អង្គការសមាជិក ៤២ ជំរុញរដ្ឋាភិបាលលុបអាជ្ញាប័ណ្ណក្រុមហ៊ុន ទ្រី ភាព
ភ្នំពេញៈ ទន្ទឹមនឹងមានការបារម្ភយ៉ាងខ្លាំង ទៅលើសោកនាដកម្ម ព្រៃឈើនៅក្នុងប្រទេសកម្ពុជា នៅអំឡុង ២ ឆ្នាំចុងក្រោយនេះ អង្គការជាសមាជិកចំនួន ៤២ បានស្នើសុំឲ្យរដ្ឋាភិបាលរឹតបន្តឹងច្បាប់ និងលុបអាជ្ញាប័ណ្ណប្រមូលទិញឈើរបស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ពីស្តុករបស់ រដ្ឋបាលព្រៃឈើ និងក្រសួងបរិស្ថាន បន្ទាប់ពីឃើញរបាយការណ៍របស់ក្រុមអង្គការអភិរក្សបរិស្ថានអន្តរជាតិបង្ហាញថា ក្រុមហ៊ុនមួយនេះចំណេញលុយជាង ២២០ លានដុល្លារនៅតំបន់ជួរភ្នំក្រវាញភាគកណ្តាល។
ពលរដ្ឋកំពុងនាំគ្នាជញ្ជូនឈើពី ស្រុកសៀមប៉ាង ដើម្បីយកទៅដាក់នៅក្រុមហ៊ុនឧកញ៉ា ទ្រី ភាព។ ហេង ជីវ័ន
លោក ស្វាយ ភឿន ជនជាតិភាគតិចគួយ តំណាងប្រជាសហគមន៍ព្រៃឡង់ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាកាលពីថ្ងៃម្សិលមិញបានថ្លែងថា ក្រុមហ៊ុន ទ្រី ភាព មានអាជ្ញាប័ណ្ណប្រមូលទិញឈើគ្រប់ប្រភេទពីស្តុករបស់រដ្ឋបាលព្រៃឈើនិងក្រសួងបរិស្ថាន ប៉ុន្តែហេតុអីបានជាគល់ឈើបន្សល់ពាសពេញព្រៃ។
លោកបានថ្លែងថា៖ «គេថា គេប្រមូលតែពីស្តុករដ្ឋបាលព្រៃឈើចុះហេតុអីក៏ឈើប្រណីតដឹកចេញពីព្រៃឡង់គ្រប់ច្រក គឺបញ្ជាក់ឲ្យឃើញថា គេយកអាជ្ញាប័ណ្ណនេះទៅកាប់ឈើពេញព្រៃហើយគ្មានអាជ្ញាធរណាហ៊ានចាប់ទេឲ្យតែលឺថា ឈ្មោះក្រុមហ៊ុន ទ្រី ភាព។ ខ្ញុំសុំឲ្យរដ្ឋាភិបាលលុបអាជ្ញាប័ណ្ណប្រមូលទិញរបស់ក្រុមហ៊ុនមួយនេះ»។
លោកថ្លែងថា រដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុននេះ គឺធ្វើឲ្យក្រុមឈ្មួញកណ្តាលដើរជួលពលរដ្ឋឲ្យកាប់ឈើលក់ឲ្យគេ គឺក្រុមហ៊ុនបានប្រើរូបភាពដោយប្រើល្បិចថា ជាអាជ្ញាប័ណ្ណកាប់ឈើស្របច្បាប់។
លោកបានថ្លែងថា៖ «បើរដ្ឋាភិបាលដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនមួយនេះគ្មានអ្នកណាកាប់ព្រៃទៀតទេ ពីព្រោះគ្មានអ្នកទិញ ហើយឈើក៏មិនអស់ដែរ។ ពាក្យថា អាជ្ញាប័ណ្ណនេះសូម្បីតែកូនជនជាតិកួយតូចៗក៏គេយល់ច្បាស់ដែរគឺគេដើរកាប់ឈើពេញព្រៃហើយឆ្លើយដាក់ថា កាប់ឲ្យក្រុមហ៊ុន ទ្រី ភាព គ្មានអ្នកណាហ៊ានធ្វើអីនោះទេ»។
