ក្រសួង​សេដ្ឋកិច្ច នឹង​ពិនិត្យមើល​ខុន​ដូរ​បស់​កូន​តំណាងរាស្ត្រ​ជប៉ុន បន្ទាប់ពី​មានរឿង​អាស្រូវ

10/16/2014 0 Comments A+ a-

ភ្នំពេញ: មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា ក្រសួង​នឹងធ្វើ​ការស្រាវជ្រាវ​ពិនិត្យមើល​ឡើងវិញ ចំពោះ​ការសាងសង់​ខុន​ដូ​នៅ​កម្ពុជា ដោយ​ក្នុងនោះ មាន​ខុន​ដូ​ដែលជា​កម្មសិទ្ធិ​របស់​ជ​ន​បរទេស​មួយចំនួន​ផងដែរ ដើម្បី​ឲ្យ​ម្ចាស់​ទៅ​ចុះបញ្ជី​នៅ​ក្រសួង ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ ដោយសារតែ​កន្លងមក មាន​ខុន​ដូ​មួយចំនួន មិនទាន់បាន​ទៅ​ចុះបញ្ជី​នៅឡើយ​ទេ​។​
​    ​
​ការបញ្ជាក់​បែបនេះ គឺ​បន្ទាប់​ក្រុម​មេធាវី​ជប៉ុន និង​អ្នកជំនាញ​ជប៉ុន បានធ្វើ​សន្និសីទកាសែត កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា នៅ​សណ្ឋាគារ កាំបូឌី​យ៉ា ស្តីពី “​កិច្ចប្រជុំ ដែល​មិនត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការលួចបន្លំ នៅក្នុង​ប្រទេស​កម្ពុជា​” ចំពោះ​ប្រជាពលរដ្ឋ​ជប៉ុន ដែល​នៅ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​ខុសច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ​។​
​    ​
​សន្និសីទកាសែត​នោះ មានការ​ចូលរួម​ពី​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។​
​    ​
​លោក ថា​នី ស៊ូ​ន​យី (Sunnji TANI) ប្រធាន​ក្រុម​មេធាវី​ជប៉ុន បាន​ថ្លែងថា ស​និ្ន​សីទ​កាសែត​នេះ ធ្វើឡើង ដើម្បី​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ជប៉ុន នៅ​ប្រទេស​កម្ពុជា កុំ​ធ្វើ​អ្វីដែល​ខុសច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​លោក​បានដឹងថា បច្ចុប្បន្ននេះ មានការ​វិនិយោគ​ដ៏​គ្រោះថ្នាក់​មួយ ដោយមាន​ប្រជាជន​មិនល្អ​មួយចំនួន បាន​បន្លំ​ភ្នែក​ប្រជាពលរដ្ឋ​ជប៉ុន​ដូចគ្នា កាន់តែ​កើនឡើងៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ទឹកប្រាក់ នៃ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា មាន​ចំនួន​ទាប​បំផុត ដែល​បញ្ហា​នេះ គឺជា​រឿង​អកុសល សំរាប់​ប្រទេស​ទាំងពីរ គឺ​កម្ពុជា​-​ជប៉ុន​។​
​លោក​បន្តថា “​ឥឡូវនេះ មាន​បញ្ហា​ជាច្រើន គឺ​ការប្រតិបត្តិ​ខុស ដោយ​ប្រើ​អចលនទ្រព្យ ដោយ​ការលួចបន្លំ ដែល​ក្នុងនោះ​មានឈ្មោះ ខុន​ណូ ម៉ាសា​ហ៊ី​កូ  ដែលជា​តំណាង​ឲ្យ​ក្រុមហ៊ុន​ចំនួន​២ ហើយ​ឈ្មោះ​នោះ គឺជា​កូនប្រុស​របស់​តំណាងរាស្ត្រ​នៅ​ប្រទេស​ជប៉ុន​។ ដោយបាន​ប្រព្រឹត្ត​ខុស​លើ​បញ្ហា​អចលនទ្រព្យ ដោយ​មិនមាន​អាជ្ញាប័ណ្ណ នៃ​ជំនួញ​អចលនទ្រព្យ​ទេ ហើយ​បាន​និយាយថា មាន​អាជ្ញាប័ណ្ណ​អចលនទ្រព្យ​ទៅលើ​អ្នកវិនិយោគ​ជប៉ុន ហើយ​បាន​លក់​អចលនទ្រព្យ​កម្ពុជា ទៅ​ឲ្យ​ជនជាតិ​ជប៉ុន​ទៀតផង​។ ជន​នោះ បាន​លក់​អចលនទ្រព្យ​ជាច្រើន ដែលជា​ខុន​ដូរ​នៅ​ប្រទេស​កម្ពុជា មាននៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ហើយ​តាម​ពាក្យបណ្តឹង ដែល​ទទួលបាន​ក្នុង​ម្នាក់ៗ ចាញ់បោក​ប្រមាណ ១៤ ម៉ឺន​ដុល្លារ​”​។​
​លោក ថា​នី ស៊ូ​ន​យី បាន​អះអាងថា “​ឈ្មួញ​វិនិយោគ​មិន​ត្រឹមត្រូវ​ខាងលើនេះ គឺ​គ្រាន់តែ ជា​ឧទាហរណ៍​ប៉ុណ្ណោះ ហើយ​នៅមាន​អ្នកវិនិយោគ​មិន​សុចរិត​ផ្សេងទៀត ដែល​លោក​សូម​អំពាវនាវ​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំងអស់នេះ​”​។​
​ចំណែក​លោក ខុន​ណូ ម៉ាសា​ហ៊ី​កូ  មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ពាក់ព័ន្ធ​ការលើកឡើង​របស់​ក្រុម​មេធាវី និង​អ្នកជំនាញ​ជប៉ុន​ខាងលើ​នេះ​។​
​រីឯ​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បានផ្តល់​សំភាសន៍​ដល់​ក្រុមអ្នកកាសែត បន្ទាប់ពី​សន្និសីទកាសែត​ថា ចំពោះ​ករណីនេះ ខាង​ក្រសួង នឹង​ស្រាវជ្រាវ​រឿង​នឹង​ឡើងវិញ ដើម្បី​ឲ្យ​បានច្បាស់លាស់ ហើយ​លោក​នឹង​ជូន​ព័ត៌មាន​នៅពេល​ក្រោយ​។ លក្ខខណ្ឌ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តម្រូវ​នៅពេល​ដែលមាន​លិខិតអនុញ្ញាត​សាងសង់​ពី​ក្រសួង​ដែនដី ហើយ​ត្រូវសុំ​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​លំនៅដ្ឋាន​ពី​ក្រសួង​ហិរញ្ញវត្ថុ ទើប​គាត់​មាន​សិទ្ធិ​ប្រកា​សលក់​។ ប៉ុន្តែ​មាន​ក្រុមហ៊ុន​មួយចំនួន ទទួលបាន​លិខិត​អនុញ្ញាតិ​សាងសង់​ហើយ ប៉ុន្តែ​មិនទាន់​មកសុំ​ខាង​ក្រសួង​ទេ ហើយ​រយៈពេល​ក្រោយ ទើប​គាត់​មកសុំ​៕ ប្រភព ៖ CEN
20141015_143817
20141015_175124-1