ ហ៊ានឱ្យត្រឹមប្រាក់ឈ្នួលគោល ១១០ ដុល្លារប៉ុណ្ណោះ។
ចំណែកខាងសហជីព បានអះអាងថា ការទាមទារប្រាក់ឈ្នួល របស់ពួកគេ មិនដាច់ខាតនោះទេ ពោលគឺនឹងមានការចុះបន្តទៀត ដើម្បីធ្វើយ៉ាងណា បញ្ចប់បញ្ហាការទាមទារ ប្រាក់ឈ្នួលកម្មករ និយោជិត ដែលបានអូសបន្លាយពេល ជាយូរមក ហើយនោះ៕ ប្រភព ៖ CEN
