ថៃព្រួយបារម្ភ​ពី​ការបង្កើត​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ​(ICC) សំរាប់​ប្រាសាទព្រះវិហារ

10/16/2014 0 Comments A+ a-

ភ្នំពេញ: ប្រទេស​ថៃ បាន​សំដែង​ការព្រួយបារម្ភ ចំពោះ​ការបង្កើតឡើង​នូវ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​(ICC) សំរាប់​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា​។ ទាក់ទង​បញ្ហា​នេះ ប្រទេស​ថៃ​បាន​បញ្ជូន​គណប្រតិភូ​ក្រសួងការបរទេស មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ស្វែងយល់​អំពី​ការបង្កើត (ICC) សំរាប់​ប្រាសាទព្រះវិហារ​នេះ​។​    ​
​នៅ​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៤ គណៈប្រតិភូ​ក្រសួងការបរទេស​ថៃ ដឹកនាំ​ដោយ​លោក Nattavudh Photisaro អគ្គលេខាធិការរង ក្រសួងការបរទេស​ថៃ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។​
​លោក ឯក ថា អនុប្រធាននាយកដ្ឋាន​ព័ត៌មាន​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​នៃ​ជំនួប​នេះ បាន​ឲ្យ​ដឹងថា ភាគី​ថៃ​បានស្នើ​សុំ​ឲ្យ​មានការ​ពន្យល់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ពាក់ព័ន្ធ​ទៅ​ការបង្កើត​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ​(ICC) សំរាប់​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា​។​
​លោក ឯក ថា បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា ក្នុងជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បានធ្វើការ​ពន្យល់​ទៅ​ភ្ញៀវ​អំពី​ការបង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​(ICC) សំរាប់​ប្រាសាទព្រះវិហារ​នេះ គឺធ្វើឡើង​ទៅតាម​មូលដ្ឋាន​គតិយុត្តិ និង​បែបបទ​បច្ចេកទេស​នៃ​បេ​តិក​ភ័​ណ្ឌ​។​
​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា តាមពិតទៅ ការបង្កើត​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ​(ICC) សំរាប់​ប្រាសាទព្រះវិហារ ត្រូវបាន​គេ​ដឹង​អំពី​គម្រោង​របស់​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​២០០៨ មកម្ល៉េះ ព្រោះ​កម្ពុជា​បានរៀបចំ​ឯកសារ​ទាំង​អស់នេះ ដោយ​ផ្អែកលើ​បទដ្ឋាន​គតិ​យុទ្ធ និង​លក្ខណៈ​បច្ចេកទេស ទៅតាម​លក្ខខណ្ឌ របស់​អង្គការ​បេតិកភណ្ឌ​ពិភពលោក គឺ​យើង​បានធ្វើ​យ៉ាង​ត្រឹមត្រូវ​បំផុត​។
​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា នៅ​ថ្ងៃទី​១៥ ខែតុលា​នេះ ក្រុម​ប្រឹក្ស​ប្រតិបត្តិ​របស់​អង្គការ​យូណេស្កូ ក៏​នឹង​លើកយក​បញ្ហាបង្កើត​គណៈ​ក​ម្មា​ធិ​ការសម្របសម្រួល​អន្តរជាតិ​(ICC) សំរាប់​ប្រាសាទព្រះវិហារ​នេះ​ផងដែរ​។
