AirAsia បង្កើន​ជើងហោះហើរ​ទៅកាន់​ខេត្ត​សៀមរាប

10/25/2014 0 Comments A+ a-

ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ដែល​មាន​ជើងហោះហើរ​ភ្ជាប់​ពី​ខេត្ត​សៀមរាប និង ក្រុង​បាងកក បាន​ប្រកាស​កាលពី​ដើម​សប្តាហ៍​នេះ​ពី​គម្រោង​បន្ថែម​ជើងហោះហើរ​ភ្ជាប់​តំបន់​ទាំង​ពីរ​ឲ្យ​បាន ៣​ដង​ក្នុង​មួយ​ថ្ងៃ​ចាប់ពី​ខែ​ធ្នូ ២០១៤ នេះ​តទៅ។
បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​ដំណើរការ​ហោះហើរ​ភ្ជាប់​ខេត្ត​សៀមរាប និង​បាងកក ដោយ​មាន​ពីរ​ជើង​ក្នុង​មួយ​ថ្ងៃ​។
លោកស្រី ផនពុន រ៉ាតាណាពិតាគុល ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន AirAsia បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ថា ក្រុមហ៊ុន​បាន​សម្លឹង​ឃើញ​ពី​សក្តានុពល​នៃ​ប្រតិបត្តិការ​ជើងហោះហើរ​ភ្ជាប់​ទីក្រុង​សៀមរាម​ហើយ ហេតុដូច្នេះ​ក្រុមហ៊ុន​ក៏​សម្រេច​បន្ថែម​ជើងហោះហើរ​មួយ​ជើង​ទៀត ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​សេវា​នេះ។
អ្នកស្រី​លើក​ឡើង​ថា ចាប់​តាំង​ក្រុមហ៊ុន​បាន​ផ្តើម​ដំណើរការ​នៅ​កម្ពុជា​ចាប់​តាំងពី​ដើម​ឆ្នាំ​២០១៣ មក ក្រុមហ៊ុន​បាន​ដឹកជញ្ជូន​ភ្ញៀវ​សរុប ១៦ ម៉ឺន​នាក់​រហូត​មក​ទល់​ពេល​នេះ​។ ក្នុង​ចំណោម​ភ្ញៀវ​ទាំងអស់ គឺ​៨០​ភាគរយ​ជា​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រុង​សៀមរាប។

យន្តហោះ​របស់​ក្រុមហ៊ុន​ AirAsia​ ដែល​បាន​ចុះចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​លើក​ដំបូង​កាល​ពីដើម​ខែ​តុលា​ ឆ្នាំមុន។
យន្តហោះ​របស់​ក្រុមហ៊ុន​ AirAsia​ ដែល​បាន​ចុះចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​លើក​ដំបូង​កាល​ពីដើម​ខែ​តុលា​ ឆ្នាំមុន។ រូបថត​ ភ្នំពេញប៉ុស្តិ៍


លោកស្រី​ថ្លែង​ថា​៖​«​យើង​រំពឹង​ថា ការ​បន្ថែម​ជើងហោះហើរ​នេះ​នឹង​ជួយ​ឆ្លើយតប​តម្រូវការ​ដែល​កំពុង​កើនឡើង ហើយ​វា​នឹង​ផ្តល់​ដល់​ភ្ញៀវ​នូវ​ជម្រើស និង​ពេលវេលា​ធ្វើ​ដំណើរ​ដ៏​ល្អ​មួយ»។ លោកស្រី រ៉ាតាណាពិតាគុល បាន​លើក​ឡើង​ថា ការ​បន្ថែម​ជើងហោះហើរ​នេះ​នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន អាច​បម្រើ​ការ​ភ្ជាប់​ជើងហោះហើរ​ជាមួយ​បណ្តាញ​របស់​ក្រុមហ៊ុន​កាន់តែ​ល្អ​ជាង​មុន។
លោកស្រី​អះអាង​ថា​៖ «​យើង​ពិតជា​មាន​ការ​សប្បាយ​រីករាយ​និង​មាន​កិត្តិយស​ក្នុង​ការ​ប្រកាស​បន្ថែម​ជើងហោះហើរ​ពី​សៀមរាប-បាងកក​នេះ»។
សៀមរាប​ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​មួយ​របស់​កម្ពុជា​តែង​បាន​ទទួល​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង​ជា​ប្រចាំ​រៀងរាល់​ឆ្នាំ​។ គិត​ចាប់ពី​ខែ មករា ដល់ ខែ​កញ្ញា​ឆ្នាំ​នេះ ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​ប្រមាណ​១,៧៤ លាន​នាក់ គឺ​កើនឡើង​ជាង​១០​ភាគរយ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ទិន្នន័យ​ភ្ញៀវទេសចរ​ពី​មន្ទីរទេសចរណ៍​ខេត្ត​សៀមរាប។ ក្នុង​ចំណោម​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​ខេត្ត​សៀមរាប​ទាំងអស់ ភ្ញៀវ​ជនជាតិ​កូរ៉េ​មាន​ចំនួន​ច្រើន​ជាងគេ បន្ទាប់មក ចិន ជប៉ុន វៀតណាម ថៃ និង អាមេរិក។
លោក ឆឺយ ឆន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ប្រាប់​កាសែត​កម្ពុជា​ចុងសប្តាហ៍​ពី​ម្សិលមិញ​ថា ការ​បន្ថែម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដើម្បី​ធ្វើ​ដំណើរ​ភ្ជាប់​សៀមរាប​គឺជា​ការ​ល្អ​ខណៈ​ដែល​ចំនួន​ភ្ញៀវទេសចរ​បរទេស​ចូល​មក​ខេត្ត​សៀមរាប​តែង​មាន​កំណើន​ជា​រៀងរាល់​ឆ្នាំ។
លោក​បន្ថែម​ថា​៖ «​ការ​បន្ថែម​ជើងហោះហើរ​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា​ទេសចរ​បរទេស​កំពុង​ចាប់អារម្មណ៍​ខេត្ត​យើង​កាន់តែ​ខ្លាំង​ឡើង ហើយ​ក៏​ទុក​ចិត្ត​សេវាកម្ម និង​សន្តិសុខ​របស់​យើង​ផង​ដែរ​»។
លោក ហូ វណ្ណឌី សហប្រធាន​ក្រុម ការងារ​ទេសចរណ៍​វិស័យ​ឯកជន បាន​ប្រាប់​កម្ពុជា​ចុងសប្តាហ៍​កាលពី​ម្សិលមិញ​ថា ការ​បង្កើន​វិធី​តភ្ជាប់​តំបន់​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​ទៅ​ប្រទេស​ថៃ​គឺជា​ការ​ល្អ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ឡើង​សម្រាប់​លំហូរ​ភ្ញៀវទេសចរ​បរទេស​ចូល​មក​កម្ពុជា។
ភ្ញៀវ​ទេសចរ​អន្តរជាតិ​នាំ​គ្នា​ថតរូប​នៅ​ប្រាសាទ​អង្គរវត្ត​កាល​ពីដើម​ឆ្នាំ​នេះ
ភ្ញៀវ​ទេសចរ​អន្តរជាតិ​នាំ​គ្នា​ថតរូប​នៅ​ប្រាសាទ​អង្គរវត្ត​កាល​ពីដើម​ឆ្នាំ​នេះ។ ហុង មិនា
លោក​អះអាង​ថា ប្រទេស​ថៃ​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​សំខាន់ និង​ទាក់ទាញ​ជាង​គេ​ខាង​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី ដែល​មាន​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​ចន្លោះ​ពី ២៥ ទៅ ២៧ លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ ដូច្នេះ​ការ​បង្កើន​ផ្លូវ តភ្ជាប់​ពី​ទីក្រុង​បាងកក មក​សៀមរាប​នឹង​រួមចំណែក​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​កើនឡើង​ផង​ដែរ ដែល​នឹង​ផ្តល់​ឱកាស​ល្អ​សម្រាប់​ប្រតិបត្តិករ​ដែល​មាន​អាជីវកម្ម​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ផង​ដែរ។
