កម្មករ​រោងចក្រ CWKH ប៉ះគ្នា​មួយ​ប្រាវ ជាមួយ​សមត្ថកិច្ច តែ​មិនមាន​អ្នករបួស​នោះទេ​

10/02/2014 0 Comments A+ a-

02-worker-cen-02102014ភ្នំពេញ: កម្មករ​រោងចក្រ CWKH ប្រមាណ​ជាង ៣០០ នាក់ បាន​មកឈរ​រារាំង នៅខាងមុខ​រោងចក្រ ដោយ​មិន​ឲ្យ​កម្មករ​ផ្សេងទៀត ចូលធ្វើការ ដើម្បី​បង្ខំ​ឲ្យ​ភាគី​រោងចក្រ រក​ដំណោះស្រាយ​ជូន​តំណាង​ពួកគេ​ទាំង ១៥ នាក់ ដែល​រោងចក្រ បាន​បញ្ឈប់​ពី​ការងារ​នោះ ឲ្យ​ចូលធ្វើការ​វិញ​។​
​ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៤ ហើយ​រោងចក្រ​នេះ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
​ក្រោយពី​មាន​ករណីនេះ កើតឡើង​ភ្លាម គេ​បានឃើញ​កម្លាំងចម្រុះ​ចុះទៅ​អន្តរាគមន៍​។ ក្រោយមក ក៏​កើត​មានការ​ប្រទាញ​ប្រ​ទុង​គ្នា រហូតដល់​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ ជាមួយ​សមត្ថកិច្ច​ផងដែរ​។
​ប៉ុន្តែ​ហេតុការណ៍​នោះ មិន​បង្ក​ឲ្យ​មាន​របួសស្នាម​អ្វី​នោះទេ ទើប​ក្រុមកម្មករ ព្រម​បើក​ឲ្យ​កម្មករ​ដទៃទៀត ចូលធ្វើការ​តាម​ធម្មតា​បាន​។
​បើតាម​កម្មការិនី ឈ្មោះ ស្រី​ភណ្ឌ បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ក្រុមកម្មករ​នាំគ្នា​មកឈរ​រារាំង​កម្មករ​ដូចគ្នា មិន​ឲ្យ​ចូលធ្វើការ​នេះ ដើម្បី​បង្ខំ​ឲ្យ​ខាង​ភាគី​រោងចក្រ ព្រម​ទទួលយក​តំណាង​របស់​ពួកគេ ចំនួន ១៥ នាក់ ដែល​រោងចក្រ បាន​បញ្ឈប់ កាលពីពេល​ថ្មីៗ​នេះ ឲ្យ​បាន​ចូលធ្វើ​ការងារ​វិញ​៕ H/N

ប្រភពពី CEN