ING CITY បង្ហាញគម្រោងស្ថាបនាមហាវិថីធំជាងគេនៅក្នុងរាជធានីភ្នំពេញ
គោលបំណងប្រកបដោយមហិច្ឆតារបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ING Holding Co, Ltd ក្នុងការបង្កើតក្រុងរណបថ្មីមួយដែលមានឈ្មោះថា ING City ស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និងការរីកចម្រើននៃវិស័យអចលនទ្រព្យនៅពេលនេះកំពុងដំណើរការទៅមុខយ៉ាងរលូន។
ក្រុងរណប ING City (ដែលគេធ្លាប់ស្គាល់ថា ក្រុងរណប AZ City) នឹងរំលេចឡើងព្រមជាមួយមហាវិថីដ៏ធំមួយដែលមានឈ្មោះថា «មហាវិថីសម្តេចតេជោ ហ៊ុន សែន» មានបណ្តោយសរុប ៩,២ គីឡូម៉ែត្រ និងទទឹង ៦០ ម៉ែត្រដោយគ្រោងចំណាយថវិកាប្រហែល ៥១ លានដុល្លារ និងមហាវិថីធំៗកាត់ទទឹងគម្រោងនេះចំនួន ២ ទៀត គឺ ទី១ មហាវិថីអ្នកឧកញ៉ា មហាភក្តី សប្បុរិស ភោគាធិបតី ហ៊ុន នាង និងមហាវិថី ទី២ នៅមិនទាន់ស្ថាបនា និងដាក់ឈ្មោះនៅឡើយទេ។
លោក មាស វីរីយ៉ា អនុប្រធាននាយកដ្ឋានបច្ចេកទេសនៃក្រុមហ៊ុនអភិវឌ្ឍន៍ ING Holiding Co, Ltd បានប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យ កាលពីពេលថ្មីៗនេះថា ការស្ថាបនាមហាវិថី សម្តេច តេជោ ហ៊ុន សែន នៅពេលនេះជិតបញ្ចប់តួផ្លូវ ១០០ ភាគរយហើយ ដោយគ្រោងបើកដំណើរការនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។ លោកប្រាប់ទៀតថា ការចាក់កៅស៊ូមហាវិថីខាងលើនឹងត្រូវបញ្ចប់នៅ ខែឆ្នូ ឆ្នាំ២០១៥។
«មហាវិថី សម្តេច តេជោ ហ៊ុន សែន» មានទទឹង ៦០ ម៉ែត្រត្រូវចាក់កៅស៊ូទំហំ ៣០ ម៉ែត្រ និងទុកគែមផ្លូវម្ខាង ១៥ ម៉ែត្រ សម្រាប់ផ្លូវថ្មើរជើង និងសួនច្បារ។ មហាវិថីនេះភ្ជាប់ពីផ្លូវលេខ ២៧១ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ២ ក្នុង សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រៅពីមហាវិថីសម្តេច តេជោ ហ៊ុន សែន ក្រុងរណប ING City ក៏ត្រូវស្ថាបនាផ្លូវមេកាត់ទទឹងចំនួន ២ ខ្សែទៀតផងដែរ គឺមួយមានឈ្មោះថា «មហាវិថីអ្នកឧកញ៉ា មហាភក្តី សប្បុរិស ភោគាធិបតី ហ៊ុន នាង» មានបណ្តោយ ២,៧៤ គីឡូម៉ែត្រ និងទទឹង ៣០ ម៉ែត្រ បច្ចុប្បន្នចាក់កៅស៊ូរួច ៨០០ ម៉ែត្រហើយ និងផ្លូវ ១ ខ្សែទៀតនៅមិនទាន់សាងសង់ទេ ដោយផ្លូវទាំង ២ ចេញពីផ្លូវជាតិលេខ ២ ម្តុំចាក់អង្រែក្រោម ឆ្ពោះទៅផ្លូវលេខ ៣៧១។ នៅក្នុងផែនការអភិវឌ្ឍន៍ក្រុងរណបនេះ ក៏នឹងមានការសាងសង់ផ្លូវតូចៗចំនួន ៤៨ ខ្សែបន្ថែមទៀតផងដែរ ដោយផ្លូវនីមួយៗមានទំហំតូចបំផុត ២៦ ម៉ែត្រ។