លោក​ថ្លែង​ថា​៖ «ខេត្ត​សៀមរាប​គួរ​ណាស់​បន្ត​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ស្ថាប័ន​ផ្នែក​ឯកជន និង​រដ្ឋ​ត្រូវ​តែ​ធ្វើការ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ដើម្បី​ផ្តល់​សេវា​កាន់តែ​ប្រសើរ​ដល់​ភ្ញៀវទេសចរ។ តាមរយៈ​ការ​ផ្តល់​សេវាកម្ម​ល្អ យើង​រំពឹង​ថា ចំនួន​ភ្ញៀវទេសចរ​មក​ប្រទេស​យើង​នឹង​បន្ត​កើនឡើង​ថែម​ទៀត»។
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​វិនិយោគិន​វិនិយោគ​លើ​ការ​សាងសង់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នៅ​ខេត្ត​សៀមរាប បន្ថែម​ទៀត ដើម្បី​ទទួល​ភ្ញៀវទេសចរ​ដែល​បន្ត​កើនឡើង។
ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ព្រឹតិ្តការណ៍​ពិព័រណ៍​ម្ហូបអាហារ និង​សណ្ឋាគារ​កាលពី​ដើម​ខែ​នេះ លោក ថោង ខុន បាន​លើក​ឡើង​ថា ខេត្ត​សៀមរាប កំពុង​ខ្វះ​បន្ទប់​សណ្ឋាគារ​សម្រាប់​ភ្ញៀវទេសចរ​ជប៉ុន និង​កូរ៉េ ខណៈ​ចំនួន​ភ្ញៀវ​ចិន​កើនឡើង​ច្រើន​នៅ​រដូវភ្ញៀវ​ច្រើន (High Season)។
លោក​ថ្លែង​ថា៖ «យើង​ឃើញ​តួលេខ​ភ្ញៀវ​ទេសចរ​ជប៉ុន និង​កូរ៉េ ឆ្នាំ​នេះ​តិច​ជាង​ឆ្នាំ​មុន។ ខ្ញុំ​បាន​សិក្សា​ពី​បញ្ហា​នេះ​ហើយ​បាន​រកឃើញ​ថា ភ្ញៀវ​ភាគច្រើន​មិន​អាច​កក់​សណ្ឋាគារ​បាន។ យើង​ខ្វះ​បន្ទប់​សម្រាប់​ពួក​គាត់ ហើយ​ភ្នាក់ងារ​ទេសចរ​ជប៉ុន​បាន​លើកឡើង​ត្រង់ៗ​ថា ពួកគេ​មិន​អាច​កក់​សណ្ឋាគារ​សម្រាប់​ស្នាក់​នៅក្នុង​ខេត្ត​សៀមរាប បាន»។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​សូម​យក​ឱកាស​នេះ​ស្នើឲ្យ​វិស័យ​ឯកជន​វិនិយោគ​សង់​សណ្ឋាគារ​បន្ថែម​ទៀត​នៅ​ខេត្ត​សៀមរាប។ ភ្ញៀវ​មក​ច្រើន​ណាស់ យើង​ត្រូវការ​បន្ទប់ និង​ភោជនីយដ្ឋាន​បន្ថែម»។
ជាមួយ​គ្នា​នេះ​ដែរ លោក ថោង ខុន ថ្លែង​ថា គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០១៤ នេះ ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​មាន​ចំនួន ៤៣​ភាគរយ​នៃ​ទំហំ​វិនិយោគ​សរុប​ដែល​មាន​នៅក្នុង​ប្រទេស​កម្ពុជា៕​ប្រភព ពី Postkhmer