ទំនាក់ទំនង​ជិតស្និទ្ធ​រវាង GMAC និង​ស្ថាប័ន​រដ្ឋ​គឺជា​ដើមចម​នៃ​ការ​ដំឡើង​ប្រាក់​កម្មករ​កាត់ដេរ​មាន​ការ​លំបាក

10/25/2014 0 Comments A+ a-

សមាគម​កាត់ដេរ​សម្លៀកបំពាក់​កម្ពុជា​(GMAC) កំពុង​ផ្តល់​មូលនិធិ​ដល់​មន្ត្រីរាជការ​ជាន់ខ្ពស់ និង​បាន​ផ្តល់​ជំនួយ​រាប់ពាន់​ដុល្លារ​ដល់​ក្រសួង​នានា។ នេះ​បើ​យោងតាម​ការ​បង្ហាញ​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​របស់ GMAC។
ឯកសារ​ដែល​កាសែត​កម្ពុជា​ចុងសប្តាហ៍​ទទួល​បាន បាន​បង្ហាញ​ពី​ការ​ងឿង​ឆ្ងល់​ថា តើ​ទំនាក់ទំនង​រវាង​តំណាង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែល​កំពុង​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ​នេះ ជាមួយ​នឹង​រដ្ឋាភិបាល​ជិតស្និទ្ធ​កម្រិត​ណា​?
អ្នក​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​វិភាគទាន​របស់​តំណាង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នេះ និង​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​កម្ពុជា​ខ្លួនឯង បាន​ទាត់​ចោល​ចំពោះ​ទង្វើ​ខុស​ឆ្គង​នេះ ដោយ​ប្រភព​មួយ​បាន​ឲ្យ​ដឹងថា លោក​ជឿជាក់​ថា អត្ថប្រយោជន៍​របស់​លោក​គឺជា​ផ្នែក​មួយ​នៃ​តួនាទី​ទទួល​ខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន​។
កម្មករ កម្មការិនី​កំពុង​ចេញ​ពី​ធ្វើការ​នៅក្នុង​រោងចក្រ​មួយ​នៅ​ជាយក្រុង​ភ្នំពេញ​កាលពី​ពេល​ថ្មីៗ​នេះ។
កម្មករ កម្មការិនី​កំពុង​ចេញ​ពី​ធ្វើការ​នៅក្នុង​រោងចក្រ​មួយ​នៅ​ជាយក្រុង​ភ្នំពេញ​កាលពី​ពេល​ថ្មីៗ​នេះ។ ម៉ៃ វីរៈ
របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ខែ​សីហា​របស់ GMAC បាន​ផ្តល់​ព័ត៌មាន​លម្អិត​ស្តីពី​ការ​ទូទាត់​ឡើង​វិញ​នូវ​ទឹកប្រាក់​ចំនួន ៣៥០​ដុល្លារ​នៅ Cambodian Country Club សម្រាប់​លោក សុខ សុភ័ក្ត្រ អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រចាំ​ក្រសួង​ពាណិជ្ជកម្ម​។
ក្លិប​នេះ គឺជា​កម្មសិទ្ធិ​របស់​លោក Van Sou Ieng ប្រធាន​សមាគម GMAC មាន​សណ្ឋាគារ​រមណីយដ្ឋាន​មួយ​កន្លែង ភោជនីយដ្ឋាន​ពីរ​កន្លែង និង​សកម្មភាព​កីឡា​ជាច្រើន​ទៀត រាប់​ចាប់ពី​កីឡា​វាយ​កូនបាល់ រហូត​មជ្ឈមណ្ឌល​ប្រណាំង​សេះ​។
លោក សុភ័ក្ត្រ បាន​ថ្លែង​អះអាង​ថា សមាគម GMAC បាន​មក​រក​គាត់​ដើម្បី​ពិភាក្សា​អំពី​សមាជិកភាព និង​បាន​ប្រាប់​ថា ប្រាក់​នោះ​មិនមែន​ជា​ប្រាក់​សំណូក​ទេ ដោយសារ​លោក​ពុំ​បាន​ស្នើសុំ​អ្វី​តបស្នង​មក​វិញ​ឡើយ។