លោក វីរីយ៉ា បានប្រាប់ថា៖ «ដោយគិតគូរជាចម្បងទៅលើការថែរក្សាការពារបរិស្ថាន សុវត្ថិភាព និងផាសុកភាព សម្រាប់អ្នករស់នៅក្នុងក្រុងរណបថ្មីនេះ ក្រុមហ៊ុន ING Holiding Co, Ltd ក៏បានរៀបចំនូវប្រព័ន្ធលូយ៉ាងពិសេស ដោយមានទំហំចាប់ពី ០,៣២,៨ ម៉ែត្រ និងមានបែងចែកដាច់ពីគ្នារវាងលូបង្ហូរទឹកភ្លៀង និងលូទឹកស្អុយ»។
ក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរណប ING City មានក្រុមហ៊ុនអន្តរជាតិជាច្រើនកំពុងចូលរួមសិក្សាបច្ចេកទេស និងផលប៉ះពាល់បរិស្ថាន ដូចជាក្រុមហ៊ុនរៀបចំប្លង់គោល និងឌីហ្សាញ Surbana International Consultants Pte, Ltd ក្រុមហ៊ុន Yachiyo Engineering Co, Ltd និងក្រុមហ៊ុន Hitachi Ltd, Japan ជាក្រុមហ៊ុនជួយសិក្សាបរិស្ថាន និងសិក្សាពីសហគមន៍ដែលត្រូវរៀបចំក្នុងក្រុងរណបនេះ។ ចំណែកក្រុមហ៊ុន Green Consultant Co, Ltd និងក្រុមហ៊ុន Daun Penh EIA Consultant សិក្សាពីផលប៉ះពាល់បរិស្ថាន (EIA) រីឯក្រុមហ៊ុន IMORI Construction Co, Ltd ជាអ្នកត្រួតពិនិត្យបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា។ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន ING Holding Co, Ltd ដែលនិយាយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ប្លង់មេរបស់ក្រុងរណប ING City បានទទួលការអនុម័តពីសាលារាជធានីភ្នំពេញ និងសាលា ខេត្តកណ្តាល ហើយ។ ការអភិវឌ្ឍក្រុងរណបនេះធ្វើឡើងតាមទស្សនវិស័យ និងចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង ដើម្បីប្រែក្លាយទីនោះឲ្យទៅជាទីក្រុងដ៏ទំនើបទាន់សម័យដូចនៅប្រទេសរីកចម្រើននានាដែលលោកធ្លាប់បានទៅទស្សនកិច្ចដូចជា សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងបណ្តាប្រទេសជាច្រើននៅតំបន់មជ្ឈិមបូព៌ា។
លោកមានប្រសាសន៍ថា៖ «ការអភិវឌ្ឍក្រុងរណប ING City ខ្ញុំគ្មានបំណងប្រមូលប្រាក់ចំណេញត្រឡប់មកវិញភ្លាមៗនោះទេ ព្រោះខ្ញុំចង់អភិវឌ្ឍទីក្រុងនេះឲ្យមានចីរភាព មានការគិតគូរពីបរិស្ថាន និងផ្តល់គុណតម្លៃដល់ជីវិតសម្រាប់អ្នករស់នៅទីនេះ»។ លោកបន្តថា៖ «ក្រុងរណបនេះនឹងត្រូវអភិវឌ្ឍឡើងតាមលំនាំទីក្រុងស៊ីវិល័យ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ហើយប្រព័ន្ធខ្សែភ្លើងទាំងអស់នឹងត្រូវកប់នៅក្រោមដី»។
