អ្នកបើករថយន្តក្រុង បាតុកម្មទាមទារប្រាក់ខែ ៣០០ ទៅ ៣៥០ដុល្លារ
រាជធានីភ្នំពេញ៖ ក្រុមអ្នកបើកបររថយន្ដក្រុង របស់សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែតុលានេះ បានធ្វើបាតុកម្ម តវ៉ាជាមួយ សាលារាជធានីភ្នំពេញ នៅចំណតរថយន្ដរបស់សាលារាជធានីភ្នំពេញ ផ្សាររាត្រី ជិតផ្សារចាស់ ដើម្បីទាមទារឲ្យសាលារាជធានីភ្នំពេញ បើកប្រាក់ខែឲ្យពួកគាត់។
បន្ទាប់ពីមានការធ្វើបាតុកម្ម ឃើញមានតំណាងសាលារាជធានីភ្នំពេញ ចុះមកជួបជាមួយក្រុមអ្នកតវ៉ា ដោយបានសម្រប សម្រួលគ្នា និងឯកភាពគ្នា ដោះស្រាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ រវាងក្រុមអ្នកបើករថយន្ដក្រុង របស់សាលារាជធានីភ្នំពេញ ជាមួយនឹងតំណាងសាលារាជធានីភ្នំពេញ ដើម្បីបញ្ចប់បញ្ហា។
ប៉ុន្តែក្នុងសេចក្តីប្រកាស អាជ្ញាធររាជធានីភ្នំពេញ បានព្រមានទុកជាមុនថា “បើសិនជាអ្នកណា បន្តធ្វើការទៀត ក៏បន្តធ្វើការទៀតទៅ! ឯអ្នកមិនចង់បន្តការងារនេះ សាលារាជធានីភ្នំពេញ នឹងបើកប្រាក់ខែ បញ្ចប់ការងារតែម្ដង”។
ក្នុងសេចក្តីជូនជ្រាបរបស់សាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១តុលានេះ បានលើកឡើងថា សាលារាជធានីភ្នំពេញ សូមអរគុណចំពោះអ្នកដែលពេញចិត្តធ្វើការបន្ត ហើយក៏មិនហាមឃាត់ដែរ ចំពោះអ្នកដែលមិនពេញចិត្ត អាចមានសិទ្ធិឈប់បាន ព្រោះនៅក្នុងលក្ខខណ្ឌការងារ ក៏មិនបានហាមឃាត់ និងកំណត់ថា ទទួលបានប្រាក់ឧបត្ថម្ភដល់ទៅ ៣០០ ដុល្លារ ឬ៣៥០ដុល្លារនោះដែរ។
គួរបញ្ជាក់ថា សេវារថយន្តក្រុងសាធារណៈ ៣ ខ្សែដំបូង របស់អាជ្ញាធររាជធានីភ្នំពេញ ចាប់ពីខែមីនា រហូតដល់ពេលនេះ គឺជាការសាកល្បង។ ការសាកល្បងនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ប្រកាសថា មិនទាន់អាចធ្វើឲ្យវាល្អឥតខ្ចោះនៅឡើយទេ។ ប៉ុន្តែសាលារាជធានីភ្នំពេញ ក៏មិនបញ្ឈប់វាត្រឹមនេះដែរ យើងនឹងបន្តកិច្ចការនេះ បំរើជូនបងប្អូនរហូត។
បន្ទាប់ពីការរអាក់រអួល កាលពីព្រឹកថ្ងៃសៅរ៍បន្តិច អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសនៅពេលរសៀលថ្ងៃសៅរ៍នេះថា “ឥឡូវនេះ ដំណើរការដូចដើមវិញហើយ និងមានអ្នកដំណើរកំពុងតែគាំទ្រយ៉ាងច្រើនជាមួយសេវានេះ”។
ប្រភពពី Free Press Magazine