ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈយោធាអាមេរិករងការវាយប្រហារពី Hacker ចិន
ក្រុមហ៊ុនម៉ៅការផ្គត់ផ្គត់សម្ភារៈយោធាធំៗរបស់អាមេរិកត្រូវបានក្រុម Hacker ចិនវាយប្រហារចំនួនជាង២០ដងតែក្នុងរយៈពេលមួយឆ្នាំប៉ុណ្ណោះ។
ព្រឹទ្ធសភាអាមេរិកបានប្រកាសថាក្នុងរយៈតែមួយឆ្នាំប៉ុណ្ណោះក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈអាមេរិកជាច្រើនបានរងការវាយប្រហារពីសំណាក់ក្រុមHacker ដែលអាមេរិកបញ្ជាក់ថា ធ្វើការឲ្យរដ្ឋាភិបាលចិន។ ការវាយប្រហារទាំងនោះមានដូចជាការវាយប្រហារកុំព្យូទ័រគ្រប់គ្រងទិន្នន័យលើកប៉ាល់ និងយន្តហោះដឹកសម្ភារៈសម្រាប់កងទ័ព។
ការស៊ើបអង្កេតរបស់រដ្ឋាភិបាលអាមេរិកចំពោះការវាយប្រហារពីសំណាក់ពួក Hacker នេះបានបញ្ចប់តាំងពីខែមិនាមកម្ល៉េះ តែទើបតែបានប្រកាសពីមុខសញ្ញា និងអត្តសញ្ញាណពួក Hacker (ថាជាស្នាដៃរបស់រដ្ឋាភិបាលចិន) ជាសាធារណៈក្នុងពេលថ្មីៗនេះប៉ុណ្ណោះ។
ក្នុងរយៈពេល១២ខែ ពីឆ្នាំ ២០១២ មក រដ្ឋាភិបាលអាមេរិកបានរកឃើញភស្តុតាងចំនួន៥០នៃការវាយប្រហារទៅលើក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈយោធា ហើយក្នុងនោះមានការវាយប្រហារធំៗគួរឲ្យកត់សម្គាល់ចំនួន២០ដែលមានទិសដៅចំៗទៅរករដ្ឋាភិបាលប្រទេសមហាអំណាចសព្វាវុធមួយនេះ។
សមាជិកព្រឹទ្ធសភាអាមេរិកមួយរូបឈ្មោះ Carl Levinបានឲ្យដឹងថាក្រុមHacker បានវាយលុកទៅលើបណ្ដាញការពារពិសេសរបស់ក្រុមហ៊ុនទាំងនោះ ដែលនោះអាចជាស្នាដៃរបស់ Hacker ជំនាញរបស់ចិន។
ទោះជាយ៉ាងណា រដ្ឋាភិបាលចិនជំទាស់ដាច់ខាតទៅលើការចោទប្រកាន់ដោយគ្មានភស្តុតាងច្បាស់លាស់ពីសំណាក់រដ្ឋាភិបាលអាមេរិក។
កាលពីខែឧសភាកន្លងទៅអាមេរិកក៏ធ្លាប់បានចោទប្រកាន់យោធាចិនចំនួន ៥នាក់ថាបានវាយប្រហារប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុន និងមន្ទីរពេទ្យធំៗនៅអាមេរិក តែរដ្ឋាភិបាលចិនក៏ជំទាស់ចំពោះការចោទប្រកាន់នេះដូចគ្នា៕