ផែនការមេ ឆ្នាំ២០១៤-២០២០ របស់ក្រុមហ៊ុន ING Holdings Co, Ltd បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ក្រុងរណបនេះត្រូវចែកចេញជា ៤ ដំណាក់កាលក្នុងនោះដំណាក់កាល ទី១ ត្រូវអនុវត្តលើផ្ទៃដីសរុប ៥៧១ ហិកតា ដែលត្រូវបែងចែកជាតំបន់ពាណិជ្ជកម្ម តំបន់រដ្ឋាភិបាល កន្លែងស្តុកសម្ភារសំណង់ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ កន្លែងលក់ផលិតផលពីរោងចក្រ មជ្ឈមណ្ឌលរថយន្ត មន្ទីរពេទ្យជប៉ុន សហគមន៍ជប៉ុន តំបន់សម្រាប់សង់ផ្ទះចូលនិវត្តន៍ជនជាតិចិន ផ្សារទំនើប និងមជ្ឈមណ្ឌលមធ្យោបាយធ្វើដំណើរមានដូចជាផ្លូវរទេះភ្លើង រថយន្តតាក់ស៊ី និងរថយន្តក្រុងជាដើម។
ក្រុងរណបនេះមានផ្ទៃដីទំហំ ២៥៧២ ហិកតា និងមានអាងស្តុកទឹកទំហំ ៥២០ ហិកតា ដោយភ្ជាប់ខណ្ឌ ៣ របស់រាជធានីភ្នំពេញ គឺ ខណ្ឌចំការមន មានជ័យ ដង្កោ និង ក្រុងតាខ្មៅ របស់ ខេត្តកណ្តាល។
គម្រោងអភិវឌ្ឍន៍ក្រុងរណប ING City ក៏បានធ្វើឡើងស្របតាមទស្សនវិស័យរបស់វីរស្ថាបត្យករកម្ពុជាលោកបណ្ឌិត វណ្ណ មូលីវណ្ណ ផងដែរដោយលោកធ្លាប់បានផ្តល់អនុសាសន៍នាពេលកន្លងមកថា៖ «ខ្ញុំគិតថា ការអភិវឌ្ឍរាជធានីភ្នំពេញទៅភាគខាងត្បូង គឺល្អជាងភាគខាងលិច ព្រោះភាគខាងត្បូងជាតំបន់ខ្ពស់ និងមានទន្លេសម្រាប់រំដោះទឹកចេញចៀសផុតពីបញ្ហាគ្រោះទឹកជំនន់បាន»។
លោកបន្តថា៖ «នៅ ឆ្នាំ២០១៥ ប្រជាជនមករស់នៅភ្នំពេញអាចនឹងកើនឡើងដល់ជិត ៣ លាននាក់ ដែលធ្វើឲ្យភ្នំពេញត្រូវការផ្ទៃដីធំជាងបច្ចុប្បន្ន ៣ ដង ដូច្នេះគេត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អដើម្បីស្របតាមកំណើនរបស់ប្រជាជន»។
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនខាងលើបានឲ្យដឹងទៀតថា បច្ចុប្បន្នការដោះស្រាយផលប៉ះពាល់ជាមួយប្រជាជន ៤៨ គ្រួសារដែលមានលំនៅឋាននៅជាប់ក្បាលមហាវិថីអ្នកឧកញ៉ា មហាភក្តី សប្បុរិស ភោគាធិបតី ហ៊ុន នាង ជិតបញ្ចប់ហើយ។ ក្រុមហ៊ុនបានផ្តល់ដីក្នុងទំហំប៉ុនគ្នានឹងដីរបស់ពួកគាត់ ដែលមានទីតាំងនៅក្បែរលំនៅឋានចាស់ ហើយក្រុមហ៊ុននឹងជួយសាងសង់ផ្ទះជូនពួកគាត់ផងដែរ។ ចំណែកប្រជាជនដែលរងផលប៉ះពាល់ដទៃទៀតក្រុមហ៊ុននឹងដោះស្រាយជាជំហានៗ។
លោកបញ្ជាក់ថា៖ «ប្រសិនបើប្រជាពលរដ្ឋណាចង់បានប្រាក់ ក្រុមហ៊ុននឹងផ្តល់ប្រាក់ទៅតាមតម្លៃទីផ្សារជាក់ស្តែង ប៉ុន្តែបើពួកគាត់ទទួលយកសំណងជាថ្នូរនឹងលំនៅឋានថ្មី គឺពួកគាត់នឹងទទួលបានដីទំហំដូចគ្នានឹងដីចាស់ព្រមទាំងទទួលបានលំនៅឋានសង់ពីថ្មដែលមានបទដ្ឋាន និងគុណភាពកម្រិតស្តង់ដារ»។
លោកបន្តថា៖ «គោលនយោបាយរបស់ក្រុមហ៊ុនធ្វើឡើងដោយទន់ភ្លន់ ដើម្បីធ្វើឲ្យប្រជាជនពេញចិត្ត និងមិនធ្វើឲ្យប្រជាពលរដ្ឋមានភាពទោមនស្សនោះទេ»។
