ប៊ុន ផៃលីន សង្សារ​ធានា​យក​ទៅ​ប្រទេស​អូស្ត្រាលី

10/25/2014 0 Comments A+ a-

ភ្នំពេញៈ បន្ទាប់ពី​បង្ហាញ​ភាពសិចស៊ី​ធ្វើឲ្យ​ទស្សនិកជន​ក្តៅសាច់​មួយ​ឆាវ ស្រាប់តែ​ពេល​នេះ​តារាចម្រៀង​និយម​យក​ដើមទ្រូង​ធ្វើ​ជា​ដើមទុន​ច្បាម​យក​ប្រជាប្រិយភាព​លើ​វិថី​សិល្បៈ កញ្ញា ប៊ុន ផៃលីន បាន​ទៅ​ដល់​ដែនដី​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី តាមរយៈ​ការ​ធានា​របស់​បុរស​ជា​គូស្នេហ៍​បាត់​ទៅ​ហើយ។
តាម​ការ​ទូរស័ព្ទ​មក​កាន់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​អាទិត្យ​ទី​១៩ ខែ​តុលា​កន្លងមក​នេះ នាង ប៊ុន ផៃលីន បាន​ប្រាប់​ថា៖ «​ខ្ញុំ​បាន​មក​ដល់​ទឹកដី​អូស្ត្រាលី បាន​រយៈពេល​១០​ថ្ងៃ​ហើយ ពេល​នេះ​អផ្សុក​ណាស់​មិន​ដឹង​ដើរ​ទៅ​ណា​ទេ បើ​មិន​ដែល​ស្គាល់​គេ ហើយ​ក៏​វង្វេង​ទៀត​នោះ​»។
តារាចម្រៀង​នាង ប៊ុន ផៃលីន។
តារាចម្រៀង​នាង ប៊ុន ផៃលីន។ រូបថត សហការី
ទាក់ទិន​នឹង​ដំណើរ​ទៅ​អូស្ត្រាលី​ដោយ​ភាព​ស្ងាត់ស្ងៀម​នេះ ស្រីស្រស់​ប្រែ​សម្ផស្ស​ពី​នារី​រោងចក្រ មក​ជា​តារា​នាង ផៃលីន បាន​ប្រាប់​ថា៖ «ខ្ញុំ​មក​នេះ មិនមែន​តាម​ការ​ធានា​របស់​សមាគម​សិល្បៈ​ណា​មួយ ដើម្បី​យក​មក​សម្តែង​នោះ​ទេ គឺ​ម្ចាស់ស្នេហ៍​ខ្ញុំ​ជា​អ្នក​ធានា​ដាច់មុខ​មក តែ​ខ្ញុំ​ក៏​នឹង​ត្រៀម​ឡើង​ឆាក​សិល្បៈ​ជា​ហូរហែ​ដែរ​»។
ការ​ទៅ​ដល់​ដែន​កោះ​អូស្ត្រាលី​នេះ ប៊ុន ផៃលីន បាន​ឲ្យ​ដឹង​ថា នោះ​ជា​ដំណើរ​ស្វែងយល់​ចិត្ត​គ្នា​ជាមួយ​សង្សារ មិនមែន​រូបនាង​រើ​បង្វេច​មក​រស់នៅ​អូស្ត្រាលី​នោះ​ទេ។
នាង​បាន​និយាយ​ថា៖​«​ម្ចាស់ស្នេហ៍​គាត់​ធានា​មក ទី​មួយ​ដើម្បី​ផ្តល់​ឱកាស​ស្វែងយល់​ចិត្ត​ថ្លើម​គ្នា​ទៅវិញ​ទៅមក ដ្បិត​ថា​គាត់​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ចុះ​មក​ស្រុក​ខ្មែរ និង​មួយ​ទៀត​ចង់​ឲ្យ​ខ្ញុំ​បាន​មក​ស្គាល់​ប្រទេស​អូស្រ្តាលី​នេះ​ផង ហើយ​ពេល​មក​ដល់​ទី​នេះ​ក៏​ឆ្លៀត​ទទួល​ការងារ​សម្តែង​ខ្លះៗ​ទៅ ដើម្បី​បាន​ស្គាល់​បងប្អូន​ខ្មែរ​នៅ​ទី​នេះ​ខ្លះ​ទៀត​»។
បើទោះ​ជា​នាង ប៊ុន ផៃលីន មាន​ចេតនា ប្រាប់​ពី​ដំណើរ​ដែល​នាំឲ្យ​នាង​មាន​វាសនា​ស្គាល់​ដែន​កោះ​អូស្ត្រាលី​ជា​លើក​ដំបូង ដោយសារ​ទឹកចិត្ត​ម្ចាស់ស្នេហ៍​នាង​ក៏ដោយ ប៉ុន្តែ​នាង​បែរ​ជា​បដិសេធ​មិន​បរិយាយ​ពី​ឈ្មោះ​ម្ចាស់ស្នេហ៍​នាង ហើយ​មិន​រំពឹង​ចំណង​ស្នេហ៍​នេះ​ផ្តល់​ឲ្យ​នាង​ទទួល​បាន​ភាព​កក់ក្តៅ​និង​ទទួល​បាន​សុភមង្គល​ពិត​សម្រាប់​អនាគត​ដែរ។
នាង​ប្រាប់​ថា៖​«​ខ្ញុំ​ក៏​អរគុណ​គាត់​ដែរ ដែល​បាន​នាំឲ្យ​ខ្ញុំ​ស្គាល់​ប្រទេស​អូស្រ្តាលី។ តែ​មិន​ទាន់​គិត​ថា​គាត់​ជា​អនាគត​នោះ​ដែរ ដរាប​ណា ឪពុក​ម្តាយ​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ជំនូន​បណ្ណាការ​ពី​គាត់​នោះ​»។
ប៊ុន ផៃលីន និយាយ​ថា៖ «ស្រ្តី​ខ្មែរ​ទោះ​យ៉ាង​ណា​ចាំបាច់​ត្រូវ​គោរព​ប្រពៃណី​ទំនៀមទម្លាប់​ដូនតា​ដែរ មាន​ចាស់ទុំ​ចូល​ដល់​មេបា​ខាងស្រី​សិន​ដែរ តែ​បើ​ពេល​នេះ​យើង​ទើប​ចាប់ផ្តើម​ចិត្ត​និង​ចិត្ត​តែ​ពីរ​នាក់​ក៏​មិន​ទាន់​រំពឹង​ថា​យ៉ាង​ម៉េច​ដែរ​ចាំបាច់​ត្រូវការ​ឲ្យ​មាន​ជំនូន​ពី​មេបា​ខាង​ប្រុស​ជូន​ដល់​ដៃ​មេប៉ា​ខាង​ស្រី​សិន»៕ប្រភព ពី Postkhmer