​លោក សុខ អាន បាន​ឲ្យ​ភាគី​ថៃ​ដឹង​ទៀតថា សម្រាប់​ការបង្កើត​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ​(ICC) សំរាប់​ប្រាសាទព្រះវិហារ​នេះ​ផងដែរ ក៏បាន​តម្រូវ​ឲ្យ​មាន​សមាជិក​អង្គការ​បេតិកភណ្ឌ​ពិភពលោក​ចំនួន ៧ ចូលរួម​នៅក្នុង​គណៈកម្មាធិការ​នេះ​ផងដែរ ដែល​ក្នុងនោះ កម្ពុជា​ក៏បាន​អញ្ជើញ​ប្រទេស​ថៃ ឲ្យ​ចូលរួម​ជា​សមាជិក​ផងដែរ​។​
​    ​
​នៅក្នុង​ពិធី​នោះ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បានធ្វើការ​បញ្ជាក់​យ៉ាងច្បាស់​លាស់ ទៅកាន់​ភាគី​ថៃ​ថា ការបង្កើត​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ​(ICC)​សំរាប់​ប្រាសាទព្រះវិហារ នេះ​គឺ​គោរព​ទៅតាម​គោលការណ៍​ច្បាប់​អន្តរជាតិ និង​គោរព​ទៅ​ទាម​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ (ICJ) ឆ្នាំ​១៩៦២ និង ការបកស្រាយ​សាលក្រម​របស់​តុលាការ​យុ​ត្តិ​ធ៍​ម​អន្តរជាតិ​ទីក្រុង​ឡាអេ (ICJ) ២០១៣ នោះទេ ។ គឺ​វា​មិន បាន​ប៉ះពាល់​ទៅដល់​បញ្ហា​ព្រំដែន​របស់​ថៃ ឬ​បង្ក​ឲ្យ​មាន​បញ្ហា​ជាមួយ​ប្រទេស​ថៃ​នោះទេ ដូចនេះ​សូម​ឲ្យ​ថៃ កុំ​មានការ​ព្រួយបារម្ភ​ឲ្យ​សោះ​។​
​    ​    ​    ​
​រាជរដ្ឋាភិបាល​កម្ពុជា សហការ​ជាមួយ​អង្គការ​យូណេស្កូ មាន​គ្រោង​នឹង​បង្កើតឱ្យមាន​(ICC) ព្រះវិហារ ដើម្បី​ការពារ​ជួសជុល​អភិរក្ស​ប្រាសាទព្រះវិហារ ដែល​បាន​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ខែកក្កដា ឆ្នាំ​២០០៨ និង​ការអភិវឌ្ឍន៍​ទេសចរណ៍វប្បធម៌ ឱ្យបាន​ទទួលផល​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា ក៏ដូចជា​សហគមន៍​មូលដ្ឋាន​ក្នុង​តំបន់​ប្រាសាទព្រះវិហារ​នេះ​។​
​គួររំលឹកថា តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទីក្រុង​ឡាអេ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ បាន​បើកសវនាការ​ជា​សាធារណៈ ដើម្បី​ប្រកាស​សេចក្តីសម្រេច​លើ​បណ្តឹង​របស់​កម្ពុជា ដែល​សុំ​ឲ្យ​បកស្រាយ​ឡើងវិញ​នូវ​សាលក្រម​ឆ្នាំ​១៩៦២ ស្តីពី​ជម្លោះ​នៅ​តំបន់​ព្រះវិហារ​។
​តុលាការ​យុត្តិធម៌​អន្តរជាតិ បានសម្រេច​ជា​ឯកច​ន្ឆ​ន្ទ​ទៅលើ​ពីរ​ចំណុច​៖ ទីមួយ តុលាការ​យល់ឃើញថា​ក​ម្ពុ​ជា និង​ថៃ ពិតជា​មានការ​យល់ឃើញ​ខុសគ្នា​ទៅលើ​អត្ថន័យ និង​វិសាលភាព​នៃ​សាលា​ក្រម​ឆ្នាំ​១៩៦២ ពិតមែន​ដូច្នេះ​តុលាការ​សម្រេច​ថា ខ្លួន​មាន​សមត្ថកិច្ច​ដើម្បី​បកស្រាយ​សាលក្រម​នេះ ទៅតាម​បណ្តឹង​របស់​កម្ពុជា​។ ទី​ពីរ​.​តុលាការ​បាន​បកស្រាយ​ថា​សាលក្រម​ឆ្នាំ​១៩៦២ តុលាការ​សម្រេច​ថា កម្ពុជា​ត្រូវមាន​អធិបតេយ្យភាព​ទៅលើ​ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​ហើយ​តំបន់​ជុំវិញ​ប្រាសាទ ព្រះវិហារ​នេះ ត្រូវបាន​លាតសន្ធឹង​ទៅ​ខាងជើង​រហូតដល់​ខ្សែបន្ទាត់​ព្រំដែន ដែលមាន​នៅលើ​ផែនទី​ឧបសម្ព័ន្ធ​ទី​១ ហើយ​ទៅខាង​ជើង​ឈៀង​ខាងលិច ទៅដល់​ជើងភ្នំ​ទ្រព្យ​៕ ប្រភព ៖ CEN