បច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនដ៏ធំមួយឈ្មោះ Future Gate គ្រោងនឹងចាប់ផ្តើមសាងសង់អគារខ្ពស់ៗពី ៤ ទៅ ៦ អគារក្នុងក្រុងរណបនេះផងដែរ។
ដោយបានសិក្សាទីតាំងប្រហែល ២០ កន្លែងនៅក្នុងរាជធានីភ្នំពេញ មុនពេលសម្រេចចិត្តទិញដី និងសាងសង់សាលារៀនភ្នំពេញអន្តរជាតិ (ISPP) លោក Barry Sutherland នាយកសាលា ISPP បានប្រាប់ថា លោកកំពុងវិនិយោគប្រាក់ប្រមាណ ៤០ លានដុល្លារសម្រាប់កសាងសាលា ISPP ក្នុងក្រុងរណប ING City ព្រោះលោកយល់ថា តំបន់ដែលសាលារៀនអន្តរជាតិភ្នំពេញ នឹងបង្ហាញខ្លួននាពេលខាងមុខ គឺជាតំបន់ដែលមានសក្តានុពលខ្លាំង ព្រោះមានការតភា្ជប់ជាមួយនឹងផ្លូវពីរសំខាន់ៗ គឺផ្លូវលេខ ២៧១ និងផ្លូវជាតិលេខ ២។
លោកអះអាងថា៖ «ទោះបីខ្ញុំពេញចិត្តទីស្នាក់ការរបស់ខ្ញុំនៅ សង្កាត់បឹងកក់ ១ និងមានទំនាក់ទំនងល្អជាមួយម្ចាស់ដីនៅទីនោះក៏ដោយ ក៏វាជាការល្អសម្រាប់យើងក្នុងធ្វើជាម្ចាស់ខ្លួនឯងលើដីនិងអគារនៅទីតាំងថ្មីនេះ»។
លោកបណ្ឌិត បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបញ្ចប់ថ្នាក់បណ្ឌិតនៅ ចក្រភពអង់គ្លេស និង ប្រទេសហូឡង់ ផ្នែកផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងទីក្រុង មានប្រសាសន៍ថា បើនិយាយពីលក្ខណសម្បត្តិរបស់ក្រុងរណប ING City និងបញ្ហាបរិស្ថាន គឺក្រុមហ៊ុនអភិវឌ្ឍន៍ អាចមានលទ្ធភាពរៀបចំទីក្រុងនេះឲ្យបានល្អប្រសើរ ព្រោះតំបន់នោះជាតំបន់ដែលមិនទាន់មានការតាំងទីលំនៅដូច្នេះការរៀបចំអាចមានភាពល្អ សមស្របតាមបទដ្ឋានអន្តរជាតិ។
លោកបានថ្លែងថា៖ «នេះជាឱកាសមាសសម្រាប់ទីតាំងដែលមិនទាន់មានការតាំងទីលំនៅ ដោយអ្នករៀបចំប្លង់អភិវឌ្ឍន៍ក្រុងមានលទ្ធភាពធ្វើឲ្យទីក្រុងនេះមានបរិយាកាសរស់នៅល្អ មានផាសុកភាព និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្របតាមស្តង់ដារអន្តរជាតិ»។
លោកបានបន្តថា៖ «សម័យបច្ចេកវិទ្យាជឿនលឿនទីក្រុងមានសណ្ឋានដីខ្ពស់ ឬទាបមិនមានបញ្ហាគួរឲ្យបារម្ភនោះទេ។ ការខ្ពស់ជាង ឬទាបជាងកម្ពស់ទឹកទន្លេលែងជាទៀតបញ្ហាហើយ»។
លោកបណ្ឌិតបានបន្តថា តាមពិតដូចនៅ ប្រទេសសិង្ហបុរី គេបានបង្កើតពហុមជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងទីក្រុងរបស់គេច្រើនកន្លែង គឺដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍។ ប្រសិនបើរាជធានីភ្នំពេញ មានប៉ូលសេដ្ឋកិច្ចតែមួយមនុស្សនឹងប្រមូលផ្តុំនៅកន្លែងតែមួយ។ ហេតុនេះការពង្រីកប៉ូលសេដ្ឋកិច្ចច្រើនកន្លែង នឹងធ្វើឲ្យប្រជាពលរដ្ឋមិនប្រមូលផ្តុំតែមួយកន្លែងនោះទេ ដែលនេះជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងផងដែរ។
