រដ្ឋាភិបាល​អាច​នឹង​ដំឡើង​ប្រាក់​ខែ​១​លាន​រៀល​ដល់​មន្ត្រី​រាជការ​នៅ​ឆ្នាំ​២០១៨

10/25/2014 0 Comments A+ a-

រដ្ឋាភិបាល​បាន​ប្រកាស​ថា ប្រាក់​ខែ​មន្ត្រី​រា​ជការ​ស៊ីវិល អាច​នឹង​​ត្រូវ​ដំឡើង​ឲ្យ​ដល់ ១លាន​រៀល​(២៥០​ដុល្លារ)​នៅ​ក្នុង​ឆ្នាំ​ ២០១៨ គឺ​ជា​ចំនួន​ដែល​ធ្លាប់​បាន​សន្យា​​ផ្តល់​ឲ្យ​ដោយ​គណ​បក្ស​ប្រឆាំង​ប្រសិន​បើ​ខ្លួន​ឈ្នះ​ឆ្នោត និង​ក៏​ជា​ចំនួន​ដែល​ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​បាន​ធ្វើ​ការ​ទាម​ទារ​តាំង​ពី​យូរ​មក​ហើយ​ផង​ដែរ​។
យ៉ាង​ណា​ក្តី ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​ចង់​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ភ្លាម​ៗ​ដើម្បី​ជួយ​ស្រោច​ស្រង់​ជីវភាព​មន្ត្រី​រាជ​ការ​​ ដែល​កំពុង​ដុន​ដាប​ដោយ​សារ​ទំនិញ​គ្រប់​ប្រភេទ​ហក់​ឡើង​ថ្លៃ​ ជា​ជាង​អូស​បន្លាយ​ពេល​វេលា​រហូត​ដល់​ឆ្នាំ​២០១៨ ដែល​ជា​ឆ្នាំ​បោះឆ្នោត ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៦។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បង្ហាញ​ឯកសារ​សេចក្តី​ព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ ២០១៥​ ដែល​បាន​អនុម័ត​ដោយ​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី ​ក្រោម​អធិបតី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​​ កាលពី​ថ្ងៃ​សុក្រ​ម្សិល​មិញថា ការ​ដំឡើង​ប្រាក់​ខែ​១លាន​រៀល​ ជូន​មន្ត្រី​រាជការ​នៅ​ឆ្នាំ​២០១៨ គឺ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធាន​ការ​ជា​ច្រើន​ដូច​ជា លុប​បំបាត់​មន្ត្រី​រាជការ​«ខ្មោច​សា្លប់»និង​«ខ្មោច​រស់»។
ក្រុម​មន្ត្រី​រដ្ឋាភិបាល​ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​​មន្ត្រី​កន្លង​មក​។
ក្រុម​មន្ត្រី​រដ្ឋាភិបាល​ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​​មន្ត្រី​កន្លង​មក​។ ម៉ៃ វីរៈ
ឯក​សារ​នោះ​ បង្ហាញ​តាម​បណ្តាញ​ហ្វេសប៊ុក​លោក ផៃ ស៊ីផាន ​ថា ថវិកា​សម្រាប់​ចំណាយ​ឆ្នាំ​ ២០១៥ នឹង​ត្រូវ​បាន​បង្កើន​ការ​ចំណាយ​លើ​ប្រាក់​បៀវត្សរ៍​ចំពោះ​មន្ត្រី​រាជការ​ដែល​មានពី​៤០​ភាគរយ​នៃ​ចំណាយ​ចរន្ត​សរុប ឲ្យ​បាន​ដល់​៤៨​,៦២ ​ភាគរយ សើ្ម​៦,៤​ភាគរយ​នៃ​GDP។ លោក​ ផៃ ស៊ីផាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «រដ្ឋាភិបាល​មាន​ជំនឿ​ខ្លាំង​ថា​នឹង​អាច​ផ្តល់​ឲ្យ​បាន​២៥០ដុល្លារ»​។
