ពលរដ្ឋ​នៅ​ប៉ៃលិន​បារម្ភ​ពី​សកម្មភាព​មេ​ខ្យល់​សម្រុក​នាំ​មនុស្ស​ទៅ​កាប់​ឈើ​គ្រញូង​នៅ​ថៃ

10/16/2014 0 Comments A+ a-

អ្នក​ភូមិ​នៅ​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន សម្ដែង​ក្ដី​បារម្ភ​ចំពោះ​សកម្មភាព​មេ​ខ្យល់​សម្រុក​នាំ​មនុស្ស​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ ហើយ​យក​មក​លក់​ឲ្យ​ឈ្មួញ​ក្នុង​ប្រទេស​កម្ពុជា ខុស​ច្បាប់ ដោយ​ពុំ​មាន​សមត្ថកិច្ច​ទប់ស្កាត់​ទេ។ ប៉ុន្តែ ប៉ូលិស​ក្រុង​ប៉ៃលិន បញ្ជាក់​ថា ពុំ​ទាន់​ទទួល​ព័ត៌មាន​អំពី​បញ្ហា​នេះ​នៅ​ឡើយ។
ប្រជាពលរដ្ឋ​នៅ​តំបន់​ប៉ៃលិន អះអាង​ថា ការ​ប្រថុយប្រថាន​ទៅ​រក​ស៊ី​ឆ្លង​ដែន​នេះ ក្រុម​មេ​ខ្យល់​ច្រើន​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ដោយ​នាំ​មនុស្ស​ព្រម​ទាំង​មាន​ឧបករណ៍​កាប់​ឈើ​ផង ចេញ​ដំណើរ​ក្នុង​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ពី ១០ ទៅ ២០​នាក់ ស្ទើរ​ជា​រៀង​រាល់​សប្ដាហ៍។
image
កំណាត់​ឈើ​គ្រញូង​ដែល​អ្នក​ភូមិ​អះអាង​ថា មេ​ខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​ទៅ​កាប់​នៅ​ប្រទេស​ថៃ ត្រូវ​គេ​យក​ទៅ​រក្សា​ទុក​នៅ​ផ្ទះ​របស់​មេ​ខ្យល់ នា​ភូមិ​អូរពឺត សង្កាត់​ទួលល្វា ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។ រូបថត​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៤
អ្នក​ភូមិ​នៅ​សង្កាត់​ទួលល្វា ក្រុង​ប៉ៃលិន ម្នាក់​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​ទី​១៤ តុលា ថា ប្រភព​មេ​ខ្យល់​ដែល​នាំ​មនុស្ស​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ ស្ថិត​នៅ​ម្ដុំ​ចុង​ភូមិ​អូរពឺត សង្កាត់​ទួលល្វា ធ្វើ​សកម្មភាព​ប្រមាណ​មួយ​ឆ្នាំ​មក​ហើយ។ អ្នក​ភូមិ​រូប​នេះ​បន្ត​ថា ក្រុម​អ្នក​ដែល​ធ្វើ​ដំណើរ​ផ្សង​ព្រេង​តាម​រយៈ​មេ​ខ្យល់​នោះ ភាគ​ច្រើន​ជា​មនុស្ស​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ មក​រក​ស៊ី​នៅ​ខេត្ត​ប៉ៃលិន ហើយ​ពួក​គេ​ទាំង​នោះ​នៅ​ពេល​ដែល​ចេញ​ដំណើរ ប្រើប្រាស់​ថ្នាំ​ញៀន​បង្កើន​កម្លាំង ប្រឈម​នឹង​គ្រោះថ្នាក់​ណាស់។ អ្នក​ភូមិ​ឲ្យ​ដឹង​ទៀត​ថា ពួក​គេ​ចំណាយ​ពេល​ទៅ​កាប់​ឈើ​ក្នុង​មួយ​លើក​ប្រមាណ ៥​ថ្ងៃ ទើប​ត្រឡប់​យក​ឈើ​មក​លក់​ឲ្យ​ឈ្មួញ​នៅ​ឯ​កម្ពុជា វិញ ហើយ​ធ្វើ​សកម្មភាព​ជាច្រើន​ខែ​មក​ហើយ ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នៅ​ឡើយ​ទេ៖ «ចូល​ទៅ​ម៉ា​យប់​អី​២​អ៊ីចឹង ចូល​ទៅ​ទឹក​ដី​ថៃ ដើរ​ប្រហែល ២​យប់​អី​បាន​ដល់​ទៅ​កន្លែង​ធ្វើ​ណាស់ ធ្វើ​ហ្នឹង​នៅ​ជិត​អា​ដែង​ប្រជាជន​ថៃ ដូច​ថា​មាន​ដើម​ធូរេន​ដើម​អី។ ឮ​គេ​ថា​ម៉ាស៊ីន​ហ្នឹង​អត់​មាន​ឲ្យ​ឮ​សំឡេង​អារ អា​ហ្នឹង​ស្ពាយ​តាម​ខ្នង​មក​ទេ។ ពេល​ណា​គេ​ចុះ​មក​អ៊ីចឹង​ទៅ គេ​ដេក​ម៉ា​យប់​ពីរ​យប់​ទៅ បាន​លុយ​បាន​កាក់​អ៊ីចឹង គេ​ចេញ​ទៅ​វិញ​ទៅ»។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ អធិការ​ក្រុង​ប៉ៃលិន លោក លឹម វាសនា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​មេ​ខ្យល់​នាំ​មនុស្ស​ទៅ​កាប់​ឈើ​គ្រញូង​នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់​នោះ​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​នេះ លោក​ថា​នឹង​ចាត់​វិធានការ​តាម​ដាន​លើ​ការងារ​នេះ៖ «បាន​ឮ​ពី​បង​ហ្នឹង ខ្ញុំ​អត់​ដែល​ឮ​សោះ មិន​ដែល​មាន​សោះ។ ខ្ញុំ​បើ​ដឹង​មាន​ខ្ញុំ​ចាប់​អស់​បង តែ​វា​អត់​ឃើញ។ ចាំ​មើល​ខ្ញុំ​ឲ្យ​កម្លាំង​ខ្ញុំ​ទៅ​មើល​បង»។
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា មាន​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ទៅ​កាប់​ឈើ​តាម​រយៈ​មេ​ខ្យល់​ដោយ​ខុស​ច្បាប់ ដែល​បញ្ហា​នេះ​ដោយសារ​ពួក​គាត់​មាន​ជីវភាព​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច មិន​អាច​ដោះស្រាយ​បន្ទុក​គ្រួសារ​ប្រចាំ​ថ្ងៃ​បាន និង​បញ្ហា​មួយ​ទៀត កើត​ឡើង​ដោយសារ​ការ​អូស​ទាញ​របស់​មេ​ខ្យល់​តែ​ម្ដង៖ «ប៉ុន្តែ​វា​គួបផ្សំ​ជាមួយ​ហ្នឹង​អឺ! ការ​ជួញ​ដូរ​មនុស្ស​នេះ វា​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ធំ​និយាយ​រួម​ជា​រឿយៗ​ពាក់ព័ន្ធ​មន្ត្រី​ធំៗ​ដែល​យើង​ឃើញ ហើយ​ការ​ចាប់​មេ​ខ្យល់​អី​ហ្នឹង គឺ​ថា​បាន​តែ​ខ្ញុំ​ច្រើន​តែ​ប្រើ​ពាក្យ​ថា​ត្រី​តូចៗ មេ​ខ្យល់​តូច។ ដោយ​ឡែក​មេ​ខ្យល់​ធំៗ​ហ្នឹង គឺ​អត់​សូវ​បាន​ចាប់​បាន​ទេ។ អ៊ីចឹង​ថា​ការ​អនុវត្ត​នៅ​ក្នុង​យើង​វា​ធូរ​រលុង ដោយសារ​គេ​ខ្លាច​មន្ត្រី​ដែល​មាន​គ្នា​មាន​ខ្នង​អស់​ហ្នឹង​បាទ»។
លោក​បន្ថែម​ថា ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ តាម​រយៈ​មេ​ខ្យល់​ទាំង​ការ​ទៅ​កាប់​ឈើ និង​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ ជា​ការ​ប្រថុយប្រថាន​មួយ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ណាស់។
អ្នក​ភូមិ​ឲ្យ​ដឹង​ថា ឈើ​គ្រញូង​ដែល​កាប់​បាន​យ៉ាង​ហោច​ណាស់​ក្នុង​មួយ​លើក​ប្រមាណ​ពី ៣០០ ទៅ ៤០០​គីឡូក្រាម​ដែរ ហើយ​ឈើ​ទាំង​នោះ​ត្រូវ​គេ​យក​ទៅ​រក្សា​ទុក​នៅ​ផ្ទះ​របស់​មេ​ខ្យល់​ឈ្មោះ ចាន់នី នៅ​ខាង​ចុង​ភូមិ​អូរពឺត សង្កាត់​ទួលល្វា ដើម្បី​រង់ចាំ​ឈ្មួញ​មក​ទទួល​ទិញ​បន្ត៕ ប្រភព ៖ RFA