លោក ងួន ញ៉ិល អនុប្រធានសភាទី២មានទីប្រឹក្សាដល់ទៅ៦៣រូប
នៅក្នុងព្រះរាជក្រឹត្យមួយដែលធ្វើនៅរាជធានីភ្នំពេញចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៤ ដែលវិទ្យុអូស្រ្ដាលីទើបបានឃើញបានបង្ហាញឲ្យដឹងថា ព្រះមហាក្សត្រខ្មែរព្រះករុណាព្រះបាទនរោត្ដមសីហមុនី ព្រះអង្គបានត្រាស់បង្គាប់តែងតាំងទីប្រឹក្សាយ៉ាងច្រើនសម្រាប់លោក ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភានីតិកាលទី៥។
លោក ងួន ញ៉ិល អនុប្រធានសភាទី២មានទីប្រឹក្សាដល់ទៅ៦៣រូប។ រូបថតឯកសារដោយ សយ សុភា (Credit: ABC)
ឯកសារព្រះរាជក្រឹត្យនេះបានឲ្យដឹងថាលោក ងួន ញ៉ិល មានទីប្រឹក្សាដល់ទៅ៦៣រូប ក្នុងនោះមាន១៧រូបមានឋានៈស្មើនឹងរដ្ឋមន្រ្ដី, ២៣រូបមានឋានៈស្មើនឹងរដ្ឋលេខាធិការ, ២២រូបមានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ ហើយ១រូបមានឋានៈស្មើអគ្គនាយក។ នៅក្នុងចំណោមទីប្រឹក្សាដ៏ច្រើននេះ ក៏មានកូនលោក ងួន ញ៉ិល ដែរដែលមានឋានៈស្មើនឹងរដ្ឋលេខាធិការ។
ព្រះរាជក្រឹត្យនេះបញ្ជាក់ដែរថាលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាត្រូវទទួលបន្ទុកអនុវត្ដព្រះរាជក្រឹត្យនេះឲ្យបានសម្រេច។
ក្រោយពីមានការចេញឲ្យដឹងនូវព័ត៌មានដែលថាលោក ងួន ញ៉ិល មានទីប្រឹក្សាច្រើនបែបនេះ បានធ្វើឲ្យបណ្ដាជនមានប្រតិកម្មរិះគន់ខ្លាំងៗ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមតាមអ៊ីនធើរណិត ដោយមានអ្នកខ្លះនិយាយលេបខាយសើចចំអកផងដែរ៕ ប្រភព ៖ Radioaustralia
