មន្រ្តីបក្សប្រឆាំងថាទូរទស្សន៍ CNRP នឹងផ្សាយព័ត៌មានខុសប្លែកពីទូរទស្សន៍ដទៃ
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា មកដល់ពេលនេះ គណបក្សសង្រ្គោះជាតិ បានសហការជាមួយក្រុមហ៊ុនឯកជនមួយ ដោយដាក់ពាក្យទៅក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងចុះបញ្ជីក្រុមហ៊ុន។ លោកបន្តថាទូរទស្សន៍មួយនេះនឹងត្រូវដាក់ឈ្មោះថាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់កម្ពុជា (Cambodian Independent Media) ដែលនឹងមានវិជ្ជាជីវៈ ក្រមសីលធម៌ និងផ្តល់ព័ត៌មានពិតប្រាកដ និងមានប្រយោជន៍ដល់ប្រជាពលរដ្ឋ ដូចជាការលើកតម្កើងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើម។លោកបន្តថា ទូរទស្សន៍មួយនេះនឹងមិនធ្វើដូចទូរទស្សន៍ក្នុងស្រុកភាគច្រើនដែលជាទូរទស្សន៍របស់គណបក្សប្រជាជនកម្ពុជា។ លោកមានប្រសាសន៍ថាទូរទស្សន៍មួយនេះនឹងមិននិយាយពីគណបក្សសង្រ្គោះជាតិច្រើននោះទេ ហើយនឹងមានកម្មវិធីកំសាន្តច្រើន។
លោក យឹម សុវណ្ណ ឲ្យដឹងទៀតថាបន្ទាប់ពីការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម គណបក្សសង្រ្គោះជាតិ នឹងដាក់លិខិតទៅលោកនាយករដ្ឋមន្រ្តីផ្ទាល់ ដើម្បីសុំអាជ្ញាប័ណ្ណក្នុងការបើកទូរទស្សន៍ ក្រោមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រឆាំង និង គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ខែកក្កដា។លោកបន្តថារហូតមកដល់ពេលនេះ គណបក្សមិនទាន់បានរៀបចំជាធនធានមនុស្សនៅឡើយទេ ដោយទុកឲ្យក្រុមហ៊ុនឯកជនជាអ្នកចាត់ចែង។
កន្លងទៅ លោកនាយករដ្ឋមន្ត្រីបានថ្លែងថាលោកយល់ព្រមឲ្យគណបក្សសង្គ្រោះជាតិមានទូរទស្សន៍ តែត្រូវសុំអាជ្ញាប័ណ្ណតាមរយៈក្រុមហ៊ុនឯកជន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការដែលលោកមិនព្រមផ្តល់អាជ្ញាប័ណ្ណឲ្យគណបក្សសង្គ្រោះជាតិដោយផ្ទាល់នោះ ព្រោះខ្លាចគណបក្សផ្សេងទៀតសុំបង្កើតទូរទស្សន៍ផ្ទាល់ខ្លួនដែរ៕
ប្រភពពី vodhotnews.com