ចំណែកអ្នកស្រី មុំ សុគីម តំណាងប្រជាពលរដ្ឋមកពី ខេត្តក្រចេះ ដែលតែងតែចេញមុខប្រឆាំងនឹងបទល្មើសព្រៃឈើនៅ ស្រុកស្នួល បានថ្លែងថា សព្វថ្ងៃនេះឈ្មួញឈើទាំងអស់ជ្រកក្រោមក្រុមហ៊ុន ទ្រី ភាព បើសិនជាដកអាជ្ញាប័ណ្ណនេះឥទ្ធិពលរបស់ឈ្មួញឈើក៏ថយចុះដែរ។ អ្នកស្រីថា៖ «ពីមុនគេដឹកតែតាមរថយន្តតូចៗទេ តែឥឡូវនេះគេដឹកយីឌុបតែម្តង ហើយមួយថ្ងៃយ៉ាងហោចណាស់ក៏ ៥០ ឡានដែរ»។
លោក តឹក សុវណ្ណារ៉ា នាយកអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានថ្លែងថា ករណីនៃការជួញដូរឈើប្រណីត និងការកាប់ទន្ទ្រានព្រៃឈើភាគច្រើនកើតឡើងនៅភូមិភាគឦសាន តំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជា ដូចជា ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ កោះកុង និងកំពង់ស្ពឺ ហើយតាមរយៈប្រព័ន្ធផ្សព្វផ្សាយក៏បានបង្ហាញអំពីការនាំចេញឈើប្រណីតទៅ ប្រទេសចិន ចំនួន ៥,៥ ម៉ឺនតោន នៅក្នុងអំឡុងពេល ៩ ខែចុងក្រោយ ឆ្នាំ២០១៤។
លោកថា៖ «យើងខ្ញុំមានក្តីបារម្ភលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតឲ្យក្រុមហ៊ុន ទ្រី ភាព អ៊ឹមផត អ៊ិចផត និងក្រុមហ៊ុន MDS THMODAR S.E.Z Co.,Ltd ធ្វើការប្រមូលឈើគ្រប់ប្រភេទពីស្តុករបស់រដ្ឋបាលព្រៃឈើ ក្រសួងបរិស្ថាន ដោយមិនមានការបង្ហាញឲ្យបានច្បាស់លាស់អំពីកាលបរិច្ឆេទ បរិមាណ និងទីតាំង នៃការប្រមូលឈើ ព្រមទាំងរបាយការណ៍នៃចំណូលដែលទទួលបានពីការប្រមូលទិញនេះទេ»។
រថយន្តយីឌុបរបស់ឧកញ៉ា ទ្រី ភាព កំពុងដឹកឈើភ្លូកទឹកភ្លូកដីនៅសៀមប៉ាង។ ហេង ជីវ័ន
លោកបានថ្លែងឲ្យដឹងទៀតថា យោងតាមទិន្នន័យរបស់អង្គការ លោកគិតចាប់ពីដើម ឆ្នាំ២០១២ រហូតដល់ ឆ្នាំ២០១៣ មានករណីបទល្មើស និងការជួញដូរឈើប្រណីតចំនួន ៥៣៥ ករណីដែលបានកើតមានឡើង។ បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មនៅក្នុងរយៈពេល ៩ ខែចុងក្រោយមានបទល្មើសព្រៃឈើចំនួន ១៨៩១ ករណីដែលបង្ហាញអំពីការកើនឡើងនៃបទល្មើសព្រៃឈើនៅកម្ពុជា។
