៧ ចំណុច​អតិថិជន​តែងតែ​ប្រៀបធៀប iPhone 6 និង 6 Plus

10/11/2014 0 Comments A+ a-

ក្រោយពី​ធ្វើការ​សម្ពោធ​នូវ​ទូរស័ព្ទ iPhone 6 និង iPhone 6 Plus កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​កន្លង​ទៅ​នេះ ក្រុមហ៊ុន Apple បាន​ប្រឈម​នឹង​រលក​បោកបក់​ជាច្រើន​ពិសេស​ពាក្យ​រិះគន់​ពី​ភាព​ទន់​ងាយ​កោង​នៃ​ទូរស័ព្ទ​ស៊េរី​ចុងក្រោយ​នេះ​។
ទោះជា​យ៉ាង​ណា​ក្ដី ក្រុមហ៊ុន Apple បាន​បំបែក​កំណត់ត្រា​របស់​ខ្លួន​ដោយ​អាច​លក់​បាន​ទូរស័ព្ទ​១០​លាន​គ្រឿង​ក្នុង​រយៈពេល​៣​ថ្ងៃ​ដំបូង និង​ថែម​ទាំង​អួត​ទៀត​ថា ខ្លួន​អាច​លក់​ច្រើន​ជាង​នេះ​បើ​នៅ​ស្ដុក​មាន​ផលិតផល​ទូរស័ព្ទ​ទាំង​ពីរ​ខាង​លើ​។
20141009_21b
នារី​ម៉ូដែល​លើក​បង្ហាញ​ទូរស័ព្ទ iPhone 6 Plus និង iPhone 6​។ រូបថត AFP
ជាមួយ​នឹង​ការ​សម្ពោធ​ម៉ូដែល​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ អ្នក​គាំទ្រ Apple ជាច្រើន​អាច​រារែក​មិន​ដឹង​ថា​ត្រូវ​ជាវ iPhone 6 អេក្រង់​៤,៧អ៊ិញ ឬ​ក៏ iPhone 6 Plus អេក្រង់​៥,៥​អ៊ិញ។
ខាងក្រោម​នេះ​គឺជា​ចំណុច​ទាំង​៧​ដែល​អ្នក​ជំនាញ​ចងក្រង​ទាក់ទិន​នឹង​ការ​ប្រៀបធៀប​ពី​អតិថិជន​ជា​រួម។
១. iPhone 6 Plus ធំ​ពេក មិន​អាច​កាន់​ប្រើ​ដោយ​ដៃ​តែ​ម្ខាង​នោះ​ទេ។ វា​មាន​លក្ខណៈ​ដូចជា​ពពួក​ថេប្ល៊ិត​ដែល​ត្រូវ​ដាក់​លើ​តុ​មុន​នឹង​ប្រើ​ដៃ​ចុច​ច្រើន​ជាង។ តែ iPhone 6 បំពេញ​លក្ខខណ្ខ​ជា​ទូរស័ព្ទ​ដៃ និង​មាន​ទំហំ​ធំ​ល្មម​ស្រួល​កាន់។
២. iPhone 6 Plus អាច​ឲ្យ​អ្នក​ប្រើប្រាស់​មើល​អេក្រង់​គ្រប់​កម្មវិធី​ដោយ​ដាក់​វា​ផ្ដេក​មិន​ថា​ជា​កម្មវិធី​អ៊ីមែល ឬ​ផ្ញើសារ​នោះ​ទេ។ វា​ធំ​ល្មម និង​ស័ក្ដិសម​សម្រាប់​អ្នក​ចូលចិត្ត​មើល​រូបភាព​ផ្ដេក ខណៈ​ដែល iPhone 6 មិន​មាន​លទ្ធភាព​ធ្វើ​ដូច្នោះ​ឡើយ។
៣. បើ​ប្រៀបធៀប​រវាង iPhone 6 និង iPhone 6 Plus ម៉ូដែល​ធំ​មាន​កាមេរ៉ា​គុណភាព​ល្អ​ជាង ជា​ពិសេស​ក្នុង​ករណី​ថតរូប​ទី​ងងឹត​ដែល​ខ្វះ​ពន្លឺ។ iPhone 6 Plus ក៏​មាន​សមត្ថភាព​ទប់​លំនឹង​រូបភាព​បាន​ល្អ​ជាង​នៅពេល​ថតរូប និង​វីដេអូ​ផង​ដែរ។
៤. ត្បិត​តែ​អេក្រង់​ធំ​ពិត​មែន​តែ iPhone 6 Plus កាន់​ថ្ម​បាន​យូរ​ជាង ពោល​គឺ​វា​អាច​ប្រើ​បាន​លើស​១​ថ្ងៃ​ប្រសិន​បើ​សាកថ្ម​ពេញ។
៥. iPhone 6 Plus មាន​ដង់ស៊ីតេ​រូបភាព​៤០១​ភីកសែល​ក្នុង​១​អ៊ិញ ខណៈ iPhone 6 មាន​ត្រឹម​តែ​៣២៦​ភីកសែល​ក្នុង​១​អ៊ិញ។ ប៉ុន្តែ​ភ្នែក​មនុស្ស​ធម្មតា​សឹង​មិន​អាច​សម្គាល់​ពី​ភាព​ខុស​គ្នា​នេះ​ឡើយ។
៦. iPhone 6 Plus មាន​កម្រាស់​៧,៩​មិល្លីម៉ែត្រ ពោល​គឺ​ក្រាស់​ជាង​iPhone 6 ចំនួន​១​មិល្លីម៉ែត្រ។
៧. iPhone 6 Plus (16G) តម្លៃ​ប្រមាណ​១០១០​ដុល្លារ រីឯ iPhone 6 មាន​តម្លៃ​៨៥០​ដុល្លារ៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