លោកបានបញ្ជាក់ថា៖ «ការកសាងក្រុងរណបជុំវិញរាជធានីភ្នំពេញ គឺជាទិសដៅនៃការអភិវឌ្ឍដ៏ត្រឹមត្រូវ ហើយការអភិវឌ្ឍទីក្រុងនាពេលនេះមិនរើសទិសដូចការអភិវឌ្ឍកាលពីសម័យមុននោះទេ»។
លោកបន្តថា៖ «ម្ចាស់គម្រោងអភិវឌ្ឍន៍ក្រុងរណប ING City គួររកអ្នកមានជំនាញផ្នែកផែនការអភិវឌ្ឍន៍ក្រុងរណបនេះឲ្យបានត្រឹមត្រូវ និងស្វែងរកព័ត៌មានរបស់អតិថិជនដែលនឹងមករស់នៅ និងប្រកបអាជីវកម្មនៅទីនោះទីក្រុងនេះនឹងទទួលបានជោគជ័យ»។
លោក Kevin Goos អគ្គនាយកក្រុមហ៊ុន Century21 Cambodia បានគាំទ្រចំពោះការអភិវឌ្ឍក្រុងរណបថ្មីៗនៅរាជធានីភ្នំពេញ ដែលនេះគឺជាការឆ្លើយតបទៅនឹងកំណើនតម្រូវការលំនៅឋាន និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
លោកបានថ្លែងថា៖ «គម្រោងអភិវឌ្ឍន៍ក្រុងរណប ING City ជាផែនការមួយគួរឲ្យចាប់អារម្មណ៍ ព្រោះទីនោះមានទីតាំងនៅភាគខាងត្បូងភ្នំពេញ និងមានទំហំដីធំ។ ដើម្បីអភិវឌ្ឍក្រុងរណបមួយឲ្យទទួលជោគជ័យ វាទាមទារឲ្យអ្នកអភិវឌ្ឍន៍រៀបចំប្លង់គោល ហេដ្ឋារចនាសម្ព័ន្ធឲ្យបានច្បាស់លាស់ និងត្រូវសិក្សាពីតម្រូវការរបស់អតិថិជនផងដែរ»។
លោក Kevin បានបន្តថា ការអភិវឌ្ឍក្រុងរណបថ្មីៗនៅជុំវិញរាជធានីភ្នំពេញ វាមិនត្រឹមតែជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះទេ តែជួយពង្រាយប្រជាជនមិនឲ្យរស់នៅប្រមូលផ្តុំតែមួយកន្លែងផងដែរ។
នាយកក្រុមហ៊ុនអចលនទ្រព្យ Knight Frank ប្រចាំកម្ពុជា បានលើកឡើងថា៖ «គម្រោងអភិវឌ្ឍន៍លើដីទំហំប្រហែល ២៦០០ ហិកតានេះជាក់ស្តែងណាស់វាគឺជាគម្រោងដែលមានរយៈពេលវែង ហើយបើក្រុមហ៊ុនអនុវត្តតាមផែនការដែលបានគ្រោងទុកនោះ ខ្ញុំគិតថា វានឹងមានផលវិជ្ជមានច្រើនសម្រាប់រាជធានីភ្នំពេញ»។
លោកបន្តថា៖ «ដូចអ្វីដែលខ្ញុំបានប្រាប់កាលពីមុនថា វាត្រូវតែមានការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច»។
លោកបន្តថា ទំហំនៃក្រុងរណប ING City នឹងអនុគ្រោះដល់ការអភិវឌ្ឍ ព្រោះតាមផែនការនៅទីនោះនឹងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អ ដែលសម្រួលដល់ការធ្វើដំណើរ។ ការបង្កើតឲ្យមានបរិស្ថានរស់នៅល្អ នឹងធ្វើឲ្យការអភិវឌ្ឍក្រុងរណប ING City ទទួលជោគជ័យ៕ប្រភព ពី Postkhmer
