៤នាក់រងរបួស ក្នុងឧប្បទ្ទវហេតុបាក់ស្រុតអគាររោងចក្រនៅបាទី
លោក ណាំសោភ័ណ្ឌ អធិការរងស្រុកបាទី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅប៉ុន្មាននាទីមុននេះថា ករណីបាក់ស្រុតសាបអគាររោងចក្រខាងលើនេះ មិនបណ្ដាលឲ្យមានកម្មករណាម្នាក់ស្លាប់នោះទេ ប៉ុន្តែបានបង្ករបួសស្រាលដល់កម្មការិនីបួននាក់ ដែលពួកគាត់កំពុងបម្រើការងារនៅកន្លែងធ្វើការនោះ។
លោកថ្លែងថា៖ «យើងបានពិនិត្យច្បាស់លាស់អស់ហើយគឺមានតែកម្មការិនីបួននាក់ប៉ុណ្ណោះដែលរងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។ ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះព្យាបាលរួចរាល់ហើយ»។
លោកបានបន្តថា រោងចក្រនេះមានកម្មករសរុបចំនួន ២០០០ នាក់ ហើយអគារដែលបានបាក់សាបជាន់ផ្ទាល់ដី ដែលមានចាក់រៀបជាអាងស្តុកទឹកនៅខាងក្រោម សម្រាប់បម្រើការងារបោកគក់សម្លៀកបំពាក់នៅក្នុងរោងចក្រនោះ មានដាក់បំពាក់ម៉ាស៊ីនកាន់ដេរ សម្រាប់បម្រើឲ្យការងារផ្នែកកាត់ដេរ ដែលមានទំហំ ២០ ម៉ែត្រx៤០ ម៉ែត្រ។
លោកបានបន្ថែមថា៖« វាបានបាក់ស្រុតនៅផ្នែកខ្លះនៃជាន់នេះ ខណៈកម្មករកំពុងបម្រើការងារតែម្ដង ប៉ុន្តែវាមិនបាក់ធ្លាក់ចូលទៅក្នុងទឹកនោះទេ ព្រោះមានសំណាញ់ជាទម្រពីក្រោមយ៉ាងរឹងមាំ។ ទោះជាបែបណា យើងនៅតែសន្និដ្ឋានក្នុងជំហ៊ានដំបូងនេះថា វាបណ្ដាលមកពីការសាងសង់មិនស្របតាមស្ដង់ដាបច្ចេកទេសឬ ក៏អាចបណ្ដាលមកពីការផ្ទុកលើសចំណុះ»។
ប្រភពពី ភ្នំពេញប៉ុស្តិ៍