លោក​បាន​បន្ត​ឲ្យ​ដឹង​ថា​៖ «​សមាគម GMAC គ្រាន់តែ​ប្រាប់​ខ្ញុំ​ថា វា​ជា​មូលនិធិ​ទទួល​ខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន មូលនិធិ​សកម្មភាព​កីឡា​តែ​ប៉ុណ្ណោះ​»​។
លោក​បាន​ថ្លែង​បន្ត​ថា​៖ «​បើ​ខ្ញុំ​ចូលរួម វា​គឺជា​ព្រឹត្តិការណ៍​សង្គម ពុំ​មាន​អ្វី​ទាក់ទង​នឹង​សេដ្ឋកិច្ច​ឬ​ពី​បញ្ហា​នេះ ឬ​បញ្ហា​នោះ​អ្វី​ទេ​។ បើ​អ្នក​មាន​មិត្ត​ហើយ​អ្នក​អញ្ជើញ​គាត់​ពិសាកាហ្វេ អ្នក​ជជែក​គ្នា មនុស្ស​គ្រប់​គ្នា​មាន​សិទ្ធិ​ជជែក​ពិភាក្សា​គ្នា​»​។
ដោយ​មាន​ក្តីបារម្ភ​ថា សមាជិកភាព​ដែល​បាន​ចំណាយ​ប្រាក់​របស់​លោក​នេះ អាច​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ជម្លោះ​ផលប្រយោជន៍​នោះ លោក សុភ័ក្ត្រ បាន​ឲ្យ​ដឹង​ថា ចាប់​តាំងពី​សារព័ត៌មាន​កម្ពុជា​ចុងសប្តាហ៍​បាន​ទាក់ទង​មក​រូប​លោក​នោះ លោក​បាន​ប្រាប់​ថា សមាគម GMAC បាន​ដក​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​ឈ្មោះ​របស់​ពួកគេ​។
ផ្ទះជួល​តូចៗ​ដែល​កម្មករ កម្មការិនី​ជួល​ស្នាក់នៅ។
ផ្ទះជួល​តូចៗ​ដែល​កម្មករ កម្មការិនី​ជួល​ស្នាក់នៅ។ ម៉ៃ វីរៈ
លោក​អគ្គនាយក​រូប​នេះ បាន​ឲ្យ​ដឹង​ថា មាន​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ជាច្រើន ក៏​បាន​ចុះឈ្មោះ​នៅ the country club នេះ​តាមរយៈ​សមាគម GMAC ហើយ​តំណាង​ខាង​រោងចក្រ​ខ្លួនឯង​ក៏​បាន​ទទួល​ស្គាល់​ថា យ៉ាង​ហោច​ណាស់​មាន​ចំនួន​៥​រូប​ដែរ​។
របាយការណ៍​ហិរញ្ញវត្ថុ​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ពី​ការ​ចំណាយ​ជា​សាច់ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​ដែរ​។
លោក Ken Loo អគ្គលេខាធិការ​របស់​សមាគម GMAC បាន​ប្រាប់​កម្ពុជា​ចុងសប្តាហ៍​ថា ថវិកា​នេះ​គឺ​បាន​ចំណាយ​ដើម្បី​ជួយ​ដល់​កងទ័ព​ដែល​ប្រចាំការ​នៅ​ខេត្ត​ព្រះវិហារ​តាម​ព្រំដែន​ថៃ​។
ការ​ផ្តល់​ជំនួយ​នេះ បាន​ធ្វើ​ឡើង​ជា​កិច្ច​ឆ្លើយតប​នឹង​លិខិត​មួយ​កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​របស់​លោក អ៊ុក ប្រជារដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ផ្ញើ​មក​លោក​ឧកញ៉ា ឬ​ធុរជន​មាន​អំណាច​ដែល​ជា​ប្រធាន​ក្រុមហ៊ុន រោងចក្រ និង​សហគ្រាស​នានា​។