រដ្ឋាភិបាល​ បា​នសម្រេច​ដំឡើង​ប្រាក់ខែ​កាលពី​ខែ​កញ្ញា​​ថ្មីៗ​នេះ ជូន​ដល់​គ្រូ​បង្រៀន ដែល​មាន​ប្រមាណ​១១​ម៉ឺន​នាក់​​មុន​គេ​ ដោយ​​គ្រូ​បង្រៀន​ត្រូវ​ទទួល​បាន​ប្រាក់​ខែ​សរុប​ ចាប់​ពី​១៣០​ដុល្លារ​រហូត​ទៅ​ដល់​​ជាង​២០០​ដុល្លារ​។
គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​តែង​តែ​ទទូច​ឲ្យ​​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជ​ការ​ឲ្យ​បាន​យ៉ាង​តិច​មួយ​លាន​រៀល ដើម្បី​ឲ្យ​ពួក​គាត់​អាច​រស់​នៅ​បាន​ក្នុង​កម្រិត​ជីវភាព​សម​រម្យ​នោះបាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​។
លោក សុន ឆ័យ តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​​ថា ការ​ដំឡើង​នេះ​ជា​«ភាព​វិជ្ជមាន​ដ៏​ប្រសើរ» របស់​រដ្ឋាភិបាល​ ប៉ុន្តែ​លោកថា មន្ត្រី​រាជ​ការ​គួរ​តែ​ទទួល​បាន​​ការ​ដំឡើង​ប្រាក់​ខែ​នេះ នៅ​មុន​ឆ្នាំ​២០១៨ ដោយ​គ្រាន់​តែ​រដ្ឋាភិបាល​ធ្វើការ​កែទម្រង់​នូវ​ការ​ចំណាយ​ទាំង​ឡាយ​ឲ្យ​​បាន​ត្រឹម​ត្រូវ។ ចំណែក​ លោក​ រ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯករាជ្យ​ចង់​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ភ្លាម​ៗ​។
លោក​និយាយ​ថា៖ «វាដូចជា​អូស​បន្លាយ​យូរ​ពេក​បើ​ចាំ​ដល់​២០១៨...ព្រោះ​បើ​យើង​អូស​បន្លាយ នោះ​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់​ មិន​អាច​ទៅ​រួច​ឡើយ ព្រោះ​ការ​អប់រំ​ក៏​សំខាន់​លើ​ប្រាក់ខែ​ ឯក្រសួង​ផ្សេងៗ​សំខាន់​លើ​ការ​រៀបចំ​អភិបាល​កិច្ច​។ បើ​ប្រាក់ខែ​ទាប​ អាច​ធ្វើ​ឲ្យ​គាត់​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​»។
លោក កៅ ពឿន​ ប្រធាន​សមាគម​មន្ត្រី​រាជការ​កម្ពុជា​ឯករាជ្យ​ ក៏​យល់​ស្រប​ដូច​លោក ​រ៉ុង ឈុន ដែរ ដោយ​ថ្លែង​​ថា ៖ «ទោះ​បី​​ជា​មាន​ការ​ដំឡើង​​ប្រាក់​ខែ​​ជា​បន្ត​បន្ទាប់​នា​​ពេល​កន្លង​មក​ ក៏ប្រាក់​ខែ​មន្ត្រី​រាជការ​នៅ​តែ​តិច​តួច​ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ មិន​អាច​ផ្តល់​សេវា​សាធារណៈ​ល្អ​ជូន​ពលរដ្ឋ​។ ពួក​គាត់​នឹង​នៅ​តែ​បន្ត​ប្រព្រឹត្ត​អំពើ​ពុករលួយ​»។
លោក​បញ្ជាក់​ថា​៖ «អ៊ីចឹង​ពួក​គេ​នៅ​តែ​មិន​​អាច​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ជំនឿ​កក់​ក្តៅ​លើ​​សេវា​​របស់​រដ្ឋ​ឡើយ»៕​ប្រភព ពី Postkhmer