គណៈកម្មាធិការសិទ្ធិមនុស្សរបស់ UN គាំទ្រដល់ការទាមទាររបស់បាតុករហុងកុង
គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) បានផ្ដល់ការគាំទ្រដល់បណ្ដាបាតុករហុងកុង ដែលកំពុងទាមទារការបោះឆ្នោតពេញលេញនៅឆ្នាំ២០១៧។
គណៈកម្មាធិការសិទ្ធិមនុស្សនេះកំពុងតែដាក់សម្ពាធទៅរដ្ឋាភិបាលចិនដើម្បីធានាឲ្យបានថា បណ្ដាជនហុងកុងនឹងមានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំពួកគេដោយផ្ទាល់ ដោយគ្មានការលូកលាន់ពីរដ្ឋាភិបាលមជ្ឈិមបក្សកុម្មុយនីស្ដចិននៅក្រុងប៉េកាំង។
ស្ថានភាពនៃការប៉ះទង្គិចរវាងបាតុករ និងប៉ូលិសនៅហុងកុងនាពេលកន្លងទៅនេះ (Credit: Reuters)
នៅឯការប្រជុំមួយនៅក្រុងហ្សឺណែវប្រទេសស្វ៊ីស ក្រុមអ្នកជំនាញមួយក្រុមមានសមាជិក១៨នាក់ដែលមានភារកិច្ចឃ្លាំមើលការអនុលោមទៅតាមសន្ធិសញ្ញាអន្ដរជាតិស្ដីអំពីសិទ្ធិនយោបាយ និងសិទ្ធិជនស៊ីវិល បានបញ្ចេញកង្វល់ចំពោះផែនការរបស់រដ្ឋាភិបាលចិនដីគោកក្នុងការពិនិត្យគ្រប់គ្រងបេក្ខជនដែលអាចឈរឈ្មោះនៅហុងកុងឲ្យគេបោះឆ្នោតឲ្យ។
គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានយល់ស្របអំពីតម្រូវការឲ្យមានសិទ្ធិបោះឆ្នោតសកល ដែលមានន័យថា សិទ្ធិរបស់ពលរដ្ឋដើម្បីបោះឆ្នោត និងសិទ្ធិដើម្បីឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ។
លោកស្រី Emily Lau ដែលជាសមាជិកក្រុមប្រឹក្សាគ្រប់គ្រងក្រុងហុងកុង និងជាប្រធានគណបក្សប្រជាធិបតេយ្យសេរីហុងកុងដែលបានចូលរួមការប្រជុំនៅក្រុងហ្សឺណែវនេះបានស្វាគមន៍ចំពោះគោលជំហររបស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះ។
សន្ធិសញ្ញាអន្ដរជាតិស្ដីអំពីសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយដែលមហាសន្និបាតអង្គការសហប្រជាជាតិសម្រេចយល់ព្រមកាលពីឆ្នាំ១៩៦៦ ត្រូវបានចិនចុះហត្ថលេខានៅឆ្នាំ១៩៩៨ ប៉ុន្ដែតាំងពីពេលនោះមកចិនមិនដែលបានធ្វើសច្ចានុម័តលើច្បាប់នេះទេ។ សន្ធិសញ្ញានេះផ្ដល់ការធានាដល់សិទ្ធិសេរីភាពមូលដ្ឋាន រួមទាំងសិទ្ធិស្វ័យគ្រប់គ្រងខ្លួនឯង និងការបោះឆ្នោតដោយសេរី និងទៀងទាត់៕ ប្រភព ៖ Radioaustalia