លោកបានបន្តថា៖ «យើងស្នើឲ្យរដ្ឋាភិបាលមានការរឹតបន្តឹងចំពោះការអនុវត្តច្បាប់លើការបង្ក្រាបបទល្មើសព្រៃឈើឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ រឹតបន្តឹងទៅលើការត្រួតពិនិត្យរាល់ការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនឯកជនក្នុងការនាំឈើចេញនិងបញ្ជាក់អំពីទីតាំង តម្លៃ បរិមាណ និងកាលបរិច្ឆេទនៃការប្រមូលឈើ ដើម្បីធានាបាននូវតម្លាភាពនិងគណនេយ្យភាពនិងឲ្យមានការដាក់ដេញថ្លៃជាសាធារណៈចំពោះឈើដែលរដ្ឋប្រមូលរឹបអូសបាន»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី បានមានប្រសាសន៍ថា ជារួម កម្ពុជាជួបសោកនាដកម្មច្រើនដូចជាការបាត់បង់ទឹកដី ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ តែបច្ចុប្បន្នគឺសោកនាដកម្មឧក្រិដ្ឋកម្មប្រឆាំងធម្មជាតិ។ តាមការស្រាវជ្រាវរបស់លោកក្នុងរយៈពេល ១០ឆ្នាំ ម្តងប្រទេសដែលបាត់បង់ព្រៃឈើច្រើនជាងគេក្នុងតំបន់អាស៊ីគឺកម្ពុជា។
លោកបន្ថែមថា រដ្ឋាភិបាលត្រូវរឹតបន្តឹងបទ ល្មើសព្រៃឈើ និងចំហឲ្យមានការដាក់ដេញថ្លៃជាសាធារណៈចំពោះឈើដែលរឹបអូសបាន។ លោកថា៖ «ប្រទេសដែលគេអភិវឌ្ឍន៍ ដែលគេមិនបំផ្លាញព្រៃឈើ ហេតុអីបានរដ្ឋាភិបាលយកលេសថា ទាល់តែកាប់ព្រៃឈើ បានអាចអភិវឌ្ឍបាន»។
លោក ថន សារ៉ាត ប្រធានផ្នែករដ្ឋបាលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែង ចំពោះការស្នើសុំឲ្យលុបអាជ្ញាប័ណ្ណនោះគឺត្រូវសរសេរលិខិតទៅក្រសួងកសិកម្មហើយបង្ហាញអំពីប្រសិទ្ធភាពទប់ស្កាត់និងបង្ក្រាប ក្រសួងនឹងធ្វើការប្រជុំដើម្បីឆ្លងយោបល់។ តាមពិតការចេញអាជ្ញាប័ណ្ណនោះគឺសម្រាប់ពាណិជ្ជកម្ម ប៉ុន្តែគ្រាន់តែការយកទៅអនុវត្តនោះមិនបានអនុវត្តតាមកិច្ចព្រមព្រៀង។ លោកបានថ្លែងថា៖ «គេយកទៅអនុវត្តនោះគឺធ្វើដើម្បីតែផលប្រយោជន៍រៀងៗខ្លួន ពុំបានគិតអំពីអាជ្ញាប័ណ្ណដែលបានផ្តល់ឲ្យ»។
យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុន MDS Import Export របស់លោកឧកញ៉ា ទ្រី ភាព ដែលជារបស់ប្រពន្ធគាត់ឈ្មោះ ម៉ៅ មុំ បានប្រើលិខិតអនុញ្ញាតឈូសឆាយអាងទំនប់វារីអគ្គិសនីស្ទឹងអាតៃ និងដីសម្បទានចំនួន ៣ នៅទីជម្រកសត្វព្រៃ ភ្នំសំកុស ទំហំដល់ទៅ ៣៣ ម៉ឺនហិកតា ដើម្បីលាងសម្អាតឈើខុសច្បាប់ ហើយ ប្រាក់ចំណេញខុសច្បាប់ពីប្រតិបតិ្តការមានចំនួនស្មើនឹង ២២៧ លានដុល្លារ៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