លោក Loo បាន​ប្រាប់ កម្ពុជា​ចុងសប្តាហ៍​ថា​៖ «​វា​ជា​លិខិត​ផ្លូវការ​មួយ​រៃអង្គាស​ជំនួយ ហើយ​យើង​ធ្វើ​បែប​នេះ​ជា​ញឹកញាប់ នៅពេល​ដែល​មាន​សំណើ​ជា​ផ្លូវការ ហើយ​វា​មិនមែន​ជា​ថវិកា​សម្រាប់​ក្រសួង​នេះ​នោះ​ទេ​»​។
យោងតាម​លោក Loo បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ស្នើសុំ​របស់​ក្រសួង​រដ្ឋាភិបាល​នានា បាន​កើតឡើង​ជា​ប្រចាំ ហើយ​សមាគម GMAC នឹង​ធ្វើ​តាម​សំណូមពរ ដរាប​ណា​មាន​លិខិត​ផ្លូវការ ហើយ​វា​មិនមែន​ជា​វិភាគទាន​ផ្ទាល់​ទៅ​ក្រសួង​នោះ​ទេ​។
នេះ​គឺជា​ភ័ស្តុតាង​បញ្ជាក់​ពី​ការ​ផ្តល់​ជំនួយ​ជា​អាវយឺត​ចំនួន​១​ពាន់​លាន​ដុល្លារ​របស់​សមាគម GMAC ដែល​មាន​បង្ហាញ​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​នៅ​ខែ​សីហា ផ្ញើ​ជូន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​លោក Loo បាន​លើក​ឡើង​ថា ជំនួយ​នេះ​គឺ​ផ្តល់​ជូន​តាម​ការ​ស្នើសុំ​។
លោក​បាន​ថ្លែង​បន្ត​ថា​៖ «​យើង​ពុំ​ដែល​គាំទ្រ​ចំពោះ​សំណើ​ណា​មួយ​សម្រាប់​គណបក្ស​នយោបាយ​ជាក់លាក់​ណា​មួយ​ទេ ដោយសារ​យើង​ពុំ​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​ដោយ​ផ្ទាល់​ឡើយ តែ​បើ​សំណើ​នោះ​វា​...ចេញ​មកពី​ក្រសួង ដោយ​ចាត់ទុក​ជា​ផ្នែក​នៃ​សកម្មភាព​របស់​ពួកគេ ហើយ​វា​មិនមែន​ជា​ការ​ប្រកាន់​បក្ខ​ពួកនិយម​នោះ វា​អាច​នឹង​ក្លាយ​ជា​ការ​ប្រកាន់​បក្ខពួកនិយម ដែល​ត្រូវ​លើក​ឡើង តែ​វា​មិនមែន​ជា​រឿង​ដែល​យើង​ត្រូវ​លូកដៃ​ចូល​នោះ​ទេ​»​។
កាលពី​ឆ្នាំ​មុន សមាគម GMAC បាន​អម​ដំណើរ​ជាមួយ​នឹង​ក្រសួង​ការងារ និង​នាយកដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ពីរ​ផ្សេង​គ្នា​ទៅកាន់​ខេត្ត​ព្រះវិហារ ដោយ​មាន​ជំនួយ ដូចជា មី និង​សម្លៀកបំពាក់​ផ្តល់​ជូន​កងទ័ព​រដ្ឋាភិបាល​ជា​ភ័ស្តុតាង​មួយ​ដែល​លោក Loo អះអាង​ថា អង្គភាព​របស់​លោក​ពុំ​បាន​ផ្តល់​ឲ្យ​ក្រសួង​តែ​មួយ​នោះ​ទេ​។
លោក Loo បាន​ថ្លែង​បន្ត​ថា ដូចជា​វិភាគទាន​របស់​សមាគម GMAC ផ្តល់​ឲ្យ​អង្គការ​មនុស្សធម៌​អ៊ីចឹង​ដែរ ដូចជា​អង្គការ​កាកបាទក្រហម និង​អង្គការ CARE ពោល​គឺជា​វិភាគទាន​របស់​អង្គភាព​នេះ​ផ្តល់​ជូន​រដ្ឋាភិបាល​នៅពេល​ដែល​ត្រូវការ​។
លោក​បាន​បដិសេធ​ថា ជំនួយ​របស់​សមាគម GMAC បាន​បង្កើត​ឲ្យ​មាន​ផលប្រយោជន៍​មិន​ស្មើភាព​លើ​អ្នក​ដែល​ពុំ​បាន​ផ្តល់​ជំនួយ ឬ​ថា អង្គភាព​របស់ លោក​ប្រើប្រាស់​ប្រព័ន្ធ​គាំទ្រ​សង្គម​នៅ​កម្ពុជា​។
លោក​បាន​លើក​ឡើង​ថា​៖ «​ជំនួយ​គឺ​ជំនួយ នរណា​ម្នាក់​ដែល​ពុំ​បាន​ផ្តល់​ប្រាក់ នឹង​ត្រូវ​មានទោស​ទេ​? តើ​ពួកគេ​អាច​មាន​ទោស​កម្រិត​ណា​?»​។
