ចាប់ខ្លួន​នៅ​ពេល​អ្នក​តវ៉ា​ហុងកុង​ចាប់យក​ជំរំ​បាតុកម្ម​មកវិញ​

10/18/2014 0 Comments A+ a-

ពួក​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុងបា​ន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​កាលពី​ថ្ងៃ​សៅរ៍ នៅ​ពេល​ពួកគេ​ចូល​កាន់កាប់​ជំរំ​បាតុកម្ម​មួយ​ដែល​ទើបតែ​ត្រូវ​​ប៉ូលិស​បណ្តេញចេញ​កាល​ពី​មួយ​ថ្ងៃ​មុន ដោយ​នាំអោយ​មាន​ការចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​និង​រារាំង​ដល់​កិច្ច​ពិភាក្សា​របស់​រដ្ឋាភិបាល​ជាមួយ​បាតុករ​។​
​ប៉ូលិស​បាន​ដេញ​ពួក​អ្នក​ប្រឆាំង​តវ៉ា​ដែល​ប្រើ​ឆត្រ​ដើម្បី​ការពារ​ខ្លួន​ពី​ការបាញ់​ម្សៅ​ម្ទេស​និង​ការ​វាយ​នឹង​ដំបង នៅ​ផ្លូវ​ធំ​មួយ​ក្នុង​សង្កាត់​ម៉ុង​កុក តែ​ត្រូវបាន​​បង្ខំ​អោយ​ដកថយ​នៅពេល​ថ្ងៃ​ចាប់ផ្តើម​រះ ដែល​ជា​ហេតុ​នាំអោយមាន​ការ​ស្រែង​ហ៊ោ​ពី​ហ្វូង​បាតុករ​។​
​ពួក​សកម្មជន​បាន​រួសរាន់​សង់​ជម្រក​តង់​បណ្តោះអាសន្ន​ឡើងវិញ​នៅ​តំបន់​មួយ​ដែល​ប៉ូលិសទើប​បាន​បើក​អោយមាន​ចរាចរណ៍​ឡើង​វិញ​កាលពី​២៤​ម៉ោង​មុន​​នេះ នៅពេល​មនុស្ស​រាប់ពាន់​នាក់​ទៀត​ធ្វើការ​អង្គុយ​ក្រាញ​នៅ​ជំរំ​មួយ​អស់​ពេល​ជិត​៣​សប្តាហ៍​មក​ហើយ​។​
​ប៉ូលិស​ហុងកុង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា​ខ្លួន​បាន​ចាប់ខ្លួន​មនុស្ស​២៦​នាក់​នៅក្នុង​ការប្រឈមមុខ​ជាមួយ​ហ្វូងមនុស្ស​មួយ​ដែល​បាន​រីក​ធំ​ដល់​ចំនួន​៩.០០០​នាក់​នៅ​ត្រឹម​ម៉ោង​៣​ជិត​ភ្លឺ និង​ប៉ូលិស​១៥​នាក់​បាន​រងរបួស​។​
​វា​ជា​យប់​ទី​៣​ជាប់​គ្នា​ដែល​អំពើ​ហិង្សា​បាន​ផ្ទុះឡើង​ក្រោយ​ពី​ស្ងប់ស្ងាត់​អស់​ពេល​កន្លះ​ខែ ជា​ការវិវត្ត​ន៍​មួយ​ដែល​អាច​បំផ្លាញ​ផែនការ​ពិភាក្សា​រវាង​រដ្ឋា​ភិ​បាល​និង​ក្រុម​បាតុកម្ម​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ​។​
​ចិន​ដែល​ជា​អាណាព្យាបាល​លើ​ហុងកុង បាន​សំរេច​ថា បេក្ខជន​ស្នង​តំណែង​ពី​មេដឹកនាំ​ហុងកុង​បច្ចុប្បន្ន​ត្រូវ​តែ​ឆ្លងកាត់​ការត្រួតពិនិត្យ​សំរេច​ពី​គណៈ​កម្មា​ធិ​ការ​មួយ​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង សំរាប់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៧ តែ​ពួក​បាតុករ​ហុងកុង​បាន​ច្រានចោល​ដោយ​ចាត់ទុក​វា​ជា​លទ្ធិ​ប្រ​​ជា​ធិបតេយ្យ​ក្លែងក្លាយ​៕ ប្រភព ៖ CEN