កំពូល​តម្កល់​ទោស​លោក​ហេង ពៅ​ឲ្យ​ជាប់​គុក​១៦​ឆ្នាំ

10/25/2014 0 Comments A+ a-

ការ​កំពូល​បាន​សម្រេច​តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍ ឲ្យ​លោក​ ហេង ពៅ អតីត​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ ជាប់​ពន្ធ​នាគារ​១៦ ​ឆ្នាំ និង​គូកន ៤ នាក់​ទៀតឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ១៥ ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ប៉ុនប៉ង​និង​សមគំនិត​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជា​មុន» ទៅលើ​នាយ​ឧត្តម​សេនី​យ៍​ផ្កាយ​៤លោក​ សៅ សុខា មេ​បញ្ជា​​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ប្រព្រឹត្ត កាល​ពី​អំឡុង​ឆ្នាំ ២០០​៣​។
ជា​មួយ​គ្នា​នេះ តុលា​ការ​កំពូល​បាន​សម្រេច​លើ​ក​លែង​ការ​ចោទ​ប្រកាន់ ឈ្មោះ​ ព្រំ​ សោភារិទ្ធ​ ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ អតី​តនាយ​រង​នគរ​បាល​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ​។

លោក ហេង ពៅ នៅ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី ២១ ខែ​តុលា។
លោក ហេង ពៅ នៅ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី ២១ ខែ​តុលា។ ហុង មិនា


លោក យូរ ឧត្តរា ចៅ​ក្រម​ជំនុំ​ជម្រះ បាន​ប្រកាស​សាល​ដីកា​ កាល​ពី​ម្សិលមិញ​ថា៖ «តុលាការ​កំពូល​សម្រេច​តម្កល់​ទោសជន​ជាប់​ចោទ​ឈ្មោះ ហេង ពៅ អាយុ ៥៧ ឆ្នាំ ដាក់​ពន្ធនាគារ​១៦ឆ្នាំ ដដែល ពីបទ​សម​គំនិត​ប៉ុន​ប៉ង​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជាមុន​។ ចំណែក​ឯ​ជន​ជាប់​ចោទ​ឈ្មោះ លី រ៉ាស៊ី ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ហង្ស វុទ្ធីហៅ យមរាជ ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ​និង​ឈ្មោះ ហង្ស វុត្ថា ហៅ ម៉ូវ អាយុ ៤៣ ឆ្នាំ (ប្អូន​ប្រុស​បង្កើត​របស់​ ហង្ស វុទ្ធី) ដាក់​ពន្ធនាគារ​ម្នាក់ៗ​១៥​ឆ្នាំ​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត ដោយ​គិត​ទុក​ជា​មុន​»។
សំណុំ​រឿង​នេះ​ សាលា​ដំបូង​រាជធានី​ កាលពី​ឆ្នាំ ២០០៦ និង​សាលា​ឧទ្ធរណ៍​កាល​ពី​ឆ្នាំ ២០១០ បាន​សម្រេច​ផ្តន្ទាទោស​ឈ្មោះ ហេង ពៅ ដាក់​ពន្ធនាគារ ១៦ ឆ្នាំ។ ចំណែក​ឯ លី រ៉ាស៊ី ហង្ស វុទ្ធី ហង្ស វុត្ថា អំ សំខេង (បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​) និង​ឈ្មោះ​ ព្រំ សោភារិទ្ធ ​ដាក់​ពន្ធនាគារ ​ម្នាក់ៗ​១៥​ ឆ្នាំ។
ទោះ​ជា​យ៉ាង​ណា លោក ហេង ពៅ បាន​ចាត់​ទុក​ការ​សម្រេច​នេះថា ជា​រឿង​អយុត្តិធម៌​យ៉ាង​ខ្លាំង​សម្រាប់​រូប​លោក។ លោក​គូស​បញ្ជាក់​ថា​៖ «រឿង​រ៉ាវ​ខាង​លើ​នេះ គឺ​ជា​ការ​ប្រឌិត​ឡើង​ដោយ​លោក​ម៉ក់ ជីតូ (ប្រធាន​នាយក​ដ្ឋាន​កណ្តាល​យុត្តិ​ធម៌​ក្រសួង​មហា​ផ្ទៃ)ដើម្បី​ទម្លាក់​កំហុស និង​ធ្វើ​បាប​រូប​ខ្ញុំ​»។
លោក ហេង ពៅ​ បាន​និយាយ​ទៀត​ថា៖ «ឥឡូវ​នេះ ខ្ញុំ​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា...ខ្ញុំ​នឹង​ដាក់​ពាក្យ​ប្តឹងទៅ​ឧត្តម​ក្រុម​ប្រឹក្សា នៃ​អង្គ​ចៅក្រម និង​រដ្ឋ​សភា​ដើម្បី​ឲ្យ​គេ​សើ​រើ​រឿង​ក្តី​របស់​ខ្ញុំ​ទាំង​អស់​នោះ​ឡើង​វិញ​។ ខ្ញុំ​ក៏​នឹង​សុំ​ឲ្យ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម និង​រដ្ឋសភា​ ធ្វើ​ការ​សើរើ​ផង​ដែរ ពី​រឿង​ក្តី​របស់​លោក ម៉ក់ ជីតូ ដែល​ត្រូវ​បាន​តុលា​ការ​បិទ​មិន​ចាត់​ការ​»។
ចំណែក​ឯ​ជន​ជាប់​ចោទ​ឈ្មោះ​ ហង្ស វុត្ថា បាន​និយាយ​ថា លោក ម៉ក់ ជីតូ ​បាន​ប្រាប់​លោក​ថា​«បើ​ចង់​រួច​ខ្លួន​ត្រូវ​ឆ្លើយ​ដាក់ ហេង ពៅ ទៅ» ​ហើយ​បន្ទាប់​ពី​លោក​ប្រកែក លោក​ត្រូវ​បាន​គេ​ដាក់​ខ្នោះ​ជើង​ជិត​១ឆ្នាំ​ និង​មិន​ឲ្យ​នរណា​ជួប​ទាំង​អស់។
លោក​ ហេង​ ពៅ​ ដែល​អស់​អំណាច​ត្រូវ​បាន​ចោទ​ប្រកាន់​ចំនួន​១៦​ករណី​ ដែល​សុទ្ធ​តែ​ជា​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ ហើយ​បើ​រាប់​បញ្ចូល​ទោស​ទាំង​អស់​​របស់​លោក រួម​ទាំង​លើក​នេះ​ទៀត លោក​ត្រូវ​ជាប់​ពន្ធ​នាគារ​ចំនួន​១០៣ ឆ្នាំ។
លោក ម៉ក់ ជីតូ មិន​អាច​ទាក់​ទង ដើម្បី​សុំ​ការ​បំភ្លឺ​​ជុំ​វិញ​ការ​ចោទ​ប្រកាន់​របស់​ទណ្ឌិត​ទាំង​ពីរ​នាក់​​នេះ​បាន​ឡើយ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​៕ប្រភព ពី Postkhmer