លោក​បាន​បន្ត​ថា៖ «​សំណើ​សុំ​ជំនួយ បាន​កើតឡើង​គ្រប់​ពេល និង​គ្រប់​ក្រសួង នានា​នៅ​កម្ពុជា»​។
លោក ពេជ្រ ពិសី អគ្គនាយក​កម្មវិធី​តម្លាភាព​អន្តរជាតិ បាន​ថ្លែង​ថា វា​គឺជា​រឿង​ធម្មតា​នៅ​កម្ពុជា​ហើយ​ដែល​ក្រសួង​នានា​ស្នើសុំ​ជំនួយ​ពី​វិស័យ​ឯកជន ដើម្បី​បញ្ជូន​បន្ត​ទៅ​ឲ្យ​សាធារណជន ហើយ​ប្រាប់​ថា​ជា​អំណោយ​ផ្តល់​ជូន​ក្រសួង​»​។
លោក ពិសី បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ផ្តល់​ជំនួយ​ដល់​ក្រសួង ឬ​កាដូ​ដែល​ផ្តល់​ជូន​រដ្ឋមន្ត្រី មិនមែន​ជា​រឿង​ខុស​ច្បាប់​ទេ តែ​វា​គឺជា​កាតព្វកិច្ច​ផ្នែក​សីលធម៌ ដែល​ចាំបាច់​ត្រូវ​អនុវត្ត ហើយ​តម្លាភាព​កាន់តែ​ប្រសើរ​នឹង​ធានា​បាន​នូវ​ជំនឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​។
លោក​មាន​ប្រសាសន៍​ថា​៖ «​រាល់​ចម្ងល់​របស់​សាធារណជន​ព្រួយបារម្ភ ការ​ដោះដូរ​ប្រាក់​រវាង​វិស័យ​ឯកជន និង​រដ្ឋាភិបាល អាជ្ញាធរ​ពាក់ព័ន្ធ គប្បី​ត្រូវ​ស៊ើបអង្កេត​ពី​បញ្ហា​នោះ​»​។
អ្នក​ដែល​ធ្វើការ​ទាក់ទង​នឹង​ការ​ចរចា​ពី​ប្រាក់ឈ្នួល​អប្បបរមា​នាពេល​បច្ចុប្បន្ន រិះគន់​កាន់តែ​ខ្លាំង​ចំពោះ​ទំនាក់ទំនង​ដ៏ជិតស្និទ្ធ​រវាង​រដ្ឋាភិបាល និង​សមាគម GMAC​។
គណៈកម្មាធិការ​ប្រឹក្សា​យោបល់​ការងារ ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ​តំណាង​រោងចក្រ​ចំនួន​៧​រូប តំណាង​រដ្ឋាភិបាល​ចំនួន​៧​រូប និង​តំណាង​សហជីព​ចំនួន​៧​រូប ត្រូវ​មាន​ការ​បកស្រាយ​ពី​ការ​ដំឡើង​ប្រាក់ឈ្នួល​លើក​ក្រោយ ដោយ​សេចក្តី​ជូនដំណឹង​នឹង​ត្រូវ​ប្រកាស​នៅ​ខែ​ក្រោយ​នេះ​។ អង្គភាព​ពាក់ព័ន្ធ​នីមួយៗ ត្រូវ​រក្សា​ឯករាជភាព​របស់​ខ្លួន​ម្នាក់ៗ​។
លោក Joel Preston អ្នក​ផ្តល់​ប្រឹក្សា​ប្រចាំ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ដែល​អង្គការ​របស់​លោក អនុវត្ត​កម្មវិធី​គាំទ្រ​ពលករ តែ​បម្រើ​ជា​ភ័ស្តុតាង​នៃ​ដំណើរការ​ផ្នែក​តូច បាន​ថ្លែង​ថា ជំនួយ​និង​អំណោយ​ដែល​ផ្តល់​ជូន​រដ្ឋាភិបាល​គឺ​ការ​សម្ងាត់​ដែល​ត្រូវ​លាតត្រដាង​។

កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​បាន​ដើរ​ដង្ហែ​ក្បួន​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​អប្បបរមា​ចំនួន​១៧៧ ដុល្ហារ​ក្នុង​មួយ​ខែ​កាលពី​ដើម​ខែ​នេះ។
កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​បាន​ដើរ​ដង្ហែ​ក្បួន​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​អប្បបរមា​ចំនួន​១៧៧ ដុល្ហារ​ក្នុង​មួយ​ខែ​កាលពី​ដើម​ខែ​នេះ។ ហុង មិនា

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​វា​ល្បីល្បាញ​ខ្លាំង​ណាស់​ថា ដំណើរ​ការ​ចរចា​ត្រីភាគី​នៅក្នុង​ការ​ចរចា​ពី​ប្រាក់ឈ្នួល​នេះ ជាក់ស្តែង​មាន​តែ​ពីរ​ភាគី​ប៉ុណ្ណោះ ហើយ​ឯកសារ​ទាំង​នេះ បង្ហាញ​ថា ភាគី​មួយ​ក្នុង​ចំណោម​ភាគី​ទាំង​ពីរ​នោះ​គឺ​អ្វី​? ទំហំ​នៃ​ការ​ចរចា​មាន​ទំនោរ​ខ្លាំង​ចំពោះ​ផលប្រយោជន៍​របស់​ភាគី​នោះ​»​។
លោក Loo អគ្គលេខាធិការ​សមាគម GMAC បាន​ថ្លែង​ថា ការ​ចរចា​ប្រាក់ឈ្នួល​ពុំ​បាន​រង​ឥទ្ធិពល​ដោយសារ​ជំនួយ​របស់​សមាគម GMAC ទេ ជាពិសេស ជំនួយ​ទាំង​នោះ បាន​បង្ហាញ​ថា ជា​ជំនួយ​ដែល​ផ្តល់​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម មិនមែន​ក្រសួង​ការងារ​ទេ​។
លោក​បាន​ថ្លែង​បន្ត​ថា​៖ «​វា​មិនមែន​ជា​ផ្នែក​មួយ​នៃ​ការ​ពិចារណា​របស់​យើង ដោយសារ​មាន​ជំនួយ​ផ្សេង​ទៀត ដែល​ផ្តល់​ជូន​រដ្ឋាភិបាល​គ្រប់​ពេល​»​។
លោក​មាន​ប្រសាសន៍​ទៀត​ថា​៖ «​ជំនួយ​ដែល​ផ្តល់​ជូន​ក្រសួង​ពាណិជ្ជកម្ម មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​អ្វី​ទាំងអស់ ខ្ញុំ​ពិតជា​មិន​ឃើញ​មាន​អ្វី​ទាស់​ខុស​ចំពោះ​ការ​ផ្តល់​ជំនួយ​នេះ​ទេ​»​។
លោក Loo បាន​រៀបរាប់​ដោយ​ពុំ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា ចំពោះ​សមាជិកភាព​ក្នុង​ក្លិប​ហាត់ប្រាណ​វិញ វា​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ចំណាយ ដែល​ធ្វើឲ្យ​តម្លៃ​សេវា​របស់​អតិថិជន​កាន់តែ​ទាប ដើម្បី​ចូលរួម​នៅក្នុង​ក្លិប country club របស់​លោក Van Sou Ieng ប្រធាន​សមាគម GMAC​។
លោក​ថ្លែង​ថា «​យើង​គ្រាន់តែ​ធ្វើ​ប័ណ្ណ​សមាជិកភាព​ថ្មី ហើយ​វា​មាន​តម្លៃ​ថោក​ជាង​មុន​ប៉ុណ្ណោះ​»​។
ព័ត៌មាន​នេះ បាន​ធ្វើឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។
លោក ចាន់ថុល បាន​ឲ្យ​ដឹង​តាមរយៈ​អ៊ីមែល​ថា​៖ «​ខ្ញុំ​ពុំ​បាន​ដឹង​ពី​ការ​ស្នើសុំ​ឲ្យ​សមាគម GMAC ឬ​ការ​ចំណាយ​លើ​សមាជិកភាព​របស់​ក្រសួង​ពាណិជ្ជកម្ម​នេះ​ទេ​»។
រដ្ឋមន្ត្រី​រូប​នេះ បាន​ណែនាំ​ឲ្យ​សារព័ត៌មាន កម្ពុជា​ចុងសប្តាហ៍​សាកសួរ​ព័ត៌មាន​ពី​នាយកខុទ្ទកាល័យ​របស់​លោក ដែល​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ​បាន​៕ BP