លោក ហ៊ុនម៉ានី និង កញ្ញា កឹម មនោវិទ្យា អ្នកនយោបាយវ័យក្មេង ស្ថិតក្នុងការតាមដាន
កូនប្រុសម្នាក់របស់សម្តេច ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានប្រឡូកនយោបាយ ដោយបានក្លាយជាតំណាងរាស្ត្ររបស់គណបក្សកាន់អំណាច។ ចំណែកកូនស្រីរបស់លោក កឹមសុខាវិញ ត្រូវបានគេដឹងថា មានលំដាប់លេខរៀងទី១៣ នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសង្គ្រោះជាតិ ដែលមានសមាជិកសរុប ២៦នាក់។
ទាំងហ៊ុនម៉ានី និងកឹមមនោវិទ្យា សុទ្ធតែទទួលបានការអប់រំនៅក្រៅប្រទេស។
លោក ហ៊ុន ម៉ានី បានកើតនៅក្នុងឆ្នាំ១៩៨២ ហើយលោកបានធ្លាប់សិក្សានៅប្រទេសអាមេរិក និងអូស្ត្រាលី ដោយមានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ និងផ្នែកសន្តិសុខ ពិសេសប្រឆាំងភេរវកម្ម។
លោកគឺជាតំណាងរាស្ត្រខេត្តកំពង់ស្ពឺ។ មុនពេលដែលលោកចាប់ផ្តើមប្រឡូកក្នុងឆាកនយោបាយយ៉ាងពេញលេញនោះ លោកបានធ្លាប់ធ្វើការជាជំនួយការផ្ទាល់របស់ឪពុកលោក គឺសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នោះគឺជាឱកាសដែលលោក បានរៀនសូត្រពីឱពុករបស់លោកនៅក្នុងកិច្ចការនយោបាយ។
លោកគឺជាអ្នកនយោបាយវ័យក្មេង នៅក្នុងគណបក្សប្រជាជនកម្ពុជា។ ដោយឪពុករបស់លោកជានាយករដ្ឋមន្ត្រីនោះ រូបលោកបានក្លាយទៅជាអ្នកនយោបាយដែលគេផ្តោតការយកចិត្តទុកដាក់ផងដែរ។
ចំណែក កឹម មនោវិទ្យា ដែលជាកូនស្រីច្បងរបស់លោក កឹម សុខាវិញ នាងក៏បានទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេសផងដែរ។ កញ្ញា កឹម មនោវិទ្យា មានអាយុ ៣២ឆ្នាំបច្ចុប្បន្នជាសមាជិកអចិន្ត្រៃយ៍មួយរូប របស់គណបក្សសង្គ្រោះជាតិ។ ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ ចំនួន ២៦រូប នាងឈរលេខរៀងទី១៣ ដែលខ្ពស់ជាងប្រពន្ធរបស់លោក សម រង្ស៊ី គឺលោកស្រី ជូឡុង សាមូរ៉ា។
ដោយផ្អែកលើបញ្ជីសមាសភាព នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ កញ្ញាអាចចាត់ទុកជាអ្នកនយោបាយស្ត្រី ដែលមានឥទ្ធិពលបំផុត នៅក្នុងគណបក្សប្រឆាំង បន្ទាប់ពីលោកស្រី មួរ សុខហួរ។
ប្រភពការទូតមួយរូប បាននិយាយថា នាងជាមនុស្សដ៏សំខាន់មួយរូបនៅក្នុងការតាក់តែងយុទ្ធសាស្ត្រនយោបាយរបស់គណបក្សសង្គ្រោះជាតិផងដែរ។ បច្ចុប្បន្ននាងមានតួនាទីជាអគ្គនាយករង នៃផ្នែកទំនាក់ទំនងសាធារណៈគណបក្សសង្គ្រោះជាតិ។
កញ្ញា កឹម មនោវិទ្យា បានចាប់ផ្តើមល្បី នៅពេលដែលនាងបានធ្វើយុទ្ធនាការ ដើម្បីទាមទារការដោះលែងឪពុករបស់នាង គឺលោក កឹម សុខា កាលពីឆ្នាំ២០០៦។
ដោយមានឈាមជ័រចេញពីមេដឹកនាំនយោបាយ លោក ហ៊ុន ម៉ានី និង កញ្ញា កឹម មនោវិទ្យា គឺជាអ្នកនយោបាយវ័យក្មេងដែលគេត្រូវពិនិត្យតាមដានយ៉ាងចិត្តទុកដាក់ជាងគេ នៅក្នុងចំណោមអ្នកនយោបាយវ័យក្មេង៕R/N